(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវមាតាបិតា អាណាព្យាបាល ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវនាំគ្នាចូលរួមទប់ស្កាត់ ចំពោះអំពើទាំងឡាយណាដែលរំលោភបំពាន អំពើហិង្សា ការប្រើប្រាស់ និងការជួញដូរលើកុមារគ្រប់រូបភាព ព្រោះថា កុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវថែរក្សា និងគាំពារ។ យើងទាំងអស់គ្នាដឹងហើយថា កុមារ គឺជាទំពាងស្នងឬស្សី ជាអ្នកបន្តវេណសង្គមជាតិទៅកាន់ថ្ងៃអនាគត ហើយដើម្បីឲ្យទំពាងស្នងបានល្អ យើងត្រូវបណ្តុះបណ្តាល និងអប់រំទូន្មានកុមារឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ។
លោក ប្រជ្ញ ចន្ទ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ១មិថុនាខួបលើក ទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារអន្តរជាតិឆ្នាំ២០១៧ ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន១២៥០នាក់ នៅវិទ្យាល័យសម្តេចម៉ែ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទិវាថ្ងៃនេះមានគោលបំណង ដើម្បីឧទ្ទិសចំពោះកុមារ ដែលទទួលរងមហាទារុណកម្មដ៏សាហាវយង់ឃ្នង ក្នុងអតីតកាលកន្លងមកដោយពួកហ្វាស៊ីសចំពោះប្រជាជន និងប្អូនៗកុមារនៅភូមិ លីឌីស៊ែ ប្រទេសឆេកូវ៉ាគី និងនៅអូរ៉ាឌូ ប្រទេសបារាំង បានធ្វើឲ្យមនុស្សទាំងអស់នឹកឃើញ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយក្នុងប្រវត្តិសាស្រ្ត មនុស្សជាតិ ក៍ដូចការកាប់សម្លាប់ប្រជាជនជាពិសេសកុមារតូចនៅក្នុងរបបប្រជាធិបតេយ្យ ក្នុងគោលបំណងប្រឆាំង និងការជួញដូរកម្លាំងពលកម្ម លើកុមារ ជំរុញលើកស្ទួយកុមារឲ្យពួកគេបានចូលសាលារៀនឲ្យបានគ្រប់ៗគ្នាដែលធ្វើឲ្យកុមារមានសិទ្ធិចូលរួម ក្នុងការបញ្ចេញមតិយោបល់ ដើម្បីឲ្យកុមារទាំងអស់មានសិទ្ធិស្មើគ្នានៅក្នុងសង្គមជាតិទាំងមូលនៅលើសាកលលោកយើងនេះ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា «ការរួមគ្នាទប់ស្កាត់ប្រឆាំងអំពើហិង្សា និងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ វាជាការងារយើងទាំងអស់គ្នាធ្វើ និងរួមគ្នាលុបបំបាត់ឲ្យបាននូវគ្រប់រូបភាពណាដែលប៉ះពាល់ រំលោភបំពានលើកុមារ ហើយតាមរយៈនេះកុមារនឹងទទួលបាននូវ ការគាំពារ និងថែទាំបានល្អត្រឹមត្រូវ»។ ជាមួយគ្នានោះ ការថែទាំ និងការពារកុមារបានល្អ នោះអនាគតរបស់ពួកគាត់នឹងល្អប្រសើរជាមួយនឹងការខិតខំ ប្រឹងប្រែងរៀនសូត្រ និងការអប់រំណែនាំ ពីសំណាក់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយជាដើម។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា «អនាគតប្រទេសជាតិ គឺសង្ឃឹមទៅលើក្មួយៗ នេះហើយដូច្នោះសូមក្មួយៗ កសាងខ្លួនឲ្យបានល្អ និងត្រូវប្រឹងប្រែង រៀនសូត្រឲ្យក្លាយជាសិស្សពូកែ ដើម្បីកសាង និងអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនបន្តទៀត ហើយក្នុងនោះក្មួយៗក៏ត្រូវតែចៀស ឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលវាធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រគល់នូវប័ណ្ណសរសើរដល់សិស្សពូកែ និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅក្នុវវិទ្យាល័យសម្តេចម៉ែផងដែរ៕