(ភ្នំពេញ)៖ បន្ទាប់អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ លោក Tun Dr. Abdullah Ahamd Badawi អតីតនាយករដ្ឋមន្ត្រីទី៥ម៉ាឡេស៊ី បានបន្តជួបសំណេះសំណាល ជាមួយបណ្តាថ្នាក់ដឹកនាំឥស្លាមកម្ពុជា នៅស្នាក់ការកណ្តាលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ថ្នាក់ដឹកនាំខ្មែរឥស្លាម ដែលទទួលអតីតនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីរូបនេះ រួមមាន លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា, លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា, លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក លោកស្រីជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមនឹងថ្នាក់ដឹកនាំជាច្រើនរូប។
ចំណែកភាគីម៉ាឡេស៊ី អមដំណើរគឺ លោក Dato' Sri Hasan Bin Malek ឯកអគ្គរាជទូតម៉ាឡេស៊ី រួមនឹងគណៈប្រតិភូម៉ាឡេស៊ីផងដែរ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី ដែលតែងតែបានជួយឧប្ថត្តម្ភគ្រាំទ្រ ដល់ការងារមនុស្សធម៌នៅកម្ពុជា ដែលក្នុងនោះរដ្ឋាភិបាលម៉ាឡេស៊ី ជាអ្នករ៉ាប់រង នូវគម្រោងអភិវឌ្ឍន៍នានាដល់សហគមន៍ខ្មែរឥស្លាម ដែលកំពុងបណ្តុះបណ្តាលបច្ចេកទេស និងគ្រប់គ្រងវិស័យហាឡាល់ វិស័យសិក្សាធិការឥស្លាម វិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) វិស័យវ៉ាហ្គហ្វ (ទាយជ្ជទាន) មូលនិធិសម្រាប់គ្រប់គ្រងហាជ្ជី (មូលនិធិធម្មយាត្រា) បច្ចេកទេសគ្រប់គ្រងរដ្ឋបាលរបស់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងការគ្រប់គ្រងអាពាហ៍ពិពាហ៍បែបឥស្លាម ក្រៅពីនេះអង្គការមនុស្សធម៌ម៉ាឡេស៊ីជាច្រើន បាននិងកំពុងតែចូលរួមកិច្ចការមនុស្សធម៌លើគ្រប់វិស័យ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោករដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានជម្រាបនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគោរពស្រឡាញ់ លើកស្ទួយគ្រប់វិស័យ មិនរើសអើងជាតិសាសន៍ ជាពិសេសបានបង្កើតស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបានបង្កើត ឡើងវិញក្នុងឆ្នាំ២០០០ ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងតាំងពីថ្នាក់កណ្ដាលដល់មូលដ្ឋាន បញ្ចូលគ្រូបង្រៀនឥស្លាមកម្ពុជា១,៥០០នាក់ ក្នុងក្របខណ្ឌគ្រូបង្រៀនរបស់រដ្ឋ អនុញ្ញាតជាគោលការណ៍ឲ្យបុរសពាក់ កាតឹប និងស្រ្តីឥស្លាមទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ រៀបចំអាហារស្រាយបួសខែរ៉ម៉ាឌន រៀបចំ និងឧបត្ថម្ភថវិកា សម្រាប់ការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម ជារៀងរាល់ឆ្នាំ ហើយថ្មីៗនេះ បង្កើតឲ្យមានស្ថាប័ន ហាឡាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម និងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាអ្នកសហការអនុវត្តកិច្ចការនេះ។
ជាមួយគ្នានោះ លោក Tun Dr. Abdullah Ahamd Badawi បានបញ្ជាក់ពីការគោរពស្រលាញ់ និងកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់ជាតិសាសន៍នៅកម្ពុជា រួមរស់ជាមួយគ្នាដោយសន្តិភាពគ្មានទំនាស់ និងរើសអើងគ្នា ជាពិសេសសហគមន៍ឥស្លាមកម្ពុជាត្រូវបានផ្តល់នូវភាពកក់ក្តៅ យ៉ាងខ្លាំក្លា បំផុតស្មើនឹងការផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋគ្រប់សាសនិកទាំងអស់នៅកម្ពុជា។
សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីទី៥ម៉ាឡេស៊ី បានសន្យានឹងបន្តជំរុញជួយជ្រោមជ្រែង និងសហការលើគ្រប់ផ្នែកបច្ចេកទេស និងការងារមនុស្សធម៌រវាងប្រទេសទាំងពីរ ឲ្យកាន់តែបានល្អប្រសើរថែមទៀត ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសជិតខាងដ៏ល្អ៕