(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីប្តឹងតវ៉ា ហើយត្រូវចាប់ឆ្នោតទទួលយកដី ដើម្បីបញ្ចប់ទំនាស់នាពេលនេះ គប្បីថែរក្សា និងប្រើប្រាស់ដីអាស្រ័យផលនេះ ឲ្យអស់ពីលទ្ធភាព ហាមលក់ដូរ ពីព្រោះដីនេះ ជាកេរ្តិ៍មរតកតកូនតចៅរបស់សម្តេចតេជោ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ការលើកឡើង របស់លោក ម៉ៅ ធនិន ធ្វើឡើងនៅសាលាឃុំព្រងិល ក្នុងពិធីបែងចែក និងចាប់ឆ្នោតទទួលយកដីអាស្រ័យផល (ដីកសិកម្ម) នៅចំណុចវាលខ្នយ ភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ជូនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ ដែលមានទំនាស់ប្តឹងតវ៉ាទាមទារដ៏ រ៉ាំរ៉ៃជាមួយដីក្រុមហ៊ុន ភាពីម៉ិច អភិវឌ្ឍន៍ដំណាំដំឡូងមី។

ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការសុរិយោដីរដ្ឋថ្នាក់ខេត្ត លោក ម៉ៅ ធនិន បានថ្លែងថា ការបែងចែក និងចាប់ឆ្នោតទទួលយកដីកសិកម្មនាពេលនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសុទ្ធសឹងជាអតីតយុទ្ធជន។ លោកបានបន្តថា យើងរស់នៅដោយសុខសាន្ត និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់ពេលនេះ ដោយសារតែយើងជ្រើសរើសថ្នាក់ដឹកនាំត្រឹមត្រូវ ប្រកបដោយព្រហ្មវិហារធម៌ ដូច្នេះត្រូវបន្តថែរក្សាសុខសន្តិភាពនេះ ជារៀងរហូត។

លោកក៏បានបន្តទៀតថា ការរស់នៅមិនអាចឲ្យបងប្អូនរស់នៅត្រង់នេះមួយដុំ ត្រង់នោះមួយដុំបានទេ គឺបងប្អូនត្រូវរស់នៅជាលក្ខណ:ប្រមូលផ្តុំ ងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំជាភូមិករ ជីកស្រះទឹក អណ្តូងទឹក ផ្លូវ មណ្ឌលសុខភាព សាលារៀន ជូនកូនចៅយើងឲ្យបានរស់នៅ និងសិក្សារៀនសូត្រសមរម្យ។

លោកបានរំលឹកថា នៅសល់តែ ៨ថ្ងៃទៀតទេ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាឯកសារដែលមានការពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរៀងៗខ្លួន។

ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយ ដោយអបអរសាទរ និងយល់ព្រមទទួលយកដីក្នុង១គ្រួសារ ១.៥ហិកតា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់អភិបាលខេត្ត ដែលបានចំណាត់ការប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរ និងយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងដូចជាពួកគាត់ជាដើម និងបានចាប់ឆ្នោតយកលេខរៀង ដើម្បីចូលទៅកាន់ក្បាលដីរៀងៗខ្លួន៕