(ប៉េកាំង, ចិន)៖ វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូនៅលើទឹកដីនៃមហាមិត្តចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងបំពេញទស្សនកិច្ចផ្លូវការនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះហើយ។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅវេលាម៉ោងជាង ៩យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ដោយបានស្ពាយមកជាមួយនូវកិត្តិយស និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន។
ជាការកត់សម្គាល់ដំណើរចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់មួយ និងផ្លូវមួយ រួមទាំងដំណើរទស្សនកិច្ចផ្លូវការរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ។
ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រធានាធិបតី ស៊ី ជីនពីង ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ប្រកបដោយកិត្តិយស និងស្មើមុខស្មើមាត់ ជាមួយបណ្តាមេដឹក នាំកំពូលចំនួន ២៩រូបផ្សេងទៀត មកពីបណ្តាប្រទេសនានាលើសកលលោក។ ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវសុន្ទរកថា គន្លឺះដូចបណ្តាមេដឹកនាំដទៃទៀតផងដែរ។
តាមរយៈកិច្ចប្រជុំកំពូលនេះ គឺសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងទាញយកប្រយោជន៍នានាពីគម្រោងអភិវឌ្ឍន៍ខ្សែក្រវាត់មួយ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលតុមូលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ក៏បានចាប់ផ្តើមការបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេស ចិននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ។ សម្តេចតេជោ និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន និងលោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។
ទាំងលោក យូ ជឹងស៊ឹង និងលោក ចាង តេជាំង សុទ្ធតែបានបង្ហាញការកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង។ ក្នុងពេល ចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីចិននេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយភាពស្និទ្ធស្នាលពីនាយករដ្ឋមន្រ្តីចិន។
ជំនួបដែលធ្វើឡើងនៅមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង ពិភាក្សាផ្តោតជាសំខាន់ទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា និងចិន ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ សម្តេចតេជោ ហ៊ុន សែន និង លោក លី ខឺឈាង បានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន-កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹង និងលើកកម្ពស់បន្ថែមទៀត។
នាយករដ្ឋមន្រ្តីកម្ពុជា-ចិន ក៏បានគូសបញ្ជាក់ដែរថា ក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្តភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅជាកម្រិតថ្មីមួយទៀត និងកាន់តែស៊ីជំរៅ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។
ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការ រួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឲ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។
ភាគីទាំងពីរសន្យាបង្កើនវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦០០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ តាមរយៈនេះភាគីចិនបានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិន ដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។
ក្រោយពីបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធី សារ និងកិច្ចព្រមព្រៀងចំនួន ៦ចំណុច ដែលក្នុងនោះមានទាំងកិច្ចព្រមព្រៀងផ្តល់ជំនួយជាង ១៧៤លានដុល្លារអាមេរិក សម្រាប់ការអភិ វឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧នេះផងដែរ។
នៅល្ងាចថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជាអធិបតីបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០១៧។ នៅក្នុងពិធីបើកវេទិកានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកព័ត៌មានចិន ដើម្បី បង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីលក្ខខណ្ឌអាទិភាពមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីទាក់ទាញអ្នកវិនិយោគចិនឲ្យមកបណ្តាក់ទុនរកស៊ីកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅលើទឹកដីចិន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវប្រធានាធិបតីចិន លោក ស៊ី ជិនពីង អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាច្រើន។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល លោក ស៊ី ជីនពីង ក៏បានរៀបចំការពិសារភោជនាហារសាមគ្គីជូនដំណើរសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយប្រធានក្រុមហ៊ុនវិនិយោគធំៗរបស់ចិនមួយចំនួនផងដែរ។ ក្រុមហ៊ុនវិនិយោគទាំងនោះ សុទ្ធតែបានបង្ហាញពីបរិយាកាសល្អប្រសើរលើការ វិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់វត្តមានអ្នកវិនិយោគចិននៅលើទឹកដីកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ពួកគេឲ្យបន្តបោះទុនវិនិយោគលើទឹកដីកម្ពុជាបន្ថែមទៀត។
បើទោះបីក្នុងដំណើរទៅកាន់ប្រទេសចិននាពេលនេះ សម្តេចតេជោ ហ៊ុន សែន មានភាពមមាញឹកយ៉ាងណាក្តី តែសម្តេចក៏មិនភ្លេចនឹងចូលជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយនិស្សិតកំពុងសិក្សានៅក្នុងប្រទេសចិនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមបម្រើជាតិមាតុភូមិឲ្យបានកាន់តែរីកចម្រើន។
សូមបញ្ជាក់ដែរថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នៅទីក្រុងប៉េកាំង។ ឆ្នាំ២០១៣ ជាខួប ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ភាគីទាំងពីរបានកំណត់ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន។
តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចំនួន៤លើករួចមកហើយ ក្នុងនោះលើកទី១ ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ និងលើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០ និងលើកទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិនៅប្រទេសចិនចំនួន ៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។ លើកទី២ អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។ លើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវ និងសន្និសីទពិសេសស្តីពីគណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕