(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង២០០០នាក់ នៅឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ដោយលោកស្រីអំពាវនាវឲ្យសមាជិកសមាជិកា ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ក៏បាននាំនូវការផ្តាំផ្ញើការសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូលផងដែរ។

លោកស្រីបានបន្តទៀតថា ការប្រជុំនាថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបនូវការយល់ដឹងអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារ និងសមាជិករបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ត្រៀមខ្លួនចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី ៤ ដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ។

ជាពិសេស សមាជិកបក្សម្នាក់ៗត្រូវចលនា និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធិផលថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបាន ជូនដល់បងប្អូនរបស់ខ្លួន ត្រូវគូសឲ្យចំរូបសញ្ញាទេវតាបាចផ្កា។

មុននឹងបញ្ជប់ លោកស្រីក៏បានចូលរួមសោកស្តាយ និងចូលរួមមរណទុកជាមួយក្រុមទាហានមួកខៀវ ៤នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងពេលបំពេញបេសកកម្មនៅអាហ្រ្វិកណ្តាល និងសូមឲ្យវិញ្ញាន្ខន្ធបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត៕