(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានធ្វើជំនួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីវៀតណាម លោក Tran Dai Quang នៅថ្ងៃទី១១ ខែឧសភា ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឈានទៅកាន់ដំណាក់កាលថ្មីមួយ។ នេះបើតាមសារព័ត៌មានស៊នហួ ចុះផ្សាយនាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
ប្រធានាធិបតីវៀតណាម លោក Quang បាននឹងកំពុងធ្វើដំណើរទស្សនៈកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥ ខែឧសភានេះ ហើយនឹងចូលរួមក្នុងវេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភាខាងមុខនេះ ក្នុងទីក្រុង Beijing។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងហើយ របស់លោកប្រធានាធិបតីវៀតណាម Quang ទៅកាន់ប្រទេសចិន ចាប់តាំងពីលោក ឡើងកាន់តំណែង កាលពីខែមេសា ឆ្នាំ២០១៦។
សូមជំរាបថា ប្រធានាធិបតី ស៊ី ធ្លាប់បានជួបទ្វេភាគីជាមួយលោក Quang កាលពីខែវិច្ចិកា ឆ្នាំមុន ក្នុងជំនួបដាច់ដោយឡែកមួយពីកិច្ចប្រជុំមេដឹកនាំ សេដ្ឋកិច្ច APEC ក្នុងទីក្រុង Lima ប្រទេសប៉េរូ ដោយភាគីទាំងពីរបានសម្រេចនូវកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រទ្វេរភាគីស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
ក្រៅពីការជួបជាមួយប្រធានាធិបតីវៀតណាម លោក Xi បានអញ្ជើញលោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មការធិការកណ្តាល បក្សកុម្មុយនីសវៀតណាម ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីខែមករាកន្លងទៅ។ លោក Xi និងលោក Trong បានផ្លាស់ប្តូមតិគ្នា ស៊ីជម្រៅ លើបញ្ហាសំខាន់ៗដែលកំពុងព្រួយបារម្ភ និងបានបញ្ជាក់ពីទិសដៅ នៃទំនាក់ទំនងរបស់ចិននិងវៀតណាមផងដែរ៕