(ភ្នំពេញ)៖ លោក អ៉ី ឈាន បានថ្លែងដូច្នេះក្នុងឱកាសដែលលោក និងលោកស្រីអ្នកតំណាងរាស្រ្ត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៥៥នាក់ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។ ដោយលោកបានគូសបញ្ជាក់បន្ថែមថា មុននឹងយើងទាំងអស់គ្នាទទួលបានសុខសន្តិភាពពេញលេញយើងទាំងអស់គ្នា បានយកសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតទៅប្តូរ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវបន្តគាំទ្រ និងថែរក្សាវាឲ្យនៅគង់វង្ស និងស្ថិតស្ថេរ តទៅទៀត សម្រាប់ប្រទេសជាតិរបស់យើង បន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមដោយនិរន្តរ៍។
ក្រៅពីថ្លែងដូចនេះ លោក អ៊ី ឈាន បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អ និងដល់ថ្ងៃបោះឆ្នោតសូមកុំភ្លេចអញ្ជើញ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងលោកស្រីអ្នកតំណាងរាស្រ្ត បានរៀបចំឡើងតាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដោយបានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបប្រមាណជិត ៤ម៉ឺននាក់ ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ៕