(ភ្នំពេញ)៖ រដូវឃោសនាបោះឆ្នោតបានចាប់ផ្តើម គឺជាពេលដែលគណបក្សនយោបាយបង្អួតបង្ហាញនូវគោលនយោបាយរបស់ខ្លួន ទៅកាន់ប្រជាពលរដ្ឋ ជាអ្នកមានសិទ្ធិបោះឆ្នោតដើម្បីពិចារណា និងសម្រេចចិត្តជ្រើសរើសយ៉ាងបក្សណាមួយដែល មានគោលនយោបាយល្អ និងជាអ្នកដែលទទួលខុសត្រូវពិតប្រាកដ និងហ៊ានថាគឺហ៊ានធ្វើ ហើយគណបក្សណាមួយដែលដើរសន្យាចោលមិនធ្វើ។ ប្រជាពលរដ្ឋមួយចំនួនបាន សម្រេចចិត្តរួចស្រេចតាំងតែពីមុនការ ឃោសនាបោះឆ្នោតមកដល់ថា តើគណបក្សណាមួយដែលពួកគាត់ជ្រើសរើស។
សំឡេងពីតាមភូមិឃុំនានាបានបញ្ជាក់ថា ពួកគាត់បានសម្រេចជ្រើសរើសយកគណបក្សដែល ធ្វើពិតមិនដើរសន្យាខ្យល់ និងផ្តល់សេចក្តីទុកចិត្តដល់ មេឃុំ-ចៅសង្កាត់ ដែលបានបម្រើរាស្ត្រពិតប្រាកដនា ពេលកន្លងមកព្រោះសន្លឹកឆ្នោតរបស់ពួកគាត់មួយសន្លឹក ដែលបោះទៅបានកើតចេញជាសមិទ្ធផលផ្សេង មានទាំងផ្លូវថ្នល់ សាលារៀន វត្តអារាម ការបម្រើសេវារដ្ឋបាលមួយចំនួនដោយមិនយកម្រៃ មានសេវាសុខ ភាពនៅក្នុងឃុំសង្កាត់របស់ខ្លួន មានកំណើនការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់ ប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនីកើនឡើង ហើយជីវភាពក្រុមគ្រួសារ របស់ពួកគាត់មានការរីកចម្រើន ឡើងជាលំដាប់។ សន្លឹកឆ្នោតរបស់ពួកគាត់ដែលបានជ្រើសរើស គណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅ ក៏ជាសន្លឹកឆ្នោតថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូលដែរ។
បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីការរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ មក កម្ពុជាបានបញ្ចប់នូវការបែកបាក់ផ្ទៃក្នុង ជម្លោះប្រដាប់អាវុធសង្គ្រាមវិនាសកម្មទុក្ខសោកវេទនារបស់ ប្រជាជនរាប់ទសវត្សរ៍កន្លងមក ហើយបាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីដ៏ពេញលេញរហូតមកទល់បច្ចុប្បន្ននេះ ហើយបង្កលក្ខណៈ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រ។ ចាប់តាំងពីឆ្នាំ១៩៩៩មក រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនការអភិវឌ្ឍ ប្រទេស ព្រមទាំងអភិវឌ្ឍវិស័យឯកជនដោយផ្អែកលើគោលការណ៍ទីផ្សារសេរី និងទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់។
ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ រាជរដ្ឋាភិបាលបានសម្រេចកំណើនសេដ្ឋកិច្ចគួរជាទីមោទនៈគឺក្នុងរង្វង់ ៧,៧% ដែលគាំទ្រមួយផ្នែកធំក្នុងវិស័យ ឧស្សាហកម្មកាត់ដេរ អចលនទ្រព្យ សំណង់ ដឹកជញ្ជូន និងគមនាគមន៍ ពាណិជ្ជកម្មក្នុងស្រុកនិងវិស័យទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគ យ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធរូប វ័ន្តដែលធ្វើឱ្យវិនិយោគិនផ្ទាល់ពីបរទេសកើនឡើងគួរឱ្យកត់សម្គាល់។
សមិទ្ធផលដែលប្រទេស និងប្រជាជនកម្ពុជាមានសព្វថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នាចាប់ តាំងពីការផ្តួលរំលំរបបខ្មែរក្រហមមក។ ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ហើយបើគ្មានការគាំទ្រ និងទុកចិត្តរបស់ប្រេជាពលរដ្ឋកម្ពុជា មកលើគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមកក៏មិនអាចមានអ្វីៗ ដូចសព្វថ្ងៃនេះដែរ។ នេះក៏ដោយសារតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រយៈពេលជាង៣៨ឆ្នាំមកនេះ មានគោលនយោបាយត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នា របស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ស្តែង នៃការអភិវឌ្ឍជាតិក៏ដូចជា ការបន្តអភិវឌ្ឍឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា។
គណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងឃុំសង្កាត់ភាគច្រើនលើសលុបនៅ ទូទាំងប្រទេសកម្ពុជាត្រូវបានគេជឿថា នឹងបន្តឈ្នះការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខទៀតដើម្បីគ្រប់គ្រងឃុំ-សង្កាត់បន្តទៀត ដោយហេតុថាគណបក្សកាន់អំណាចនេះ មានគោលនយោបាយដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការលើកស្ទូយជីវភាពរស់នៅ និងការការពារឯកភាពជាតិ និងបូរណភាពដែនដី។ បន្ថែមលើនេះ គណបក្សប្រជាជនកម្ពុជាដែល មានបទពិសោធគ្រប់គ្រងប្រទេសជិតបួនទសវត្សរ៍មកនេះ ជាគណបក្សដែលមានធនធានមនុស្សប្រកបដោយសម្ថភាពនិងបទ ពិសោធន៍ការងារគ្រប់គ្រាន់ដើម្បីដឹកនាំជាតិ និងដឹកនាំឃុំ-សង្កាត់។ ភាពខ្លាំងមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា គឺមានសាមគ្គីភាពផ្ទៃក្នុង បក្សពីលើដល់ក្រោមដែលធ្វើឱ្យគណបក្សនេះខ្លាំង នឹងទទួលបានជ័យជម្នះលើគ្រប់ការបោះឆ្នោតទាំងអស់នៅកម្ពុជា។
ប្រជាពលរដ្ឋខ្មែរមិនត្រូវការឡើយគណបក្សដែលដើរសន្យាខ្យល់ និយាយពីលុយ និងយកលុយមកបោកប្រាសប្រជាជនកម្ពុជា។ ដោយសារតែគណបក្សប្រឆាំង មិនបានបង្កើតសមិទ្ធផលអ្វីជាប្រយោជន៍ដល់ជាតិ និងប្រជាជនក្រៅពីដើរសន្យាឱ្យគោ ឱ្យម៉ូតូ ឱ្យឡាន និងឱ្យលុយ និងដើរបរិហាររាជរដ្ឋាភិបាល និងហ៊ាន រហូតដល់ត្មិះតិះដៀលពលរដ្ឋខ្មែរពីបញ្ហាគ្មានបង្គន់អនាម័យ ខណៈដែលពលរដ្ឋមានស្ទើរគ្រប់ ផ្ទះ តាមទីសាធារណៈ អាហារដ្ឋាន ហាងផ្សេងៗ និងស្ថានីយ ប្រេងសាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់។ ចំណែកក្រុមតំណាងរាស្ត្រខ្លួនជាប់ឆ្នោត ៤ ឆ្នាំហើយគ្មានបានជួយអ្វីដល់ប្រជាពលរដ្ឋបន្តិចសូម្បី បង្គន់អនាម័យមួយមិនដែលបានជួយផង ប៉ុន្តែបែរជាយកពេលវេលាឈ្លក់ នឹងល្បែងទាំងបីមានស្រីស្រា ល្បែងបៀរអាប៉ោងទៅវិញ។
តើឱ្យរាស្ត្រទុកចិត្តម្តេចបាន? គណបក្សប្រឆាំងត្រូវបានគេមើលឃើញថា គឺគ្រាន់តែជាបក្សមួយដែលបណ្តុំដោយអ្នកយកនយោបាយធ្វើអាជីវកម្ម ខណៈពេលជិតបោះឆ្នោតម្តងៗមន្ត្រីបក្សនេះ ដើររៃអង្គាថវិកាពីពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ហើយឥឡូវឈានដល់ដាក់កម្រិតឱ្យមន្ត្រីបក្សខ្លួនជាបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បង់ថវិកាវិភាគទានជាប្រចាំដល់បក្សធ្វើការបម្រើបក្ស បើពុំនោះទេនឹងត្រូវពិនិត្យបេក្ខភាពឡើងវិញ មានន័យថាដកចេញពីបញ្ជី ព្រោះមិនធ្វើការបម្រើបក្ស។
ប្រមុខបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងការអភិវឌ្ឍដែល កម្ពុជាមានសព្វថ្ងៃនេះគ្មានបាតដៃរបស់បក្សប្រឆាំងទេ។ បក្សប្រឆាំងត្រូវបានគេមើលឃើញថាបានដើរអុក ឡុកគ្រប់ទីកន្លែង និងពេលខ្លះនៅពីក្រោយខ្នងនៃក្រុមអ្នកតវ៉ាផ្សេងៗដោយសហការជាមួយក្រុមសង្គមស៊ី វវិលដើម្បីញុះញង់ពលរដ្ឋឱ្យតវ៉ាប្រឆាំងរឿងរ៉ាវផ្សេងៗដែលខ្លួនយល់ថាផ្តល់ផលចំណេញផ្នែកនយោបាយ ដល់ក្រុមខ្លួននិងគណបក្សខ្លួន។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ គឺជាពេលវេលាដែលរាស្ត្រខ្មែរ សម្រេចចិត្តនៅលើសន្លឹកឆ្នោតមួយសន្លឹកដោយជ្រើសរើសយកបក្សដែលធ្វើការងារពិត បម្រើផលប្រយោជន៍រាស្ត្រពិត និងមានការទទួលខុសត្រូវលើវាសនាប្រទេសជាតិ ជាពិសេសគឺធានាបាននូវសន្តិភាព និងការអភិវឌ្ឍដែលប្រទេស និងកម្ពុជាកំពុងមានសព្វថ្ងៃឱ្យស្ថិតស្ថេរ និងមានការរីកចម្រើនឡើងជាលំដាប់ ដើម្បីជីវភាពរីកចម្រើនរបស់ប្រជាពលរដ្ឋ និងបង្កើនកេរ្តិ៍ឈ្មោះល្អរបស់កម្ពុជានៅលើពិភពលោក ហើយគណបក្សដែលមានសមត្ថភាព និងបទពិសោធពេញលេញ គឺគណបក្សប្រជាជនកម្ពុជាដែលមានសញ្ញាទេវតាបាចផ្កាជាសម្គាល់៕
ដោយ៖ ហនុមាន