(សៀមរាប)៖ យោងតាមតួលេខផ្លូវការ របស់គ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានរបស់រដ្ឋ គ្រប់គ្រងលើការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ចាប់គិតពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរបានទិញប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ មានចំនួន១,០៩២,៣៧៧សន្លឹក កើនឡើង១២.៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
ចំពោះចំណូលដែលប្រមូលបាន ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០១៧នេះ មានចំនួន ៤៥,៩១៣,៦០២ដុល្លារ កើនឡើង៦៤.១៣ភាគរយ។
យោងតាមតួលេខនេះ បញ្ជាក់ថា ភ្ញៀវទេសចរនៅតែសម្រុក មកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើង ខណៈចំណូលក៏ទទួលបានកាន់តែកើនឡើងផងដែរ។
ដោយឡែក បើគិតក្នុងរយៈពេលពេញ១ខែឧសភា ឆ្នាំ២០១៧ ចំណូលនៃការលក់ប័ណ្ណមានចំនួន ៦,៦៦១,០១២ដុល្លារ កើនឡើង៩១.៧៥ភាគរយ ដែលមានចំនួនភ្ញៀវទិញប័ណ្ណ សរុប១៤៧,០១១សន្លឹក កើនឡើង១៧.៤២ភាគរយ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕