(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ រួមជាមួយអភិបាលរង និងបេក្ខជនក្រុមប្រឹក្សាសងា្កត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៣ខ្សែ ក្នុងសង្កាត់រលួស និងសង្កាត់ស្ពានថ្មី ហើយចាប់តាំងពីដើមខែឧសភា មកទល់ពេលនេះ ផ្លូវជាង១០ខ្សែ ដែលរដ្ឋបាលខណ្ឌដង្កោបានកសាងជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ។
គម្រោងដែលបើកការដ្ឋានស្ថាបនានាថ្ងៃនេះ រួមមាន៖ ទី១៖ ស្ថាបនាផ្លូវបេតុង ប្រវែង១៤៦ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស (ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៧) ទី២៖ ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង២៦៤ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧) ទី៣៖ ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង២៩៤ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧)
សូមជម្រាបថា គិតចាប់ពីដើមខែឧសភា រហូតមកទល់ថ្ងៃនេះ ផ្លូវជាង១០ខ្សែហើយ ដែលត្រូវបានថ្នាក់ដឹកនាំខណ្ឌដង្កោ បើការដ្ឋានស្ថាបនាដើម្បី ជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយផ្លូវជាង១០ខ្សែនេះ ត្រូវបានចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស។
ជាក់ស្តែងនៅថ្ងៃនេះ សមិទ្ធផលផ្លូវបេតុងថ្មី៣ខ្សែនេះ និងប្រព័ន្ធលូថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ បញ្ជៀសការលិចលង់ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។
លោកអភិបាល បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តាជួយតាមដាន ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាល មកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕