(ភ្នំពេញ)៖ បើអ្វីដែលលោក យឹម សុវណ្ណ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនាពេលកន្លងទៅជាការពិត នោះយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ក្រុមប្រឹក្សា ឃុំ-សង្កាត់ខាងមុខនេះគឺគណបក្សសង្គ្រោះជាតិគ្រោងចំណាយប្រាក់ចំនួន១,៧លានដុល្លារអាមេរិក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ថវិកាចំណាយនេះត្រូវរៃអង្គាសពីអ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេស និងសកម្មជនបក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សដែលមានតួនាទីជាតំណាងរាស្ត្រ ដើម្បីទ្រទ្រង់លើការចំណាយនេះ។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ២០១៣ រួមនឹងការធ្វើបាតុកម្ម ឡាំប៉ាឡូឡា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ការចំណាយប្រមាណជាង៦០% គឺជាថវិកាដែលមានប្រភពពីក្រៅប្រទេស។
លោក កឹម សុខា ខ្លួនឯងក៏បានថ្លែងទទួលស្គាល់កាលពីថ្ងៃទី៦ ខែឧសភា នៅសហរដ្ឋអាមេរិកថា អនិកជននៅក្រៅប្រទេសបានជួយផ្តល់លុយជាច្រើនដើម្បី ឃោសនាបោះឆ្នោត និងការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានធ្វើដំណើរ ចច្រច់នៅតាមប្រទេសនានាដើម្បីរៃអង្គាសប្រាក់ពីពលរដ្ឋខ្មែរនៅតាមភោជនីយដ្ឋាន ឬតាមទីវត្តអារាម និងកន្លែងជួបជុំនានា។
តើការរៃអង្គាសថវិកានេះប្រព្រឹត្តទៅយ៉ាងដូចម្តេច តើគណបក្សប្រឆាំងប្រើហេតុផលអ្វីខ្លះដើម្បីអាចរៃអង្គាសប្រាក់? ហើយថវិកានេះត្រូវចូលទៅកន្លែងណា?
១៖ ធ្វើសោកនាដកម្មស្ថានការណ៍ពិតនៅកម្ពុជា៖
ដើម្បីអាចរៃអង្គាសថវិកាបានបក្សប្រឆាំងបានប្រើវិធីសាស្ត្រ ធ្វើសោកនាដកម្មស្ថានការណ៍ពិតនៅកម្ពុជា ដោយបានបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តបញ្ហាសង្គម ផ្សេងៗដូចថា កម្ពុជាជាប្រទេសផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យ គ្មានសិទ្ធិសេរីភាពសូម្បីនិយាយស្តីជាដើម ហើយពួកគេបានដុតកំហឹងពលរដ្ឋខ្មែរ ដែលរស់នៅ ក្រៅប្រទេសដែលមិនបានស្វែងយល់ឱ្យបានស៊ីជម្រៅ និងមិនសូវទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីការឈ្លានពានរបស់ប្រទេសវៀតណាម និងការដុតកំហឹងអំពីជនអន្តោប្រវេសន៍វៀតណាមរស់នៅលើទឹកដីកម្ពុជា ដណ្តើមការងារពលរដ្ឋខ្មែរជាដើម។
ធាតុពិតរឿងរ៉ាវទាំងនេះមានតិចតួចបំផុត ឬគ្មាន ប៉ុន្តែបក្សប្រឆាំងបានបំប៉ោងទៅជារឿងធំ និងធ្វើខ្លួនទៅជាជនរងគ្រោះដើម្បីកេងចំណេញផ្នែកនយោបាយ និងធ្វើ អាជីវកម្មនយោបាយលើជនរងគ្រោះពិតប្រាកដ សូម្បីតែសាកសព ក៏បក្សប្រឆាំងធ្វើអាជីវកម្មយកចំណេញសម្រាប់ បក្សខ្លួនដែរដូចជាសព ជា វិជ្ជា ឈុត វុទ្ធី និងកែម ឡី ជាដើម។ ដើម្បីបុព្វហេតុទាំងនេះ បក្សប្រឆាំងបានស្នើសុំការ គាំទ្រថវិកាពីបងប្អូនប្រជាពលរដ្ឋទាំងនោះដើម្បីធ្វើសកម្មភាពនយោបាយក្នុងប្រទេស។ ចរន្តគាំទ្ររបស់បក្សប្រឆាំងនៅក្រៅប្រទេសបានធ្លាក់ចុះទាំងអ្នកចូលរួម និងទាំងថវិកាដែលចូលវិភាគទាន។
ការធ្លាក់ចុះអ្នកគាំទ្រនៅឆ្នាំ២០១៧នេះគឺដោយសារតែនៅឆ្នាំ២០១៣ សម រង្ស៊ី និង កឹម សុខា ត្រូវបានគេទម្លាយថា បានសន្យាខ្លាំងជាមួយពួកគេថា បើទោះបី ជាចាញ់ការបោះឆ្នោត ក៏នឹងធ្វើបដិវត្តន៍ពណ៌ទម្លាក់រាជរដ្ឋាភិបាលប្តូររបប ប៉ុន្តែគម្រោងការនេះមិនបានសម្រេចឡើយដោយសារតែរាជរដ្ឋាភិបាល ស្របច្បាប់បាន អនុវត្តច្បាប់បង្ក្រាបកម្លាំងអនាធិបតេយ្យ និងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ចម្លងពីបដិវត្តន៍ពណ៌ នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនដូចជា ស៊ីរី អេហ្ស៊ីប លីប៊ីជាដើម។ អ្នកចូលរួមក្នុងជំនួបជាមួយលោក កឹម សុខា នៅភោជនីយដ្ឋានមេគង្គ ទីក្រុងផតឡេន រដ្ឋ អូរីហ្គេន កាលពីថ្ងៃទី១៣ ខែឧសភាឱ្យដឹងថា ជំនួបរវាង កឹម សុខា និងពលរដ្ឋនៅក្នុងរដ្ឋនោះចំនួនប្រមាណ៤០ ទៅ ៥០នាក់ ប្រមូលបានថវិកាត្រឹមតែ២៤៧៧ដុល្លារអាមេរិកប៉ុណ្ណោះ។
ជំនួបមួយទៀតនៅវត្តតាកូម៉ាចាស់ ក្នុងរដ្ឋវ៉ាស៊ីនតោន ដែលមានអ្នកចូលរួមជាង១០០នាក់ រៃបានថវិកាបានចំនួន៦២០០ដុល្លារអាមេរិក។ ការធ្លាក់ការគាំទ្រ នេះមិនមែនត្រឹមតែនៅអាមេរិកទេ គឺនៅតាមបណ្តាប្រទេសនានាដូចជាអូស្ត្រាលី បណ្តាប្រទេសនៅអឺរ៉ុប កាណាដា ហើយអ្វីដែលអាម៉ាសជាងគេគ្មានការគាំទ្រនោះ គឺមូលដ្ឋានប្រទេសកូរ៉េ។ កម្មវិធីដែលរៀបចំដោយ ប៉ុល ហំម និងអេង ឆៃអ៊ាង គ្រោងនឹងជាប់ពលកររាប់ពាន់នាក់ ដល់ពេលចុងក្រោយបានត្រឹម១០០នាក់ ហើយរៃលុយបានត្រឹម១៤០០ដុល្លារ។ តើបេសកកម្ម កឹម សុខា មួយរយៈចុងក្រោយនេះប្រមូលបានថវិកាប៉ុន្មាន ហើយបុគ្គលកឹម សុខា ជាអ្នករក្សាទុកក្នុងហិបខ្លួន ឬចូលក្នុងហិបបក្ស?
២៖ ក្រោមហេតុផលបេក្ខជនបក្សក្រីក្រ៖
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឡុង បុត្តា បានសរសេរអ៊ីមែល ទៅកាន់ក្រុមការងារបក្សនៅទីក្រុងវ៉ាស៊ីនតោនហើយ ត្រូវកាសែតអាមេរិកកាំង The Diplomat ដកស្រង់ផ្សាយថា៖ «បេក្ខជនរបស់យើងក្រីក្រលំបាកណាស់ ហើយពួកគេត្រូវការការគាំទ្រយ៉ាងខ្លាំងពីជនរួមជាតិ របស់យើងរស់នៅឯនាយសមុទ្រ»។ អ្វីដែល ឡុង បុត្តា សរសេរនេះហាក់ដូចជាផ្ទុយគ្នានឹងអ្វីដែល យឹម សុវណ្ណ បានប្រកាសអំពីការរៃអង្គាសប្រាក់ពីបេក្ខជន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតដោយព័ត៌មានក្រៅផ្លូវការអ្នកដែលឈរឈ្មោះលេខ១ ត្រូវបង់ថវិកាចំនួន១០០០ដុល្លារ និងលេខ២ ត្រូវបង់៨០០ដុល្លារ រហូតដល់បេក្ខជន បម្រុងត្រូវបង់ប្រាក់យ៉ាងតិច២០ដុល្លារ ជូនបក្សដើម្បីយកមកប្រើប្រាស់នៅក្នុងការឃោសនាបោះឆ្នោត។ ប្រសិនបើថវិកាចំណាយក្នុងការឃោសនាបោះឆ្នោត ត្រឹមតែ១,៧លានដុល្លារអាមេរិក នោះថវិកាដែលប្រមូលបានពីក្រុមការងារឃុំទាំង១៦៤៦ នៅទូទាំងប្រទេសកម្ពុជា នឹងបានច្រើនលើសលុបពីការ ចំណាយនេះទៀត។
សំណួរសួរថា តើថវិកាជាង១,៧លានដុល្លារដែលបក្សប្រឆាំងព្យាយាមរៃអង្គាស ពីបងប្អូននៅក្រៅប្រទេសយកទៅណា បើថវិការៃពីបេក្ខជន បានហូរហៀរទៅហើយនោះ?
ចំណុចនេះបង្កើតឱ្យមានការសង្ស័យកាន់តែខ្លាំងទៅលើរបៀប នៃការចាត់ចែងគ្រប់គ្រងលើថវិកាដែលប្រមូលបានមក តើមានតម្លាភាពពិតប្រាកដដែរឬទេ? ករណីជាក់ស្តែងដែលរាស្ត្រខ្មែរកំពុងតែចោទសួរ ហើយបានត្រឹមតែចម្លើយបែបលាក់បាំងគឺមូលនិធិទូរទស្សន៍ ព្រះអាទិត្យជិត១លានដុល្លារ ដែលប្រមូលបាន ពីពលរដ្ឋយកទៅណាអស់ហើយ? រហូតមកទល់ពេលនេះមានរយៈពេល៤ឆ្នាំហើយ ហេតុអ្វីបានជាទូរទស្សន៍ព្រះអាទិត្យ មិនទាន់ដំណើរការទៀត ខណៈបក្ស ប្រឆាំងបានសន្យាពីដើមឆ្នាំដល់ចុងឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំទៀត ឬមួយក៏មូលនិធិនេះ មេដឹកនាំបក្សប្រឆាំងបានយកទៅចែកគ្នាទិញដីផ្ទះវីឡាឡានចម្ការស្រែ អស់ហើយ?
តាមព័ត៌មានស្និទ្ធនឹងបក្សប្រឆាំង ថវិកាដែលប្រមូលបានមកពីប្រជាពលរដ្ឋ និងពីបេក្ខជននានាគឺចូលទៅក្នុងហោប៉ៅរបស់បុគ្គលជាអ្នកនយោបាយម្នាក់ៗ ដែលទទួលបន្ទុករដ្ឋនៅតាមបណ្តាប្រទេសផ្សេងៗ ឬនៅតាមខេត្តនីមួយៗ គឺមិនមែនចូលមកក្នុងហិប គណបក្សឡើយ។ មូរ សុខហួរ បានថ្លែងប្រាប់កាសែត The Diplomat ថា «ការផ្តល់ជំនួយអាចធ្វើតាមរយៈបុគ្គលជាអ្នកនយោបាយ ប៉ុន្តែអ្នកផ្តល់ថវិកានោះអាចកំណត់ថា តើគេចង់ឱ្យដុល្លាររបស់គេចំណាយលើអ្វី។ ជាធម្មតាពួកគេគាំទ្រឧបត្ថម្ភលើឃុំមួយ ខេត្តមួយ ឬគណបក្សផ្ទាល់»។ ចំណែក អ៊ូ វិរៈ ក៏បានប្រាប់កាសែត The Diplomat ថា «ក្រុមបក្សសង្គ្រោះជាតិមិន បានផ្លាស់ប្តូរទេ ហើយពួកគេនៅតែពឹងអាស្រ័យទាំងស្រុងលើការផ្តល់ជំនួយមកបុគ្គលជាអ្នកនយោបាយ គឺមិនមែនផ្តល់ឱ្យគណបក្សទេ…»។
បើប្រាក់ជំនួយត្រូវបានផ្តល់ទៅឱ្យបុគ្គលជាអ្នកនយោបាយមិនមែនទៅឱ្យបក្ស តើរាស្ត្រខ្មែរជឿទុកចិត្តម្តេចបានលើតម្លាភាពនៃការគ្រប់គ្រងថវិកានេះ? ដោយសារតែ មានយន្តការដូច្នេះបានជាបុគ្គលជាអ្នកនយោបាយបក្សប្រឆាំង ដែលខិតខំដើររៃអង្គាសខាងក្រៅឃើញកើនឡើងនៅឡាន វីឡា ដីស្រែចម្ការ និងមានរហូតដល់លុយ ចិញ្ចឹមស្រីកំណាន់ រំលោភសីលធម៌ខ្មែរ និងរំលោភច្បាប់ឯកព័ន្ធភាពទៀត។ តើមន្ត្រីបក្សប្រឆាំងមានបានពន្យល់ប្រព័ន្ធទទួលជំនួយនេះដល់ពលរដ្ឋខ្មែរទេ?
ចម្លើយគឺអត់ទេ បើប្រាប់ទៅដូចជាបោកឆ្នាំង បាយខ្លួនឯងចោលអីចឹង ហើយជំនួញនយោបាយក៏នឹងត្រូវបែក ហើយនឹងអស់ផ្លូវដើរ ខាតឡុងចុងហើយ។
៣៖ សង្កត់កបេក្ខជនក្រីក្រឱ្យវេទនាថែម៖
មិនត្រឹមតែពលរដ្ឋខ្មែរនៅក្រៅប្រទេសទេ ដែលមានភាពនឿយ ហត់នឹងការរៃអង្គាសប្រាក់ជារៀងរាល់ឆ្នាំ សូម្បីតែសកម្មជនដែលដើរតាមបក្សនេះតាំងពីកកើតមក ក៏សឹងនឹងអស់ខ្យល់រៀងៗខ្លួនដែរ ដោយសារតែគ្រួសារកាន់តែខ្សោះថវិកាការងារមុខតំណែងដែលបក្សសន្យាឱ្យពីមួយអាណត្តិទៅមួយអាណត្តិគឺគ្មានឃើញពន្លឺអ្វី បន្តិចសោះ។ បេក្ខជនខ្លះត្រូវខ្ចីបំណុលគេ ខ្លះលក់គោក្របី មាន់ទា ខ្លះលក់ស្រែចម្ការ កេរម៉ែឪ និងទ្រព្យសម្បត្តិបន្តិច បន្តួចដែលខ្លួនមានដើម្បីជួយបក្ស នឹកសង្ឃឹមថាបក្សនឹងសងតំណែងឱ្យ។ សងឯណា បើជួបនរណាក៏សន្យាឱ្យតំណែងលក់តំណែងដើម្បីបានប្រាក់។
មន្ត្រីបក្សប្រឆាំងប្រាប់អ្នកក្នុងស្រុកឱ្យបង់ប្រាក់ ឱ្យបានទៀងទាត់ បើពុំនោះទេនឹងត្រូវពិនិត្យដកចេញ ដាក់សម្ពាធសព្វបែបយ៉ាងដល់សមាជិកខ្លួន មើលតែសមាជិក ខ្លួនមានលុយហូរហៀរ។ តែបើនៅចំពោះមុខអនិកជនខ្មែរ និយាយថា បេក្ខជនខ្លួន និងបក្សខ្លួនក្រីក្រគ្មានលុយទេ។ តើឱ្យរាស្ត្រជឿមួយណាឥឡូវ? ពិតជាបោកប្រាស់ មែន! បក្សនេះមិនមែនត្រឹមតែធ្វើគោលនយោបាយបោកប្រាស់ រាស្ត្រនោះទេ ការបោកប្រាស់នេះចាប់ពីសកម្មជនរបស់ខ្លួនតែម្តង ដែលធ្វើឱ្យសកម្មជនខ្លះមាន វិបត្តិផ្លូវចិត្ត តូចចិត្ត និងកើតជាជំងឺផ្សេងៗដោយសារតែការរំពឹងរបស់គាត់ខ្ពស់ពេក ចំពោះការសន្យាខ្យល់របស់បក្សប្រឆាំង។
ប្រសិនបើអ្នកគាំទ្ររបស់ខ្លួនដឹងថា ថវិកាដែលខ្លួនបានបរិច្ចាកមិនបានចូលក្នុងហិបបក្ស តែគ្រប់គ្រងដោយបុគ្គលជាអ្នកនយោបាយ ទំនងនឹងធ្វើឱ្យពួកគាត់កាន់តែ ឈឺចាប់ថែមទៀត ព្រោះខំបេះពីមាត់ ពីកយកមកជួយបក្ស តែតាមពិតមកជួយ បុគ្គលជាអ្នកនយោបាយឱ្យធ្វើមានធ្វើបានសោះ ចំណែកខ្លួនឯងជំពាក់ការ ប្រាក់គេវ័ណ្ឌក។
តើសកម្មជនបក្សប្រឆាំងអាចទាមទារឱ្យថ្នាក់ដឹកនាំបក្សប្រឆាំង ធ្វើការឱ្យមានតម្លាភាពជាងនេះបានទេ បើខ្លួនប្រាថ្នាចង់ដឹកនាំប្រទេសមែននោះ? ចោទបក្សកាន់ អំណាចថា ពុករលួយផ្តាច់ការ ប៉ុន្តែបក្សប្រឆាំងខ្លួនឯងភ្លេច ឆ្លុះកញ្ចក់មើលខ្លួនឯង តាមពិតគឺមានប្រព័ន្ធពុករលួយយ៉ាងរឹងមាំលុយបរិច្ចាករបស់ពលរដ្ឋចូល ក្នុងហោប៉ៅបុគ្គល ហើយបានយកមកជួយបក្សវិញ។ តើនរណាទៅជឿថាមាន់ពងលើស្រូវហើយមិនស៊ីស្រូវនោះ ព្រោះមេដឹកនាំបក្ស ប្រឆាំងបានជាប់ឈ្មោះជា «មេបក្សមេមាន់» រួចទៅហើយនោះ?
ដោយសារតែប្រព័ន្ធគ្រប់គ្រងថិវកាមិនមានតម្លាភាព និងមានការគាបសង្កត់ឱ្យបង់ប្រាក់ដើម្បីបម្រើបុគ្គល ដូច្នេះហើយបានជាសកម្មជនបក្សរួមនឹងបេក្ខភាព ឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រាប់ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជាបានចាកចេញពីបក្សដោយចោទ ថាពុករលួយ និងអយុត្តិធម៌ និងបានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដ៏ធំមួយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមក នូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន។ ការចូលរួមដោយសារតែពួកគាត់លើកឡើងថាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើគឺដើរលើផ្លូវត្រូវ និងបាន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន៕
ដោយ៖ ចៅចាក់ស្មុក