(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តតែងតាំង លោក Edouard Philippe ជានាយករដ្ឋមន្ត្រី បារាំង ដើម្បីបង្កើត និងដឹកនាំរដ្ឋាភិបាលរបស់លោក ខណៈការបោះឆ្នោតសភានឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ និងទី១៨ ខែមិថុនាខាងមុខនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
លោក Edouard Philippe មានអាយុ៤៦ឆ្នាំ ជាអភិបាលក្រុង Le Havre និងអ្នកតំណាងរាស្ត្រត្រូវបានលោក Macron តែងតាំងជានាយករដ្ឋមន្រ្តីបារាំង នៅឯ Matignon (ទីស្នាក់ការនាយករដ្ឋមន្ត្រីបារាំង)។ បន្ថែមពីលើនេះ លោក Edouard Philippe គឺជាអ្នកសាធារណៈរដ្ឋស្ដាំនិយមម្នាក់ ដូច្នេះការតែង តាំងនេះ ត្រូវបានគេមើលឃើញថា លោក Macron មានបំណងបង្ហាញពីសមត្ថភាពរបស់លោក ក្នុងការប្រមូលផ្ដុំអ្នកនយោបាយនៅក្នុងជួររដ្ឋាភិបាលថ្មី របស់លោក ដោយផ្អែកគោលការណ៍ «និយមកណ្ដាល» ពោលគឺមិនមែនស្ដាំនិយម ហើយក៏មិនមែនឆ្វេងនិយមដែរ»។
គួរបញ្ជាក់ថា នៅចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ លោក Edouard Philippe បានបំពេញការងារជានាយកកិច្ចការសាធារណៈនៃក្រុមហ៊ុនថាមពល នុយក្លេអ៊ែររដ្ឋ Areva មុននឹងក្លាយជាសមាជិកសភានៅឆ្នាំ២០១២ និងជាអភិបាលក្រុង Le Havre ក្នុងឆ្នាំ២០១០៕