(ភ្នំពេញ)៖ នៅក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត, នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចបានប្រកាសតាមរយៈ Facebook របស់សម្តេចថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលបានសង្រ្គោះអាយុជីវិតប្រជាជន និងខិតខំកសាងកម្ពុជា ពីបាតដៃទទេរហូតរីកចម្រើនដូចសព្វថ្ងៃ, សូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រ និងបោះឆ្នោតអោយបក្ស ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «អរគុណ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស! អរគុណបងប្អូន ប្រជាពលរដ្ឋ ដែលគាំទ្រ និងបោះឆ្នោតអោយបក្ស ប្រជាជនកម្ពុជា ព្រោះថាជាបក្សដែល បានសង្រ្គោះអាយុជីវិតប្រជាជន និងជាបក្សដែលបានខិតខំកសាង កម្ពុជាពីបាតដៃទទេរ រហូតដល់រីក ចម្រើនមកទល់ថ្ងៃនេះ គឺឃើញនឹងភ្នែកពិតៗ ដែលបងប្អូនមិនជឿទៅលើបក្សដែលគ្រាន់តែថា… គ្រាន់តែឃោសនា សន្យាខ្យល់... (ព្រោះនរណាក៏អាចថា និងសន្យាបានដែរ)! នេះជាជោគជ័យ របស់យើងទាំងអស់គ្នា ទាំងសម្រាប់ថ្ងៃនេះ និងសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧! គណបក្សប្រជាជនកម្ពុជាឈ្នះ គឺបងប្អូនខ្មែរទូទាំងប្រទេសឈ្នះ និងប្រទេសជាតិកាន់តែរីកចម្រើន ហើយប្រជាជនរស់នៅសុខក្សេមក្សាន្ត»!។
សូមជំរាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានណែនាំឲ្យគ្រប់គណបក្សនយោបាយ ធ្វើសកម្មភាពឃោសនា បោះឆ្នោត ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ នៅអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តទី៤ ដែលបានចាប់ផ្ដើមឡើង ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (រយៈពេល១៤ថ្ងៃ)។
គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។
ចំណែកសកម្មភាពឃោសនាបោះឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវ៖
* ហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល
* ហាមឃាត់នៅក្បែរមន្ទីរពេទ្យ
* ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថាននានា ក្នុងពេលសិក្សា លើកលែងតែនៅក្រៅម៉ោងសិក្សា។