(ប៉េកាំង)៖ បណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ចិននាថ្ងៃសុក្រនេះ បានជួបសំណេះសំណាលគ្នា ជាមួយប្រធានាធិបតីវៀតណាម​លោក Tran Dai Quang និងបានធ្វើការប្តេជ្ញាយ៉ាងមុតមាំថា នឹងរឹងបន្តឹងចំណងមិត្តភាពដ៏ស្អិតរមួតប្រៀបដូចជាបងប្អូន​រវាង​ប្រទេស​ទាំងពីរ ឲ្យ​​កាន់​តែប្រសើរឡើងជាងមុនថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅ​យប់​ថ្ងៃ​សុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ក្រោយជំនួបដ៏វិជ្ជមានជាមួយប្រធានាធិបតីចិនលោក Xi Jinping ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ក៏បាន​ធ្វើការ​​ជជែកពិភាក្សា នៅក្នុងជំនួបដាច់ដោយឡែកមួយ ជាមួយនាយករដ្ឋមន្រ្តីលោក Li Keqiang និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​ចិន​មួយ​​ចំនួនទៀតផងដែរ។ នាឱកាសនោះលោក Li បានថ្លែងថាភាគីទាំងពីរ គួរតែធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើក​កម្ពស់សន្តិភាពនិងវិបុលភាព នៅតាមខ្សែបន្ទាត់ព្រំដែនចិន-វៀតណាម ក៏ដូចជាក្នុងតំបន់ទាំងមូល។

លើសពីនេះ លោក Zhang Dejiang ប្រធានគណៈកម្មាធិការអនិច្រ្តៃយ៍នៃសភាប្រជាជនចិន បាន​លើក​ឡើង​ថា​ទំនាក់​ទំនង​ចិន-វៀតណាម បាន​បង្ហាញឲ្យឃើញពីសញ្ញាដ៏វិជ្ជមានជាច្រើន ដោយសារតែប្រទេសទាំងពីរបានប្តេជ្ញា ចំពោះចំណង​មិត្ត​ភាព​រយៈ​ពេលយូរ។ ម៉្យាង​វិញទៀត នៅក្នុងជំនួបរវាងលោកទាំងពីរ លោក Quang ដែលបាននិងកំពុងស្ថិតក្នុងដំណើរបំពេញ​ទស្សន​កិច្ច នៅឯ​ប្រទេសចិន បានថ្លែងថា ប្រទេសវៀតណាម ពិតជាមានឆន្ទៈក្នុងការពង្រឹង​មិត្ត​ភាព​ជ ​បងប្អូនដ៏ស្មោះ​ស្ម័គ្រ​វៀតណាម-ចិន ​ដើម្បីធានាឲ្យបាននូវទំនាក់ទំនងទ្វេភាគី ដែលពោពេញដោយផាសុខភាពនិងស្ថិតស្ថេរគង់វង្ស​បាន​យូរ​អង្វែង​។

ជាមួយគ្នានេះលោក Yu Zhengsheng ប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សា ពិគ្រោះយោបល់របស់ប្រជាជនចិន ក៏បាន​និយាយដែរថា ចិននិងវៀតណាមគឺជាអ្នកជិតខាងដ៏ល្អ និងមានប្រព័ន្ធនយោបាយក៏ដូចជា កំពុងប្រឈមជាបញ្ហាលំបាក​ពាក់​ព័ន្ធ​នឹងការអភិវឌ្ឍន៍ដូចគ្នា ព្រមទាំងមានទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការវិជ្ជមានជានិច្ច។ លើសពីនេះមន្រ្តីជាន់ខ្ពស់​​រដ្ឋា​ភិបាលចិនមួយរូបទៀតគឺលោក Liu Yunsha បានបន្ថែមថា ចិននិងវៀតណាម មានអនាគតរួមគ្នាតែមួយ ហើយប្រទេសទាំង​ពីរ​គួរតែជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់មិនថាគ្រោះលំបាកក៏ដូចជាពេលវេលាសុខសប្បាយនោះឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីវៀតណាមលោក Tran Dai Quang កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅ​ឯប្រទេសចិនចាប់​ពីថ្ងៃទី១២ដល់ទី១៥ ខែឧសភានេះ ហើយនឹងចូលរួមក្នុងវេទិកាស្តីពីកិច្ចផ្តួចផ្តើមផ្លូវមួយនិងខ្សែក្រវ៉ាត់មួយ សម្រាប់កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ដល់ទី១៥ ខាងមុខនេះ នៅក្នុងទីក្រុងប៉េកាំង៕