(ភ្នំពេញ)៖ ឪពុកម្តាយដែលមានគុណធម៌ និងសីលធម៌ គឺធ្វើឱ្យក្រុមគ្រួសារមានកិត្តិយស និងកូនចៅមានសុភមង្គល រស់នៅសុខដុមរមនាជាមួយគ្នាដែរ។ នៅក្នុងប្រទេសមួយដែលមានមេដឹកនាំប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់ក៏ជាសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងផ្តល់នូវសុខសន្តិភាព របស់រាស្ត្រដែរ។ កម្ពុជាបានឆ្លងកាត់នៃរបបប្រល័យពូជសាសន៍ រាស្ត្រខ្មែរស្លាប់រាប់លាននាក់ ដោយសារតែមានមេដឹកនាំដែល ទទួលការអប់រំខ្ពស់ ប៉ុន្តែខ្វះសីលធម៌ គុណធម៌ ព្រមទាំងបទពិសោធក្នុងការដឹកនាំប្រទេស បាននាំនាវាកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម ប្រជាពលរដ្ឋបានហែលឆ្លងកាត់ឈាម និងទឹកភ្នែក។ ប៉ុន្តែជីវិតរាស្ត្រខ្មែរជាច្រើនលាននាក់ រួមនឹងប្រទេសកម្ពុជាដ៏កំសត់ផង ត្រូវបានរំដោះចេញពីកណ្តាប់ដៃខ្មែរក្រហមសម្លាប់មនុស្ស នៅឆ្នាំ១៩៧៩។
ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីរណ្តៅមរណៈ និងបានស្តារ និងកសាងប្រទេសឡើងវិញចេញពីបាតដៃទទេ ដៃម្ខាងកសាងប្រទេសឡើងវិញ ដៃម្ខាងទៀតទប់ស្កាត់ការវិលត្រឡប់ មកវិញរបស់ក្រុមខ្មែរក្រហម និងសម្ព័ន្ធមិត្រនាំយករបបប្រល័យពូជសាសន៍មកវិញ។ ខណៈរាស្ត្រខ្មែររួមនឹងគណបក្សប្រជាជនកម្ពុជាខំប្រឹងរស់បនរឆាំងនឹងការធ្វើទុកបុកម្នេញផ្នែកសង្គ្រាមឈ្លបរបស់ត្រីភាគី និងសម្ព័ន្ធមិត្រ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រជាជនកម្ពុជា ក្រុមអ្នកប្រកាសខ្លួនឯងថាជាអ្នកសង្គ្រោះជាតិសម័យសន្តិភាព សម្ងំសុខ និងបានព្យាយាមកម្ទេចមាតុភូមិកម្ពុជាតាមគ្រប់រូបភាព។ ពួកគេបានចូលដៃជាមួយខ្មែរក្រហមដើម្បីបំផ្លាញពលរដ្ឋខ្មែរ។ ជាមេដឹកនាំដែលល្មោភស្រីស្រាល្បែងពាលាអាវាសែ និងជេរប្រមាថស្រីកប់ៗមាត់។ តើនេះជាអ្នកស្នេហាជាតិ និងវិរបុរសជាតិនោះ?
ពលរដ្ឋខ្មែរបានរងគ្រោះជាន់លើរងគ្រោះ ហើយមេបក្សប្រឆាំងបច្ចុប្បន្ន កឹម សុខា ត្រូវបានគេស្គាល់ថា ជាចោរលួចអង្កររបស់ប្រជាជនទៀត។ នេះឬជាសីលធម៌ និងគុណធម៌របស់មេដឹកនាំ? នេះមិនមែនទេ ហើយក៏មិនមែនជាអ្នកសង្គ្រោះជាតិទេ គឺអ្នកបំផ្លាញជាតិ ហើយចរិតបំផ្លាញនេះបានបន្តរហូតមកដល់បច្ចុប្បន្ន តាមរយៈការសាបព្រោះនូវវប្បធម៌ហិង្សា ការញុះញង់ បញ្ឆេះកំហឹង និងបង្កើតឱ្យមានការរើសអើងប្រកាន់ពូជសាសន៍។
ដោយឆ្លងកាត់ព្យុះភ្លៀង ការលំបាកវេទនារួមជាមួយប្រជាជន ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានយល់ច្បាស់ពីគ្នាទៅវិញទៅមក និងបានជួយ យកអាសារគ្នាទៅវិញទៅមក។ ទោះបីជាដំណើរការអភិវឌ្ឍប្រទេស ការគ្រប់គ្រង មិនល្អឥតខ្ចោះ ប៉ុន្តែដំណើរនៃការអភិវឌ្ឍ និងការគ្រប់គ្រងប្រទេសបាន បោះជំហានទៅមុខជានិច្ច មិនបានបោះជំហានថយក្រោយឡើយ សន្តិភាពត្រូវបានថែរក្សា ហើយលទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្សការបញ្ចេញមតិជាដើម ត្រូវបានធានា។ បើគ្មានលទ្ធិប្រជាធិបតេយ្យ និងសេរីភាព តើបក្សប្រឆាំង និងអ្នកគាំទ្របក្សនេះមានសិទ្ធិក្នុងការជេរប្រមាថតាមប្រព័ន្ធផ្សព្វផ្សាយ និងហ្វេសប៊ុក ដោយសារីទេ? នៅកម្ពុជាគ្មានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការឡើយ ប៉ុន្តែមានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងត្រូវបាន ជំនុំជម្រះក្តី និងជាប់ពិរុទ្ធពីទង្វើល្មើសច្បាប់របស់ខ្លួន។
ជាការពិតក្នុងការគ្រប់គ្រងអាចមានការខ្វះចន្លោះមួយចំនួន ប៉ុន្តែមិនមែនមានន័យថា អ្វីៗសុទ្ធតែខ្មៅងងឹតនោះឡើយ។ កម្ពុជាបានចាកចេញពីប្រទេសក្រីក្រ ដែលប្រជាជន១០០% ក្រីក្រនៅឆ្នាំ១៩៧៩ ឥឡូវនៅឆ្នាំ២០១៦ អាត្រានៃភាពក្រីក្រមានត្រឹមជាង១១% ប៉ុណ្ណោះ ពីកម្ពុជាដែលគ្មានកំណើនសេដ្ឋកិច្ច ឥឡូវមកជាប្រទេសមាន សេដ្ឋកិច្ចរីកចម្រើន កំណើនរង្វង់ ៧% រៀងរាល់ឆ្នាំ និងបានកើនឡើង២០ឆ្នាំជាប់គ្នា ពីកម្ពុជាដែលទទួលកងកម្លាំងមួកខៀវ ទៅជាបញ្ជូនកម្លាំងថែរក្សាសន្តិភាពចូលរួមក្រោមឆ័ត្រអង្គការសហប្រជាជាតិ បង្កើតការងារ និងនាំវិនិយោគទុនជាច្រើន រួមនឹងស្វាគមន៍ទេសចរណ៍ជាង ៤ លាននាក់នៅឆ្នាំ ២០១៦ កន្លងទៅ។ តើនេះមិនមែនជាការរីកចម្រើនទេឬ? សូមកុំមើលឈើមួយដើម តែត្រូវមើលព្រៃទាំងមូល! បក្សប្រឆាំងដែលមិនបានធ្វើអ្វីសោះ និងគ្រាន់តែនិយាយពិតជាស្រួល និងមិនដែលខុស ប៉ុន្តែអ្នកបម្រើរាស្ត្រពិតប្រាកដដូចជាគណបក្សប្រជាជនកម្ពុជា ពិតជាមានកំហុស ប៉ុន្តែអ្វីៗដើម្បីបុព្វហេតុជាតិ សាសន៍ ព្រះមហាក្សត្រ និងបម្រើផលប្រយោជន៍រាស្ត្រ។
ពលរដ្ឋមួយចំនួនបានលង់នឹងការសន្យាបោកប្រាស់ របស់បក្សប្រឆាំង និងសម្តីផ្អែម លួងលោម ប៉ុន្តែប្រកបដោយពិសពុល និងផលប្រយោជន៍បុគ្គល និងក្រុមគ្រួសារ។ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ប្រជាជនកម្ពុជាបានចំណាយ កម្លាំងបញ្ញា ស្មារតី កម្លាំងចិត្ត និងធនធានដែលខ្លួនមានដើម្បីកសាងជាតិ ដោយលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ក្រុមគ្រួសារដើម្បី ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ជាតិ។ នេះគឺជាគុណធម៌ និងសីលធម៌ពិតរបស់ថ្នាក់ដឹកនាំ ដែលរាស្ត្រចង់បាន។ ហេតុអ្វីបងប្អូនបន្តកាប់បំពង់រង់ចាំទឹកភ្លៀង? យើងរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍ ដែលយើងមានទាំងអស់គ្នា!
ដោយ៖ ចៅចាក់ស្មុក