Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតរុស្ស៊ីទាត់ចោលព័ត៌មានថា លោកជជែកពិភាក្សាអំពីរឿង លោក Comey ជាមួយលោក ត្រាំ

21-05-2017 09:08

(មូស្គូ)​៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានច្រានចោលការលើកឡើងដែលថា លោកបានពិភាក្សាការងារជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ស្ដីពីការបណ្ដេញលោក James​ Comey ចេញពីតំណែងជានាយក FBI នៅក្នុងជំនួបមួយនៅឯសេតវិមាន កាលពី ដើមខែឧសភាកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧។

លោក Sergey Lavrov បានជួបលោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីថ្ងៃទី១០ ខែឧសភា ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បញ្ចប់តួនាទីជានាយក FBI របស់លោក Comey ក្រោមហេតុផលសមត្ថភាព។ ក៏ប៉ុន្តែនាពេលថ្មីៗនេះ កាសែត Washington Post បានចេញផ្សាយថាលោក ត្រាំ ធ្លាប់បានស្នើឱ្យលោក Comey បញ្ឈប់ការស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ Michael Flynn ជុំវិញទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដែលនេះត្រូវបានគេជឿជាក់ថា ជាហេតុផលមួយនៃការដកនាយក FBI រូបនេះពីតំណែង។

ជាងនេះទៅទៀត លោក ត្រាំ និងលោក Comey ក៏ធ្លាប់បានទាស់សម្ដីគ្នាដាក់គ្នាផងដែរ ពាក់ព័ន្ធនឹងការអះអាងដែលលោក ត្រាំ ចោទថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យគេលួចស្ដាប់លោកនិយាយទូរសព្ទ ប៉ុន្តែលោក Comey បែរជានិយាយនៅចំពោះមុខសភាអាមេរិកថា នេះគ្រាន់តែជាការចោទប្រកាន់គ្មានភស្ដុតាងទៅវិញ។​

ដោយឡែកជុំវិញរឿងចម្រូងចម្រាស់នេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់យ៉ាងខ្លី នៅក្នុងសន្និសិទសារព័ត៌មាន នៅឯប្រទេស Cyprus ដូច្នេះថា៖«យើងមិនបានពិភាក្សាគ្នាពីប្រធានបទនេះទេ (រឿងដេញលោក Comey ពីតំណែងជានាយក FBI)»។

គួរបញ្ជាក់ថា ការបដិសេធរបស់លោកប្រមុខការទូតរុស្ស៊ី ធ្វើឡើងបន្ទាប់ពីលេចលឺព័ត៌មានថាលោក បានជជែកពីរឿងលោក Comey ជាមួយ លោកដូណាល់ ត្រាំ ដែលកំពុងជាប់ផង់ក្នុងរឿងអាស្រូវ​បង្ហើបឯកសារសំងាត់ជាតិអាមេរិកប្រាប់ទីក្រុងមូស្គូ៕ ​