(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយចំនួន ទៅចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន រយៈពេល៥ថ្ងៃ។
ការអញ្ជើញទៅចូលរួមវេទិកាខាងលើរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន។ គណៈប្រតិភូជាន់ខ្ពស់ ដែលអមសម្តេចតេជោ ទៅចូលរួមវេទិកានេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន, រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។
ការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលដទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំ ដែលមាន លោក ហ្ស៊ី ជិនពីង ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនោះ ដែលមានប្រធានបទ «ពង្រឹងចំណងទាក់ ទងរវាងប្រជាជន និងប្រជាជន»។ ទន្ទឹមនឹងកិច្ចប្រជុំនេះ សម្តេចតេជោ នឹងមានជំនួបជាមួយ លោក អ៊ែដេណឺបាត ចាហ្គាល់ទុលហ្គា នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងទទួលជួបសម្តែងការគួរសមពីប្រធានក្រុមហ៊ុនចិនមួយចំនួនផងដែរ។
អំឡុងបំពេញទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំចិន រួមមាន ជំនួបជាមួយ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង, លោកនាយករដ្ឋមន្រ្តី លី ខឹឈាង, លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ផឹងស៊ីង ប្រធានសភាប្រឹក្សានយោបាយចិនផងដែរ៕