(ភ្នំពេញ)៖ មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ បើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រ ដែលទើបនឹងជួសជុលថ្មី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ (PPCC)។
បច្ចុប្បន្ន សិស្សានុសិស្សចំនួន៥០០នាក់ នៅមជ្ឈមណ្ឌលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងមានលទ្ធភាព អភិវឌ្ឍជំនាញ IT របស់ខ្លួន នៅក្នុងបន្ទប់ដែល បំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន។ នេះបើតាមការឲ្យដឹងពីលោក រ៉ូអែល សូតូ ដែលអ្នកតំណាងរបស់ដុនបូស្កូប្រចាំប្រទេសកម្ពុជា។
លោក រ៉ូអែល សូតូ បានលើកឡើថា ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយសម្រាប់សិស្សានុសិស្សទាំងអស់គ្នា ខណៈដែល ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល នៅទូទាំងពិភពលោក បន្តផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើង នៅក្នុងប្រទេសកម្ពុជា ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់សម្រាប់សិស្ស ក្នុងការមានជំនាញ IT ដើម្បីអាចធ្វើការងារបាននៅក្នុងពិភពលោកថ្មីនេះ។
លោកបន្តទៀតថា ក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញ សូមអរគុណចំពោះការគាំទ្ររបស់អ្នក គ្រប់គ្នាដែលបានចែករំលែក ចក្ខុវិស័យសម្រាប់ការគាំពារ បង្ហាត់បង្រៀន និងអភិវឌ្ឍយុវជននៅក្នុងប្រទេសកម្ពុជា ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ចំពោះសណ្តានចិត្តសប្បុរសធម៌។
ជាមូយគ្នានោះ លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ បញ្ជាក់ថា ភ្នំពេញស៊ីធីសេនធ័រ មានមោទនភាព ក្នុងការគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូ ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា។ លោកស្រីថា «យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការឧបត្ថម្ភ សិស្សានុសិស្ស២០រូប ឲ្យបន្តការសិក្សា និងឧបត្ថម្ភសម្ភារបរិក្ខារកុំព្យូទ័រ សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាល នៅរាជធានីភ្នំពេញនេះ យើងជឿជាក់ថាយុវជនកម្ពុជាជំនាន់ក្រោយៗ នឹងមានអនាគតល្អប្រសើរ»។
លោកស្រីបានបន្តទៀតថា ភ្នំពេញស៊ីធីសេនធ័រ បន្តអភិវឌ្ឍគម្រោងនៅចំបេះដូងនៃរាជធានីភ្នំពេញ តាមរយៈការផ្តល់គ្រឿងបរិក្ខារកម្សាន្ត និងការរស់នៅ លក្ខណៈទំនើប នៅក្នុងបរិយាកាសមួយដែលមានពណ៌បៃតង និងសុវត្ថិភាព សមស្របតាមបទដ្ឋានកម្ពុជាដើម្បីសម្រេចបាននូវបទពិសោធន៍ និងគុណភាពប្រសើរបំផុត ហើយក៏យល់ពីទិសដៅដែលកម្ពុជាកំពុងឆ្ពោះទៅមុខ និងជំនាញដែលត្រូវការដើម្បីនាំទៅកាន់ទីនោះ។
សូមជម្រាបថា ដុនបូស្កូកម្ពុជា បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩០ និងបានបង្កើតបណ្តាញ របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីជួយដល់យុវជន ដែលងាយរងគ្រោះបំផុតមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនៅរាជធានីភ្នំពេញ ដុនបូស្កូ បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប។
សូមបញ្ជាក់ថា ភ្នំពេញស៊ីធីសេនធ័រ គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយ នៅចំបេះដូងនៃរាជធានីភ្នំពេញ ដោយផ្តល់នូវលំនៅដ្ឋាន ផ្ទះលក់ទំនិញ និងបរិក្ខារកម្សាន្តទំនើបៗ។ ជាមួយនឹងការមានច្រកចូលច្រើនកន្លែងនៅក្នុងតំបន់និងការយកចិត្តទុកដាក់ ចំពោះការផ្តល់បទពិសោធន៍បរិស្ថានបៃតង និងសុវត្ថិភាពនោះ ភ្នំពេញស៊ីធីសេនធ័រ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជា នាពេលអនាគត៕