(បារាំង)៖ ក្រោយលោក Macron ជាប់ឆ្នោតនោះ, នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំងលោក Macron បានស្បថចូលកាន់តំណែងជាផ្លូវការហើយ។ ដោយអតីតប្រធានាធិបតីបារាំងលោក ហូឡង់ ក៏បានអញ្ជើញចាកចេញពីវិមានប្រធានាធិបតី Elysee រួចហើយ។
លោក Macron ត្រូវបានជាប់ឈ្មោះជាប្រធានាធិបតីវ័យក្មេងជាង ដោយមានវ័យត្រឹមតែ៣៩ឆ្នាំប៉ុណ្ណោះ។ លោកធ្លាប់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខែសីហា ឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Macron លេចធ្លោដោយសារការជម្រុញ កំណែទម្រង់ពាណិជ្ចកម្មបែបមិត្តភាព។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លោក Macron បានលាលែងពីដំណែងរដ្ឋាភិបាល នៅមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៧។
លោកប្រធានាធិបតីបារាំង Emmanuel Macron មានភរិយាគឺលោកស្រី Brigitte Trogneux (ស្រ្តីទី១របស់បារាំង) ដែលមានវ័យចំណាស់ជាងលោករហូតដល់២៤ឆ្នាំ។ បុរសវ័យ៣៩ឆ្នាំរូបនោះបានប្រកាសក្នុងពេលដែលលោកទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជុំទីមួយ ដែលប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅថា «បើគ្មាននាង ខ្ញុំប្រហែលមិនមែនជាខ្ញុំក្នុងពេលនេះនោះទេ»៕