(ភ្នំពេញ)៖ សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការប្រកាសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅទីស្នាក់ការរបស់អង្គការអន្តរសាស្រ្ត ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលពួកគេធ្វើសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ៣លក្ខខណ្ឌផ្សេងទៀត។ នេះបើតាម លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ។
បើតាមរបាយការណ៍របស់ សមត្ថកិច្ចនៃស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមាជិករណសិរ្សរំដោះជាតិខ្មែរទាំង៣រូបនោះ រួមមាន ទី១.ឈ្មោះ ធុយ វី ទី២.ឈ្មោះ ឃុន សាវៈខែត្រ និងទី៣. ឈ្មោះ សុភា។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃពុធតែម្តង។
លោក ស៊ឹម វុទ្ធី បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជនទាំង៣នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួននោះ មានម្នាក់ជាជំនួយការរបស់ លោក សម សេរី ដែលជាមេដឹកនាំបង្កើតរដ្ឋាភិបាលនីរទេស ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ចំណែក២នាក់ទៀត គឺជាអ្នកផ្តល់ទីតាំងដើម្បីធ្វើសន្និសីទកាសែត និងជាសមាជិករណសិរ្យរំដោះជាតិខ្មែរ។
លោកបានថ្លែងបញ្ជាក់ទៀតថា សមាជិករណសិរ្យរំដោះជាតិខ្មែរ ទាំង៣នាក់នេះ បានធ្វើសន្និសីទ ដោយទាមទារ ចំនួន៤ចំណុចក្នុងនោះរួមមាន៖ ទី១៖ ស្នើឱ្យអនុញ្ញាតឱ្យអង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ទី២៖ការទាមទារឱ្យមានការដោះលែងអ្នកទោស ទី៣៖ ស្នើឱ្យប្រទេសមហាអំណាចពិនិត្យឡើងវិញចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទី៤៖ ស្នើសុំឱ្យលើកលែងការចោទប្រកាន់ទៅលើ លោក សម សេរី ដែលជាមេក្លោងរបស់ពួកគេជាដើម។
សូមបញ្ជាក់ថា លោក សម សេរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងគម្រោងការណ៍ផ្តួលរំលំរដ្ឋាភិបាលបរាជ័យ រួមទាំងការប្រកាសបង្កើតរដ្ឋាភិបាលនីរទេស។
កាលពីខែតុលា ឆ្នាំ២០១៤ នគរបាលក៏បានចាប់ខ្លួនមនុស្សចំនួន១០នាក់ ដែលសមាជិកនៃក្រុមរណសិរ្សរំដោះជាតិខ្មែរផងដែរ ខណៈដែលពួកគេ ធ្វើសកម្មភាពចែកចាយសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មប្រឆាំង នៅខាងមុខសាលារាជធានីភ្នំពេញ។ សមាជិករណសិរ្យរំដោះជាតិខ្មែរទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាតិ៕