(ប៉ៃលិន)៖ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានបញ្ជាក់ថា «ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព ពេញលេញបរិបូណ៍ ព្រមទាំងបានស្តារ និងកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
លោក អ៊ី ឈាន ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន៦២០នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះលោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ត ចូលរួមថែរក្សាសុខសន្តិភាពឲ្យបានយូរអង្វែង។
លោក អ៊ី ឈាន បានថ្លែងថា «ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ នៃការបោះឆ្នោតជាតិ និងការរបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រជាពលរដ្ឋតែងតែផ្តល់ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំនាវាកម្ពុជា យើងទៅរកការអភិវឌ្ឍតាមមូលដ្ឋាន ឃុំ-សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះឥឡូវមានផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកឡើងដូចផ្សិត និងសមិទ្ធផលនានាជាច្រើនទៀតដែលបំរើឲ្យ ផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ»។
លោក អ៊ី ឈាន បានបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមជាយូរលង់មកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងស្លាប់ បែកបាក់ក្រុមគ្រួសារ និងប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចទ្ទីគ្មានសល់អ្វីឡើយ ដោយសារតែសង្គ្រាមផ្ទៃក្នុងខ្លួនឯងបានកាប់សម្លាប់ប្រជាជនស្លូតត្រង់មិនញញើតដៃធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ២០ថ្ងៃ នេះក៏ដោយសារតែអ្នកដឹកនាំគ្មានគិតតែពីប្រជាខ្លួនមិនគិតពីសុខទុកប្រជាពលរដ្ឋ បក្សពួកនិយម ស្ថិតក្រោមភាពល្ងង់ខ្លៅ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានស្នាដៃធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មានគណបក្សណាមានសមត្ថភាពដឹកនាំចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ»។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ឲ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអសេ្ថរភាពក្នុងសង្គមឲ្យសោះ។
ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឲ្យការបោះឆ្នោតដែល គ ជ ប បានកំណត់ឲ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំនិងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឲ្យកាន់តែរីកចំរើនឡើងថែមទៀត។
លោក កង ថេង ប្រធានគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកាច់ បានឲ្យដឹងថា ឃុំស្ទឹងកាច់មានគ្រួសារបក្សសរុបចំនួន២៨០៣នាក់ មនុស្សចំនួន១០៤៣៨នាក់ ស្រី៥៥៦៦នាក់ អាយុចាប់ពី១៨ឆ្នាំ ឡើងទៅ៥៨៩៨នាក់ ស្រី៣០៩៧នាក់៕