(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឯកអគ្គរដ្ឋចប់អាណត្តិរបស់បារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងឲ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តភាពចម្រូងចម្រាស់ ដល់កូនខ្មែរជំនាន់ក្រោយបន្តទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលសម្តេចជួបសំណេះសំណាល ការងារជាមួយលោក ស្យង់ ក្លូដ ពាំប៊ឺស (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំង គឺបានពិភាក្សាជាច្រើនពីការពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ, ការពង្រឹង និងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូ។
បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក៏ត្រូវបានលើកយកមកជជែកផងដែរនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង។ នេះបើតាមការបញ្ជាក់ថា របស់ស្រ៊ី ថាមរ៉ុង្គ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតបារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំ និងដោះស្រាយបញ្ហាព្រំដែនជា មួយប្រទេសជិតខាង ឲ្យបានចប់សព្វគ្រប់នៅក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហានេះបន្តបង្កជាបញ្ហាខ្វែងគំនិត និងការបែកបាក់នៅក្នុងសង្គមខ្មែរ ទៅដល់កូនខ្មែរ ជំនាន់ក្រោយបន្តទៅទៀត។ ជាមួយនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណបារាំង ដែលបានចូលរួមដោះស្រាយលើបញ្ហាផែនទី។
សូមបញ្ជាក់ថា កម្ពុជា មានព្រំដែនជាប់ប្រទេសថៃ ឡាវ និងវៀតណាម សរុបជាង២ពាន់គីឡូម៉ែត្រ។ ក្នុងនោះជាប់ប្រទេសថៃ នៅខាងលិច និងពាយ័ព្យ ប្រវែង ៨០០គីឡូម៉ែត្រ ជាប់ប្រទេសឡាវ នៅភាគខាងជើង ប្រវែង៥៤១គីឡូម៉ែត្រ និងជាប់ប្រទេសវៀតណាម ប៉ែកខាងកើត និងអាគ្នេយ៍ប្រវែង ១.២២៨គីឡូម៉ែត្រ។
ព្រំដែនរវាងកម្ពុជា និងវៀតណាម បានក្លាយជារឿងចម្រូងចម្រាស់ដ៏ស្រួចស្រាវមួយ នៅក្នុងសង្គមខ្មែរតាំងពីអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្នផងដែរ។ ដើម្បីបញ្ចប់ការខ្វែងគំនិតក្នុងសង្គមខ្មែរនេះ កាលពីឆ្នាំ២០១៥កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំយកផែនទីពីអង្គការសហប្រជាជាតិ និងប្រទេស បារាំងផងដែរ ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនដីដែលខ្មែរ ប្រើសម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ក្នុងបំណងបញ្ចប់មន្ទិលសង្ស័យ របស់កូនខ្មែរដែលតែងតែលើកឡើងថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីតាមរយៈការបោះបង្គោលព្រំដែននេះ។
នៅពេលថ្មីៗនេះ កម្ពុជា និងវៀតណាម ក៏កំពុងស្នើសុំអ្នកជំនាញការរបស់បារាំង មកជួយដោះស្រាយលើការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម នៅកន្លែងដែលខ្វែងគំនិតគ្នាផងដែរ។ ព្រោះតែបញ្ហាព្រំដែននេះ មានមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនដូចជា លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ក្រោមការចោទប្រកាន់ថា ព្យាយាមញុះញង់ក្នុងរឿងព្រំដែនបង្កភាពចលាចលក្នុងសង្គមខ្មែរ។
បច្ចុប្បន្ននេះ កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែន ជាមួយគ្នាបានជាង ៨៣ភាគរយហើយ ហើយក៏បានឯកភាពថា នឹងប្រឹងប្រែងដោះស្រាយបញ្ហា សេសសល់ឈានទៅបោះបង្គោលព្រំដែន ឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា សម្តេចនឹងប្រឹងប្រែងកសាងតំបន់ព្រំដែនជាមួយប្រទេសជិតខាង ដែលធ្លាប់តែជួបភ្លើង សង្រ្គាមពីអតីតកាលឲ្យទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍបំពេញតាមបំណងរបស់ប្រជាជន៕