(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿនណែនាំប្រាប់ដល់អ្នកសរសេរព័ត៌មានឲ្យវិទ្យុអាស៊ីសេរី និងកាសែត Cambodia Daily ថា ពួកគេសរសេរព័ត៌មានអាក្រក់ពីសម្ដេចជិត២០ឆ្នាំហើយ តែសម្ដេចមិនខឹងសម្បារអ្វីទេ មានតែស្នើទៅវិញថា សូមឲ្យសរសេរ ព័ត៌មានត្រឹមត្រូវ តាមការពិត មិនលំអៀងទោរទន់ទៅខាងបរទេស ហើយគួរកុំឱនក្បាលបម្រើបរទេសទាំងនោះឲ្យសោះ។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងសន្និសីទជាមួយបណ្ដាញព័ត៌មាននានា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ានឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានពណ៌នាបន្ថែមថា បើទោះជាអ្នកសរសេរព័ត៌មានឲ្យកាសែត Cambodia Daily ដែលជាអង្គភាពកាសែតបរទេសនោះ បានសរសេរព័ត៌មានបង្កាច់បង្ខូចសម្ដេច នាពេលកន្លងមក យ៉ាងណាក៏ដោយ ក៏សម្ដេចមិនដាច់ចិត្តបោះបង់ចោល ទ្រាំឈរមើលអតីតបុគ្គលិកកាសែត Cambodia Daily ដែលសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ រងទុក្ខវេទនាដោយជំងឺ និងជីវភាពក្សត់ខ្សោយនោះឡើយ។ ជាក់ស្ដែងនៅថ្ងៃម្សិលមិញ សម្ដេចតេជោ បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារ ជូនបុគ្គលិករបស់កាសែត Cambodia Daily ម្នាក់បានធ្លាក់ខ្លួនឈឺជាទម្ងន់។
សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា គ្មានប្រជាជាតិណាស្រឡាញ់ និងយកចិត្តទុកដាក់ជាងប្រជាជាតិខ្មែរគ្នាឯង នោះឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរមិនត្រូវងប់ក្បាលជ្រុលនិយមជាមួយពួកបរទេស ដែលតែងតែឈ្នានីសប្រទេសកម្ពុជាខ្លាំងពេកនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមក្មួយៗទាំងពីរនាក់ ដែលជាវិទ្យុអាស៊ីសេរី និង Cambodia Daily ត្រូវសរសេរឲ្យបាន ត្រឹមត្រូវ ព្រោះនេះកំពុងផ្សាយបន្តផ្ទាល់ច្រើនវិទ្យុ ច្រើនទូរទស្សន៍ណាស់ក្មួយ បើក្មួយយកទៅសរសេរខុស អត្ថាធិប្បាយខុស នោះនឹងគេបានឃើញថា ពួកក្មួយៗដែលធ្វើការឲ្យបរទេស គឺពិតជាខ្ញុំបម្រើបរទេសពិតប្រាកដហើយ ពូមិនចង់ឮពាក្យទាំងនេះទេ អ្នកសរសេរឲ្យ Cambodia Daily ម្នាក់ ឈ្មោះរិទ្ធ សរសេរជេរពូស្ទើរតែ២០ឆ្នាំ ពេលដែលឈឺ Cambodia Daily បោះបង់ចោល ម្សិលមិញពូបានបញ្ជូនលុយ២ម៉ឺនដុល្លារសម្រាប់សង្រ្គោះគាត់ ក្មួយត្រូវយល់ទឹកចិត្តខ្មែរមានដូចគ្នា ក្មួយកុំទៅជ្រុលនិយមតាមជនបរទេស វាប្រសើរជាង នេះជាការដាស់តឿនទេក្មួយ តែមិនមែនឲ្យក្មួយឈប់ប្រឆាំងនឹង ពូនោះទេ ប្រសិនក្មួយជាអ្នកប្រឆាំងមនុស្សរាប់លាននាក់កំពុងមើលតាមទូរទស្សន៍»។
មិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅបុគ្គលិកសរសេរព័ត៌មានរបស់អង្គភាពទាំងពីរខាងលើនេះ ក៏ដូចជាអង្គភាពសារព័ត៌មាន ដទៃទៀតថា សូមសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ ដោយសុក្រឹតភាព តម្លាភាព មិនលំអៀង កុំទោរទន់ពីម្ខាងទៅម្ខាងខុសស្ថានភាពជាក់ស្ដែងឲ្យសោះ តួយ៉ាងដូចវេទិកាពេលនេះជាដើម ព្រោះមានមនុស្សរាប់លាននាក់ កំពុងតែទស្សនាការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ជាច្រើន៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖