(ភ្នំពេញ)៖ ពលករខ្មែរដែលលោតពីលើទូក នេសាទថៃចូលទឹកសមុទ្រ គេចពីការប៉ងសម្លាប់ ហើយត្រូវទាហានជើងទឹកប្រ៊ុយណេជួយជីវិតនោះ នឹងមកដល់ខ្មែរនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការរវាងមន្រ្តីទូតកម្ពុជា ជាមួយសេនានុពន្ធ័យោធាប្រ៊ុយណេ នឹងមន្ត្រីប៉ូលីសអន្តោប្រវេសន៍សឹង្ហបុរី។
លោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការព័ត៌មានសន្តិសុខលម្ហសមុទ្រ នៅមឈ្ឈមណ្ឌលប្រមូលផ្ដុំចែកចាយព័ត៌មាន IFC ប្រទេសសឹង្ហបុរី បានរាយការណ៍ថា ភាគីកម្ពុជាបានទទួល យកបុរសនេសាទខ្មែរម្នាក់ ពីនាវាកងទ័ពជើងទឹកប្រ៊ុយណេ DARUSSALAM នៅវេលាម៉ោង២រសៀលថ្ងៃម្សិលមិញ បានប្រកបដោយជោគជ័យ ក្រោមកិច្ចសហការ រវាងមន្រ្តីទូតកម្ពុជា ជាមួយសេនានុពន្ធ័យោធាប្រ៊ុយណេ នឹងមន្ត្រីប៉ូលីសអន្តោប្រវេសន៍សឹង្ហបុរី។
ប្រតិបត្តិការនេះ មានការចូលរួមពី៖ អនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការនៅ IFC, អនុនាវីឯក Laila Haliph នាយនាវីប្រចាំការប្រ៊ុយណេ, លោក គាម សារ៉ាត់ ទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំសឹង្ហបុរី នឹងមន្រ្តីទូត២នាក់ លោកវរសេនីយទោ Abuhussin bin Abu Sahat លោក វរនាវីឯក Raymond Ong ប្រធាន IFC។
លោកបានបន្ថែមថា ស្ថានទូតបានកក់សំបុត្រយន្តហោះសំរាប់លោក វឿន វ៉ុន រួចរាល់ និងអាចវិលត្រឡប់ទៅកម្ពុជា នៅរសៀលថ្ងៃរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ វេលាម៉ោង២៖៤០នាទី តាមជើងយន្តហោះ Jetsatr 3k 593។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានជនជាតិខ្មែរម្នាក់ បានលោតចេញពីទូកនេសាទថៃ ដើម្បីគេចពីការសម្លាប់ពីអ្នកនៅលើទូកនោះ ហើយហែលទឹកសមុទ្រដោយប្រើធុងស្ពេត្រូតែមួយគត់ ឆ្លងចូលដែនទឹក នៃប្រទេសម៉ាឡេស៊ី តែសំណាងណាស់ ព្រោះបានកងទ័ពជើងទឹកព្រុយណេ ជួយសង្គ្រោះទាន់ពេលវេលាពេលធ្វើដំណើរឆ្លងកាត់។
អនុនាវីឯក ម៉ៅ សុវណ្ណដា បានថ្លែងថា កាលដែលបានជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះម្នាក់នេះបាន ដោយនាវាកងទ័ពជើងទឹកព្រុយណេ ខណៈកំពុងធ្វើដំណើរឆ្ពោះមកប្រទេសសិង្ហបុរី ដោយឆ្លងកាត់ដែនទឹកប្រទេសម៉ាឡេស៊ី នៅចំណុច Lat 540.178N Long 111 16.866E ភាគពាយ័ព្យនៃកោះ Sarawak ប្រមាណ១៧៥គីឡូម៉ែត្រ ទើបឃើញមានមនុស្សអណ្តែតនៅលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បានជួយសង្គ្រោះបាន ដឹកបញ្ជូនទៅប្រទេសសិង្ហបុរីជាមួយុ។
ពលរដ្ឋខ្មែរដ៏កំសត់ម្នាក់នោះ មានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បានទៅធ្វើការនៅទូកនេសាទមួយ មានឈ្មោះ ថាឡេថង១ ជារបស់ក្រុមហ៊ុនមួយនៅប្រទេសថៃ។
លោក សុវណ្ណដា បានបន្តថា បានជាបុរសខាងលើ ដាច់ចិត្តហ៊ានលោតចោលទូកនេសាទចូលទឹកសមុទ្រ នាពេលនោះ ដោយសារពួកអ្នកធ្វើការ លើទូកជាមួយគ្នានោះ បានព្យាយាមដេញចាក់សម្លាប់គាត់លើទូក គាត់ក៏ដាច់ចិត្តលោតចូលទឹកសមុទ្រ ជាមួយធុងស្ពេត្រូនោះតែម្ដងទៅ ហើយបានហែលទឹកសមុទ្រពីកន្លែងទូកនោះ ទៅដល់ព្រំដែនទឹកប្រទេសម៉ាឡេស៊ី៕