(ពិភពលោក)៖ G7 ជាអង្គការលំដាប់អន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងគោលដៅប្រមូលផ្តុំបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក ដែលបច្ចុប្បន្នរួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អាឡឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន រួមទាំងសហភាពអឺរ៉ុបផងដែរ។ រុស្ស៊ីត្រូវបានដាក់បញ្ជូលក្នុងឆ្នាំ១៩៩៨ ជាហេតុនាំឱ្យអង្គការនេះត្រូវប្តូរឈ្មោះទៅជា G8 វិញម្តង។ ជាអកុសល្យរុស្ស៊ីត្រូវបានបណ្តេញចេញ មិនឱ្យធ្វើជាសមាជិករបស់ G8 នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ជាការឆ្លើយតបរុស្ស៊ី ដែលបានបំពានដែនដីគ្រីមៀ របស់ប្រទេសអ៊ុយក្រែន ទើបអង្គការនេះប្តូរឈ្មោះថា G7 វិញម្តង។
មានការចោទជាសំណួរថា ហេតុអ្វីបានជាចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ នៅលើពិភពលោក (ផ្អែកលើកម្រិត GDP) បែរជាមិនត្រូវបានដាក់បញ្ចូលជាសមាជិក ក្នុងក្រុម G7 ដូចប្រទេសរុស្ស៊ីទៅវិញ? ខាងក្រោមនេះហេតុផលរួមគ្នាមួយចំនួន ឆ្លើយតបនឹងសំណួរខាងលើនេះ៖
* រំលឹកដល់ប្រវត្តិនៃការករកើតដំបូង អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ដោយមានសមាជិកត្រឹមតែ០៦ប្រទេសប៉ុណ្ណោះ ព្រមទាំងមានឈ្មោះថា G6 ស្របពេលដែលពិភពលោក កំពុងប្រឈមមុខនឹងសង្គ្រាមត្រជាក់។ ក្នុងពេលនោះ ចិនមិនទាន់មានឥទ្ធិពលខ្លាំង ព្រមទាំងមិនសូវធ្វើខ្លួន ឱ្យពាក់ព័ន្ធនឹងកិច្ចការនយោបាយពិភពលោក ច្រើនពេកនោះទេ ដោយរវល់ជាប់ផុងនឹងការងារនយោបាយ ក្នុងប្រទេសទៅវិញ។
* ឥទ្ធិពលរបស់ចិនក្នុងពេលនោះហាក់នៅតូចតាចនៅឡើយ បើប្រៀបធៀបនឹងប្រទេសរុស្ស៊ី ជាហេតុដែលធ្វើឱ្យចិន មិនអាចក្លាយជាសមាជិករបស់ G7។ ផ្ទុយទៅវិញរដ្ឋាភិបាលក្រុងម៉ូស្គូ បែរជាត្រូវបានររាប់បញ្ជូលក្នុងក្រុម G7 មុនប្រទេសចិន ដោយសារក្នុងពេលនោះ រុស្ស៊ីមានឥទ្ធិពលខ្លាំង មានអាវុធនុយក្លេអ៊ែរ និងជាប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យ ដូចបណ្តាប្រទេសជាសមាជិកទាំង០៦ផ្សេងទៀត ខណៈដែលប្រទេសចិន នៅតែជាប្រទេសកុម្មុយនីសនៅឡើយ។
* មិនតែប៉ុណ្ណោះអង្គការនេះ ត្រូវបានបង្កើតឡើងក្នុងបំណងមួយទៀត គឺដើម្បីបង្កើតវេទិការសម្រាប់ប្រមូលផ្តុំ បណ្តាប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម។ តែប្រទេសចិនក្នុងពេលនោះជាប្រទេសក្រីក្រ និងមិនទាន់ក្លាយជាប្រទេសមហាអំណាចឧស្សាហកម្ម ដូចពេលបច្ចុប្បន្ននៅឡើយ។ ប្រទេសនេះទើបតែមានកម្រិតសេដ្ឋកិច្ចស្ទុះឡើង បន្ទាប់ការដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចឆ្នាំ១៩៧៩ប៉ុណ្ណោះ។
* ជាមួយគ្នានេះដែរ ចិនមិនអាចចូលជាសមាជិក G7 បាន មានន័យថា មិនអាចប្រៀបស្មើសូម្បីប្រទេសអ៊ីតាលី។ មូលហេតុដោយសារអ៊ីតាលី និងប្រទេសជាសមាជិក០៦ប្រទេសផ្សេងទៀត បានក្លាយជាប្រទេសអភិវឌ្ឍន៍រួចស្រេចទៅហើយ ស្របពេលដែលចិន ត្រឹមជាប្រទេសនាំមុខគេក្នុងចំណោមប្រទេស កំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ។ នេះហើយជាភាពខុសគ្នា ដែលធ្វើឱ្យចិនស្ថិតនៅដាច់ដោយឡែកពីគេ។
តែការពិតទៅ មិនមែនមានតែចិនទេ ដែលគួរតែបញ្ចូលជាសមាជិក ក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន សូម្បីប្រទេសឥណ្ឌា ឬអូស្ត្រាលី ក៏ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដែរ។
* ដោយហេតុផលនេះហើយ ទើបជម្រុញឱ្យមានការបង្កើតអង្គការ G20 បន្ថែមពីលើ G7 ដែលសុទ្ធប្រមូលផ្តុំនូវបណ្តាប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក ដែលក្នុងនោះរួមមាន អាមេរិក កាណាដា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារាំង អង់គ្លេស អ៊ីតាលី អាឡឺម៉ង់ ឥណ្ឌា រុស្ស៊ី អាហ្វ្រិកខាងត្បូង តួកគី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី អាហ្សង់ទីន ប្រេស៊ីល ម៉ិចស៊ិក និងសហភាពអឺរ៉ុប៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា