(វ៉ាស៊ីនតោន)៖ ថ្មីៗនេះបទចោទប្រកាន់ទៅលើប្រធានាធិបតី កំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក របស់ពិភពលោកទាំងមូល។ តាមការព្យាករណ៍របស់អ្នកជំនាញមួយចំនួនបានបង្ហាញថា ប្រធានាធិបតីទើបកាន់អំណាចមិនទាន់គ្រប់កន្លះឆ្នាំរូបនេះ ក៏អាចប្រឈមមុខនឹងការទម្លាក់ពីដំណែងផងដែរ ក្នុងករណីដែលរកឃើញថា លោកពិតជាបានប្រព្រឹត្តដូចអ្វីដែលគេធ្លាប់ដាក់ការសង្ស័យ ក្នុងពេលកន្លងមកមែននោះ។
ខាងក្រោមនេះជានីតិវិធីក្នុងការចោទប្រកាន់ និងទម្លាក់ប្រធានាធិបតីអាមេរិកពីដំណែង៖
សំណុំរឿងដែលគេសង្ស័យថាលោក ដូណាល់ ត្រាំ មានទំនាក់ទំនងសំងាត់ជាមួយរដ្ឋាភិបាល រុស្ស៊ី នៅអំឡុងពេលឃោសនាបោះឆ្នោត កំពុងតែរង្គោះរង្គើលជា សម្ពាធយ៉ាងខ្លាំងនៅលើប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋអាជ្ញាពិសេសមួយត្រូវបានបង្កើតឡើងដោយ ក្រសួងយុត្តិធម៌ ដោយប្រកាសតែងតាំងប្រគល់ឲ្យលោក Robert Mueller អតីតនាយក FBI (២០០១-២០១៣) ជាប្រធាន ដើម្បីធ្វើការស៊ើបអង្កេតលើសំណុំរឿងសង្ស័យមាន ទំនាក់ទំនងសំងាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី។
* តើរដ្ឋអាជ្ញាពិសេសមានអំណាច និងឯករាជ្យភាពយ៉ាងណា ហើយត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
វាជាករណីដ៏កម្រណាស់ក្នុងប្រវត្តិនយោបាយយុត្តិធម៌អាមេរិក ដែលមានការតែងតាំងរដ្ឋអាជ្ញាពិសេស យ៉ាងដូច្នេះ ! ព្រោះរដ្ឋអាជ្ញាពិសេសនេះ ត្រូវបានតែងតាំងឡើង តែក្នុងករណីមានភាពសង្ស័យធំ ត្រូវអង្កេតក្នុងស្ថាប័នកាន់អំណាចកំពូលៗរបស់ប្រទេស ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ។ រដ្ឋអាជ្ញាពិសេសនេះ មានអំណាចអង្កេតធំទូលាយខ្លាំងជាងរដ្ឋអាជ្ញាធម្មតា ហើយមានឯករាជ្យភាពណាស់។
* ការជ្រើសតាំងរដ្ឋអាជ្ញាពិសេស
ជាធម្មតារដ្ឋអាជ្ញាពិសេស ត្រូវបានតែងតាំងឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានអំណាច និងសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចជ្រើសរើសឥស្សរជនណាម្នាក់ ឱ្យមកបំពេញភារកិច្ចនេះ មិនថាឥស្សរជននេះ កំពុងបំរើការក្នុងវិស័យឯកជន ឬសាធារណៈទេ។
លោក Robert Mueller ដែលទើបត្រូវបានអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Rosenstein តែងតាំងជារដ្ឋអាជ្ញាពិសេសនេះ ជាសមាជិកការិយាល័យច្បាប់ឯកជនមួយប៉ុណ្ណោះ។ ប៉ុន្តែលោកមានប្រវត្តិរូបល្អ និងជាអតីតនាយក FBI ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ក្រោមរដ្ឋបាលលោក ប៊ូស និងលោកអូបាម៉ា។ ល្បីខាងមានឯករាជ្យភាពខ្លាំង ហើយធន់នឹងសម្ពាធពីក្រៅគ្រប់បែបយ៉ាង។ លោកជាបេក្ខជនដ៏ប្រពៃសម្រាប់តួនាទីជារដ្ឋអាជ្ញាពិសេស ! ទាំងអ្នកប្រជាធិបតេយ្យ ទាំងអ្នកសាធារណរដ្ឋ សុទ្ធតែអបអរការតែងតាំងលោក Mueller ទាំងអស់គ្នា។
* បេសកកម្ម និងអំណាចរបស់រដ្ឋអាជ្ញាពិសេស
បេសកកម្មដែលកំពុងរង់ចាំ លោក Robert Mueller គឺបន្តការស៊ើបអង្កេតរកមើលភាពជាប់ពាក់ព័ន្ធរវាងលោក ដូណាល់ ត្រាំ និងរុស្ស៊ី ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ផង និងអង្កេតមើលថាតើលោក ត្រាំ ពិតជាបានការលូកដៃប្រើអំណាចជាប្រធានាធិបតី ដើម្បីរារាំងដំណើរការអង្កេតប្រឆាំងក្រុមជំនិតខ្លួនឯង ដូចការចោទប្រកាន់មែនដែរ ឬអត់។
ថ្វីបើរដ្ឋអាជ្ញាពិសេសនេះ ស្ថិតក្រោមបង្គាប់របស់ក្រសួងយុត្តិធម៌ និងប្រធានាធិបតីអាមេរិកមែន ប៉ុន្តែលោក មូល័រ គ្មានកាតព្វកិច្ច ចាំបាច់ត្រូវរាយការណ៍ជូនថ្នាក់លើទាំងពីរ ជាប្រចាំរាល់ថ្ងៃឡើយ។ លោក ជាដៃគូជជែកដោយផ្ទាល់របស់លោក Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រោះរដ្ឋមន្ត្រី ត្រូវជាប់បម្រាមមិនឱ្យលូកដៃក្នុងសំណុំរឿងនេះ ដោយទំនងមានជាប់ពាក់ព័ន្ធនឹងរុស្ស៊ីដែរ។
លោក Mueller ត្រូវជូនព័ត៌មានទៅលោក Rosenstein រាល់សកម្មភាពអង្កេតសំខាន់ៗ ដែលលោកត្រូវធ្វើ ហើយលោកអនុរដ្ឋមន្ត្រីមានសិទ្ធិប្រឆាំង និងអាចដកលោកមូល័រវិញ បានគ្រប់ពេលប្រសិនបើមើលឃើញថា រដ្ឋអាជ្ញារូបនេះ មានកំហុស ឬមានទំនាស់ផលប្រយោជន៍ ជាប់ក្នុងសំណុំរឿងអង្កេត។ តែលោក មូល័រ គឺជាអ្នកមានអំណាចចុចគន្លឹះបើកដំណើរការនីតិវិធី ក្នុងក្របខ័ណ្ឌអង្កេត។
បើតាមឧទាហរណ៍កន្លងមក រដ្ឋអាជ្ញាពិសេសមានឯករាជ្យភាពខ្លាំងណាស់។ រដ្ឋអាជ្ញាពិសេស វិះតែនឹងធ្វើឱ្យលោក ប៊ីល គ្លីនតុន ធ្លាក់ពីតំណែង ព្រោះសំណុំរឿង Monica Lewinsky ស្រីញីរបស់លោកគ្លីនតុន នៅក្នុងឆ្នាំ១៩៩០។ រដ្ឋអាជ្ញាពិសេស ល្បីខ្លាំងជាងគេ គឺលោក Archibald Cox ដែលបានបើកអង្កេត ប្រឆាំងនឹងប្រធានាធិបតី និចស៊ុន រហូតដល់អតីតប្រធានាធិបតីរូបនោះលាលែងចេញពីតំណែងនៅឆ្នាំ១៩៧៤។
* នីតិវិធីដកតំណែងប្រធានាធិបតី
ប្រសិនបើការអង្កេតឯករាជ្យរបស់រដ្ឋអាជ្ញាពិសេស រកឃើញអំពីការពាក់ព័ន្ធគ្នារវាងលោក ត្រាំ និងរុស្ស៊ី ក្នុងពេលឃោសនាបោះឆ្នោតមែន ហើយលោកត្រាំ ពិតជាប្រើអំណាចរារាំង ឬបិទខ្ទប់ដំណើរការអង្កេតរបស់ FBI មែន នោះអាមេរិកពិតជានឹងអាចធ្វើការចោទប្រកាន់ប្រធានាធិបតី ស្របតាមនីតិវិធី Impeachment នៃមាត្រ២របស់រដ្ឋធម្មនុញ្ញ ដែលនឹងអាចឈានដល់ការដកតំណែងប្រធានាធិបតីបានហើយ។ តាមច្បាប់ ដើម្បីអាចចាប់ផ្តើមនីតិវិធីបាន ត្រូវមានអន្តរាគមន៍ពីសភា (សភាជាន់ទាប) និងព្រឹទ្ធសភា (សភាជាន់ខ្ពស់)។
* តាមស្តង់ដាច្បាប់សហរដ្ឋអាមេរិក ប្រធានាធិបតីកំពុងកាន់អំណាច អាចរងបទចោទប្រកាន់ក្នុងករណីប្រព្រឹត្តបទល្មើសដូចជា អំពើក្បត់ជាតិ បទស៊ីសំណូក បទល្មើសមជ្ឈឹម ឬបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងៗ។ អ្នកដែលមានអំណាចក្នុងការធ្វើបទចោទប្រកាន់ ការផ្តន្ទាទោស ឬទម្លាក់ប្រធានាធិបតីពីដំណែងនោះ គឺសភារបស់អាមេរិក។
តុលាការក្រោមដំបូលសភា ទទួលបន្ទុកធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងបទចោទប្រកាន់។ ប្រសិនបើគេរកឃើញថា មានភស្ថុតាង និងសាក្សីគ្រប់គ្រាន់ នោះគេនឹងចាប់ផ្តើមធ្វើបទចោទប្រកាន់តែម្តង ដែលវាត្រូវប្រព្រឹត្តទៅដោយមានពីរដំណាក់កាល។
ទីមួយសភាទាំងពីរ (ទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់) ត្រូវធ្វើការបោះឆ្នោតយកសម្លេងភាគច្រើន ដើម្បីធ្វើការចោទប្រកាន់។ បន្ទាប់ពីមានសម្លេងគាំទ្រ ភាគច្រើន ដើម្បីធ្វើការចោទប្រកាន់ហើយ សភាជាន់ខ្ពស់ នឹងធ្វើការបោះឆ្នោតម្តងទៀត។ ក្នុងការបោះឆ្នោតលើកទីពីរនេះ លុះត្រាតែទទួលបានសម្លេងពីរភាគបី ទើបគេមានសិទ្ធក្នុងការផ្តន្ទាទោស និងទម្លាក់ប្រធានាធិបតីបាន។ ប៉ុន្តែក្នុងករណីការបោះឆ្នោតមិនអាចទទួលបានសម្លេងរហូតដល់ពីរភាគបីទេនោះ ប្រធានាធិបតីមានសិទ្ធក្នុងការវិលទៅកាន់អំណាចវិញ។
ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីពីររូបដែលរងការចោទប្រកាន់ តែមិនត្រូវបានផ្តន្ទាទោសឡើយនោះគឺ អតីតប្រធានាធិបតី Andrew Johnson និង អតីតប្រធានាធិបតី Bill Clinton។ ដោយឡែកករណីលោក Richard Nixon វិញ លោកបានប្រកាសលាលែងពីដំណែងដោយខ្លួនឯង នៅមុនការចោទប្រកាន់ ទៀត។ សូមជម្រាបថា ប្រធានមន្ត្រីយុត្តិធម៌តម្រូវឱ្យធ្វើជាអធិបតីភាពក្នុងពេលសភាធ្វើវិនិច្ឆ័យទោស ចំណែកអនុប្រធានាធិបតី ត្រូវមានវត្តមានក្នុងនាមជាប្រធានសភាតែម្តង។
បន្ទាប់ការធ្វើបទចោទប្រកាន់ ការផ្តន្ទាទោស និងការទម្លាក់ប្រធានាធិបតីបានសម្រេចហើយ អនុប្រធានាធិបតី ត្រូវបានតែងតាំងជាអ្នកស្នងដំណែងបន្ត។ ការផ្ទេរអំណាចពីប្រធានាធិបតីដែលរងបទចោទប្រកាន់ ទៅកាន់អនុប្រធានាធិបតី ត្រូវបានចែងក្នុងមាត្រា២៥ នៃរដ្ឋធម្មនុញ្ញអាមេរិក។ ក្នុងករណីអវត្តមាន អនុប្រធានាធិបតីដោយមូលហេតុណាមួយនោះ អំណាចនឹងត្រូវទម្លាក់ទៅកាន់បុគ្គលដែលស្ថិតក្នុងលំដាប់បន្ទាប់ទៀត។
ជាការពិតលោក ដូណាល់ ត្រាំ ជាមនុស្សដែលអំណួត មានថ្វីមាត់ តែកុហកច្រើន។ លោកជាមនុស្សចូលចិត្តបង្ករឿង រើសអើងជាតិសាសន៍ និងមិនស្មោះត្រង់។ តាមរយៈការវាយតម្លៃទៅលើការកាន់អំណាចក្នុងរយៈពេល១០០ថ្ងៃដំបូង បានបង្ហាញថា លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីម្នាក់ដែលសម្រេច បានតាមការសន្យារបស់ខ្លួនទាបជាងគេបំផុត ក្នុងចំណោមប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។
លោកហាក់មិនចេះប្រមាណឥរិយាបទរបស់ខ្លួន ដើម្បីសាកសមធ្វើជាប្រធានាធិបតីទាល់តែសោះ។ តែអ្វីដែលសំខាន់ គេបានរកឃើញថា ប្រធានាធិបតីរូបនេះ មានទំនាក់ទំនងជាសម្ងាត់ជាមួយរុស្ស៊ី ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ដែលធ្វើឱ្យមានការសង្ស័យថា រុស្ស៊ីជាអ្នកនៅពីក្រោយខ្នងនៃភាព ជោគជ័យរបស់លោក។
ជាងនេះទៅទៀត លោកកំពុងស្ថិតក្រោមបទចោទប្រកាន់ថា បានរារាំងដល់កិច្ចការស៊ើបអង្កេតរបស់ភ្នាក់ងារ FBI ព្រមទាំងបានលួចផ្តល់ពាក្យសម្ងាត់ របស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តបួនប្រទេសផ្សេងទៀតដល់រុស្ស៊ីផងដែរ។ ប្រសិនបើរឿងនេះ ជាការពិត លោកនឹងរងការផ្តន្ទាទោស និងការបណ្តេញ ចេញពីអំណាចជាមិនខាន ដោយមានអនុប្រធានាធិបតីជាអ្នកចាំស្នងដំណែងបន្ត៕