(កូរ៉េខាងជើង)៖ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទៀតហើយ, ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ជាប្រភេទអ្វីនោះទេ នេះបើយោងតាមព័ត៌មានពីមន្រ្តីជាន់ខ្ពស់យោធាកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ មិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ចេញពីតំបន់ Pukchang នៃខេត្ត Pyeongannam-do រសៀលថ្ងៃអាទិត្យនេះ»។
ប៉ុន្តែយ៉ាងណាការបាញ់សាកល្បង នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងទីប្រឹក្សារដ្ឋចិន លោក យ៉ាង ជេឈី (Yang Jiechi) បានអះអាងកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ថាប្រទេសទំាងពីរគួរតែធ្វើការងាររួមគ្នាឱ្យកាន់តែជិតស្និត ដោយប្រើប្រាស់យន្ដការ ការទូតដោះស្រាយការបាញ់សាកល្បងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង រួមទំាងបញ្ហាអន្តរជាតិជាច្រើនទៀត។
គួរបញ្ជាក់ថា ចិន និងកូរ៉េខាងជើង មួយរយៈពេលចុងក្រោយនេះ បានទង្គិចសម្ដីនឹងគ្នា ដោយសារតែសកម្មភាពបង្ករឿងរបស់ទីក្រុងព្យុងយ៉ាង ហើយ ចិនក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាងផងដែរ ប៉ុន្តែហាក់ដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ៕