(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃចន្ទនេះ ផ្ដើមបំពេញដំណើទស្សនកិច្ចរយៈពេល០៥ថ្ងៃ ទៅកាន់ទីក្រុងមូស្គូ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់លោក ក្នុងការតម្រែតម្រង់គោលនយោបាយការបរទេសហ្វីលីពីនសារជាថ្មី ដោយមិនចាំបាច់ពឹងផ្អែកតែលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
គ្រាន់តែបានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦ភា្លម លោក ឌូតើតេ បានធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានបើកទ្វារជំហចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងរុស្ស៊ី ហើយបានអះអាងជាច្រើនដងថា លោកមានបំណងចង់ឱ្យហ្វីលីពីន នៅឱ្យឆ្ងាយពីសហរដ្ឋអាមេរិក ដែលចេះតែបង្គាប់ឱ្យទីក្រុងម៉ានីល ធ្វើនេះធ្វើនោះតាមអំពើចិត្ត។
ដោយឡែកថ្លែងនៅក្នុងសុន្ទរកថា មុនពេលចេញដំណើរទៅរុស្ស៊ី នៅថ្ងៃចន្ទនេះ លោកឌូតើតេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ជាការបើកទំព័រសករាជថ្មីមួយនៃទំនាក់ទំនងរវាងរុស្ស៊ី និងហ្វីលីពីន ព្រមទំាងជាឱកាសសម្រាប់លោកកែតម្រូវឡើងវិញគោលនយោបាយការបរទេស និងយុទ្ធសាស្ត្ររបស់ប្រធានាធិបតីហ្វីលីពីនមុនៗ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន បានជួបភាពតានតឹងលើសពេលណាៗទាំងអស់កាលពីឆ្នាំ២០១៦ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រិះគន់យ៉ាងខ្លាំងលើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ឌូតើតេ និងថែមទំាងបានលុបចោល កិច្ចព្រមព្រៀងលក់អាវុធឱ្យប៉ូលិសហ្វីលីពីន ដោយសារតែការព្រួយបារម្ភពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស៕