(កូរ៉េខាងជើង)៖ យោធាសហរដ្ឋអាមេរិកអះអាងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល Ballistic រយៈចម្ងាយមធ្យម ចេញពីតំបន់ Pukchang នៃខេត្ត Pyeongannam-do ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃអាទិត្យនេះ នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ Update នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ។

ប៉ុន្តែយ៉ាងណាការបាញ់សាកល្បង នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងទីប្រឹក្សារដ្ឋចិន លោក យ៉ាង ជេឈី (Yang Jiechi) បានអះអាងកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ថាប្រទេសទំាងពីរគួរតែធ្វើការងាររួមគ្នាឱ្យកាន់តែជិតស្និត ដោយប្រើប្រាស់យន្ដការ ការទូតដោះស្រាយការបាញ់សាកល្បងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង រួមទំាងបញ្ហាអន្តរជាតិជាច្រើនទៀត។

គួរបញ្ជាក់ថា ចិន និងកូរ៉េខាងជើង មួយរយៈពេលចុងក្រោយនេះ បានទង្គិចសម្ដីនឹងគ្នា ដោយសារតែសកម្មភាពបង្ករឿងរបស់ទីក្រុងព្យុងយ៉ាង ហើយ ចិនក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ ប៉ុន្តែហាក់ដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ៕