(សៀមរាប)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ១៧២១នាក់ បានមកជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ដើម្បីអបអរសាទរពិធីប្រកាសទទួលស្គាល់សមាសភាពគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណៈកម្មាធិការសាខា និងការបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៩៥១នាក់ នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន «អាជ្ញាធរអប្សរា» ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្ស ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក សុខ សង្វារ សមាជិកគណៈកម្មាធិការកណ្តាល ត្រូវបានតែងតាំងជាជាប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន «អាជ្ញាធរអប្សរា» ដែលរួមមានសមាសភាពគណៈអចិន្ត្រៃយ៍ សរុបចំនួន៧រូប និងសមាសភាពគណៈកម្មាធិការចំនួន២១រូប។ ក្នុងនោះដែល គណៈកម្មាធិការបក្ស មូលដ្ឋានអាជ្ញាធរអប្សរា ក៏បានបង្កើតគណៈកម្មាធិការសាខាចំនួន៥ ដើម្បីដោះស្រាយនូវរាល់បញ្ហាសំខាន់ៗ (ការសាងសង់ផ្សេងៗ សុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ) ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ។
នៅក្នុងឱកាសនោះដែរ លោកស្រី ភឿង សកុណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកានិងអង្គពិធីទាំងមូល។ ក្រៅពីនេះ លោកជំទាវបានមានមតិសំណេះសំណាល និងចែករំលែកអំពីផលវិបាកនៃសង្គ្រាមដែលបានបំផ្លាញ អាយុជីវិត ធនធានមនុស្ស ទ្រព្យសម្បត្តិ និងក្តីវិនាសគ្រប់បែបយ៉ាង។ លោកស្រីក៏បានលើកឡើងអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដែលបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍និងរីកចម្រើនលើគ្រប់វិស័យ។
លោកស្រីបានកោតសរសើរ និងជម្រុញឲ្យថ្នាក់ដឹកនាំនិងសមាជិក សមាជិកា គណៈកម្មាធិការបក្សមូលដ្ឋាន «អាជ្ញាធរអប្សរា» ឲ្យបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះប្រជាជនក្នុងតំបន់អង្គរឲ្យកាន់តែជិតស្និត ដូចពាក្យស្លោករបស់គណបក្សដែលបានពោលថា «គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» ។ លោកជំទាវក៏បានសម្តែងនូវការអបអរសាទរចំពោះសមាជិក សមាជិកាថ្មីទាំងអស់ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាជំហានថ្មីមួយសម្រាប់សមាជិក សមាជិកាទាំងអស់គ្នា ដើម្បីបានចូលរួមចំណែក ជាមួយថ្នាក់ដឹកនាំគណបក្ស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើន ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕