(ភ្នំពេញ)៖ បេក្ខជនកម្ពុជាចំនួន១៥នាក់ បានចូលរួមប្រកួតប្រជែងថ្លែងសន្ទរកថា ជាភាសាជប៉ុន ដើម្បីឈ្នះរង្វាន់ធំ គឺសំបុត្រយន្តហោះទៅ​ទស្សនានៅប្រទេសជប៉ុន និងរង្វាន់ដ៏សន្ធឹកសន្ធាប់ទៀត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាថ្ងៃរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ក្រោមការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, CJCC និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។
 
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ ឱកាសឲ្យអ្នកសិក្សាភាសាជប៉ុននៅកម្ពុជា បានបង្ហាញសមត្ថភាពជំនាញភាសាជប៉ុន ក្នុងការសរសេរជាសន្ទរកថាខ្លីៗ ហើយក៏ជាកម្មវិធីមួយ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត។

លោក ឃឹម លាង នាយក CJCC បានឲ្យដឹងថា សម្រាប់សិស្សដែលទទួលបានជ័យលាភី គឺជាមោទនភាពរបស់ប្រទេសកម្ពុជា និងជាគំរូដ៏ប្រសើរសម្រាប់សិស្ស-និស្សិតជំនាន់ក្រោយៗទៀត។

លោកនាយកក៏បានលើកទឹកចិត្តដល់យុវជន និងសិស្ស-និស្សិតកម្ពុជា ឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ទាំងវិជ្ជាជីវៈ មុខជំនាញ និងភាសាបរទេស ពិសេសភាសាជប៉ុន ព្រោះកំណើនវិនិយោគទុនរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឲ្យទីផ្សារការងារកាន់តែមានភាពទំលំទូលាយ។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា តាមការសង្កេតជាក់ស្ដែង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអ្នកបន្តការសិក្សាភាសាជប៉ុន ក៏ដូចជាក្រុមហ៊ុនវិនិយោគជប៉ុនកំពុងមានការកើនឡើងជាលំដាប់។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ដែលមាន CJCC និងដេប៉ាតឺម៉ង់ភាសាជប៉ុន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការសាង់សង់អគារសិក្សាបន្ថែម ការអភិវឌ្ឍកម្មវិធីសិក្សា កម្មវិធីផ្លាស់ប្ដូរនិស្សិត និងកម្មវិធីផ្លាស់ប្ដូរវប្បធម៌ផ្សេងៗជាដើម។

លោកបានជំរុញឲ្យរដ្ឋាភិបាលជប៉ុន រួមជាមួយស្ថានទូតជប៉ុន មូលនិធីជប៉ុន ក៏ដូចជាំទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បន្តជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងអាហារូបករណ៍ដទៃទៀត។

លោក ហូរីណូឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា លោកមានក្ដីសោមនស្សរីករាយណាស់ នៅពេលឃើញកំណើនប្រជាជនកម្ពុជា ដែលចេះភាសាជប៉ុន មានការរីកចម្រើនឆាប់រហ័ស ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-ជប៉ុន មានការប្រែប្រួលគួរកត់សម្គាល់។

លោកឯកអគ្គរាជទូតបន្តថា កំណើនប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត ការសិក្សា ក៏ដូចជាធុរកិច្ចនៅប្រទេសជប៉ុន មានការកើនឡើងជាលំដាប់ ហើយចំនួនក្រុមហ៊ុនវិនិយោគរបស់ជប៉ុន និងវត្តមានប្រជាជនជប៉ុននៅកម្ពុជា ក៏មានការកើនឡើងផងដែរ។

សូមជម្រាបថា ការប្រកួតប្រជែងថ្លែងសន្ទរកថាភាសាជប៉ុន ដែលមានបេក្ខជនចូលរួមទាំង១៥នាក់ នៅថ្ងៃនេះ គឺជម្រុះយកជើងខ្លាំងតែ៣នាក់ ប៉ុណ្ណោះ ហើយអ្នកទទួលបានជ័យលាភីលេខ១ នឹងឈ្នះរង្វាន់សំបុត្រយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ទៅទស្សនានៅជប៉ុន ចំណែកអ្នកទទួលបានលេខ២ និងលេខ៣ នឹងទទួលបានរង្វាន់លើកទឹកចិត្តដ៏សន្ធឹកសន្ធាប់ទៀត៕