(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៧ ថា បើគណបក្សប្រឆាំងនៅតែ បន្តសកម្មភាព មិនចូលរួមបង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ សម្តេចបាន
លើកឡើងទៀថា៖ «មិនទាន់ទាំងដឹងលទ្ធផលផង ឆេះឡានអស់ម៉ាណ នៅស្ទឹងមានជ័យ អ្នកឯងធ្វើសកម្មភាពជាច្រើនកន្លែង មិនឲ្យប្រជាពលរដ្ឋចូល បោះឆ្នោត។ តែកុំភ្លេចថា ឆ្នាំ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងបែបនេះ កម្លាំងប្រដាប់អាវុធ ត្រូវចេញបង្ក្រាបភ្លាម។ ខ្ញុំសូមព្រមានទុកឲ្យហើយ កុំឲ្យសភាពការណ៍ឆ្នាំ ២០១៣ វិលមកវិញ ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ រួមទាំងគណបក្សប្រឆាំង គឺបានមកពីការពលីរបស់អតីតយុទ្ធជន ក៏ដូចជាកងកម្លាំង នាពេលបច្ចុប្បន្នផងដែរ។ នេះគឺជាការព្រមានទុកជាមុនរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈមន្ត្រីបក្សប្រឆាំងមួយចំនួនបាន និងកំពុងដើរញុះញង់ ប្រជាពលរដ្ឋឱ្យងើបឡើងការពារសន្លឹកឆ្នោតរបស់ខ្លួនតាមគ្រប់រូបភាព។

ដោយសារតែពាក្យញុះញង់លើគ្រប់រូបភាពទាំងនេះ រួមទាំងការរើសអើងប្រកាន់បក្សពួកជាតិសាសន៍នេះ ហើយដែលនៅក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ ២០១៣ ក្រុមសកម្មជន និងអ្នកគាំទ្របក្សប្រឆាំងមួយចំនួនបានដើរអុកឡុក តាមការិយាល័យបោះឆ្នោតមួយចំនួនបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ ហើយរហូតដល់មានការប្រឈមមុខគ្នាជាមួយកម្លាំងសម្ថកិច្ចថែមទៀតអំឡុងពេលនៃដំណើរការបោះឆ្នោត។ មិនតែប៉ុណ្ណោះពួកគេ បានរំខានដល់ដំណើរការរាប់សន្លឹកឆ្នោត ព្រមទាំងប្រមាថមន្ត្រីរៀបចំការបោះឆ្នោតនៅតាមការិយាល័យមួយចំនួនផង។

នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទើបនឹង ប្រកាសលទ្ធផលបោះឆ្នោត សម រង្ស៊ី ដែលនៅពេលនោះជាប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា បក្សរបស់ខ្លួន បានឈ្នះការបោះឆ្នោត ប៉ុន្តែបន្តិចក្រោយមកបានកែប្រែសេចក្តីប្រកាសជ័យជម្នះរបស់ខ្លួនមកជាអបអរសាទរដល់ ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតបានច្រើនកុះករទៅវិញ។ ហេតុអ្វីបានជា សម រង្ស៊ី ចេញមកប្រកាសថា ឈ្នះការបោះឆ្នោតនៅពេលមិនទាន់ រាប់សន្លឹកឆ្នោតចប់សព្វគ្រប់ ខណៈមុនការបោះឆ្នោត អ្នកនយោបាយអង្ករ កំប៉ុងរូបនេះតែងតែប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងអំពាវនាវឱ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ លទ្ធផលបោះឆ្នោត មុនការបោះឆ្នោតមកដល់?

១៖ សម រង្ស៊ី បានចេញមកប្រកាសថា ខ្លួនឈ្នះការបោះឆ្នោតនេះគឺគ្រាន់តែជាលេសមួយដើម្បីញុះញង់ បញ្ឆេះកំហឹងអ្នកគាំទ្រខ្លួនឱ្យកាន់តែស្អប់ និងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាថែមទៀត និងអាងអូសទាញ អ្នកទាំងនោះមកធ្វើបាតុកម្មប្រឆាំង នឹងលទ្ធផលបោះឆ្នោត ហើយនឹងមានបំណង ក្នុងការប្រើប្រាស់អំណាចប្រជាពលរដ្ឋដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរបៀបបដិវត្តន៍ពណ៌ ដូចនៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ាមួយចំនួន បានធ្វើនៅពេលនោះ។ ប្រសិនបើមិនចេញមកប្រកាសទទួលជ័យជម្នះទេ សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនអាចកៀរគរអ្នកគាំទ្រ មកធ្វើបាតុកម្មបានឡើយ។ បាតុកម្មដែលធ្វើក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ចេញពីការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ទាមទារនេះទាមទារនោះ ដាក់ទម្ងន់លើការចរចាបែងចែកអំណាច ខណៈគេដឹងថាអ្នកនយោបាយនៃបក្សប្រឆាំងបានប្រកាន់ «នយោបាយមេមាន់» និងរហូតដល់ហ៊ានសាកកម្លាំង
ដើម្បីប្តូររបបដឹកនាំនៅកម្ពុជា តាមរយៈការប្រមូលមនុស្សពីតាមខេត្តនានាមកតវ៉ានៅភ្នំពេញ និងប្រើយុទ្ធសាស្ត្របិទផ្លូវបង្កកការស្ទះចរាចរណ៍ដើម្បី បង្ហាញថាមានអ្នកគាំទ្ររបស់ខ្លួនច្រើន។ បាតុកម្មដែលបានធ្វើឡើងជាច្រើនខែ និងបង្កការខឹងសម្បារពីសំណាក់ប្រជាជនជាច្រើនដែល ធុញថប់នឹងការកកស្ទះចរាចរណ៍ និងធ្វើឱ្យរំខានដល់ការ បើកអាជីវកម្មរបស់ពួកគាត់។ សម រង្ស៊ី បក្សប្រឆាំង បានប្រើការញុះញង់ រើសអើងប្រឆាំងជាតិសាសន៍ជាពិសេស ប្រឆាំងនឹងជនជាតិវៀតណាម និងបញ្ឆេះឱ្យមានកំហឹងវណ្ណៈ ព្រមទាំងការសងសឹកគ្នាក្នុងសង្គមខ្មែរ។

២៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៧ កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រខ្លួននៅរដ្ឋកាលីហ្វ័រនីញ៉ា ដោយថ្លែងអំណរគុណពួកគេដែលបានផ្តល់លុយ ដល់បក្សខ្លួនសម្រាប់ធ្វើបាតុកម្មនៅអំឡុងឆ្នាំ ២០១៣។ ពេលនេះ ទាំងអតីតប្រធានបក្ស និងមេបក្សថ្មីព្រមទាំងមន្ត្រីរបស់ខ្លួនកំពុងតែដើរទូងស្គរអះអាងថា នៅក្នុងការបោះឆ្នោតខាងមុខ បក្សខ្លួននឹងឈ្នះការបោះឆ្នោត។ ជាការប្រកាសជ័យជម្នះខ្យល់ជាមួយការសន្យាខ្យល់ដើម្បីប្រមូលថវិកាពីអ្នក គាំទ្ររបស់ខ្លួន។ ការគាំទ្រដែលមានការធ្លាក់ចុះច្រើនទាំងនៅអាមេរិក កាណាដា អឺរ៉ុប អូស្ត្រាលី កូរ៉េខាងត្បូងជាដើម។ គណនី ហ្វេសប៊ុកឈ្មោះ Ratanak Sok បានសរសេរនៅលើទំព័រហ្វេសប៊ុកចៅចាក់ស្មុកថា៖ «ជាទូទៅខ្មែរនៅបរទេសជឿជាក់ថា ទោះបីបោះឆ្នោតយ៉ាងណា ក៏មិនអាចយកឈ្នះបក្សប្រជាជន ឡើយ ហើយការណ៌ដែលខ្មែរ នៅក្រៅប្រទេសបានចូលលុយយ៉ាងច្រើនកាលពីបោះឆ្នោតឆ្នាំ ២០១៣ ពីព្រោះពួកគាត់ចាញ់បោកមេបក្សប្រឆាំងថា ទោះបីបាញ់ឆ្នោត តែបក្សប្រឆាំងនឹងប្រើអំណាចប្រជាជនធ្វើបដិវត្តន៌ផ្តួលរដ្ឋាភិបាលឲ្យបានពីព្រោះលើកនេះ ប្រជាជនមិនខ្លាចដូចកាល បោះឆ្នោតឆ្នាំ ១៩៩៨ ទេ ប៉ុន្តែលទ្ធផលចុងក្រោយ ត្រូវរាជរដ្ឋាភិបាលបង្រ្កាបលែងងើបរួចរហូតដល់សព្វថ្ងៃ ហេតុដូច្នេះហើយទើបខ្មែររស់នៅបរទេស លែងជឿសំដីអួតក្អេងក្អាង ភូតកុហក់របស់មេបក្ស CNRP ទៀត! នេះគឺជាមូលហេតុធំបំផុតដែលធ្វើឲ្យការរ៉ៃអង្គាសលុយរបស់​ បក្សប្រឆាំងធ្លាក់ចុះយ៉ាងខ្លាំង»។

៣៖ ដោយសារតែមានផែនការប្រើអំណាចប្រជាជនធ្វើបដិវត្តន៍នេះហើយបានជា នៅអំឡុងពេលនៃការតវ៉ា ឆ្នាំ ២០១៣ អ្នកចូលរួមបាតុកម្ម របស់បក្សប្រឆាំងបានរៀបចំកម្លាំង និងបានធ្វើសកម្មភាពយ៉ាងប្រទាក់ក្រឡាគ្នាក្នុង បំណងប្រឆាំងនឹងកម្លាំងសមត្ថកិច្ច ហើយពេលខ្លះបានប្រើប្រាស់ដុំថ្ម ដបសាំងគប់មកលើកម្លាំងសមត្ថកិច្ច ធ្វើឱ្យ សមត្ថកិច្ចមួយចំនួនរងរបួស។ សម រង្ស៊ី និងគូកនមួយចំនួន ព្រមទាំងសង្គមស៊ីវិលដែលមានភាពលម្អៀងដូចជា វន ពៅ ជាដើមបានដើរញុះញង់កម្មករកម្មការិនីនៅតាមរោងចក្រក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលដោយយក លេសដំឡើងបៀវត្សរ៍សម្រាប់ការងាររបស់ខ្លួន។ មិនតែប៉ុណ្ណោះថវិកាជាច្រើនលានដុល្លារត្រូវបានគេដឹងថាបានចរាចរណ៍ពីក្រៅ ប្រទេសចូលមកក្នុងគណបក្សសង្គ្រោះជាតិដើម្បីចាត់ចែងប្រើប្រាស់នៅ ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅពេលនោះ។

ស្ថានភាពក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិតជាមានហានិភ័យ ខ្ពស់ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈបក្សប្រឆាំង ទំនងក្រោមខ្សែញាក់របស់បរទេសជា ចៅហ្វាយរបស់ខ្លួន បានប៉ុនប៉ងអូសទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងឈានដល់ការប្រឈមមុខគ្នាខ្លាំង។ ប៉ុន្តែដោយសារតែភាពអត់ធ្មត់ របស់រាជរដ្ឋាភិបាល គឺបានគ្រប់គ្រងស្ថានការណ៍បាន ហើយធ្វើឱ្យគម្រោងការរបស់បក្សប្រឆាំងដែលរៀបចំដោយ ចៅហ្វាយបរទេសនោះត្រូវបរាជ័យទាំងស្រុង បន្ទាប់ពីមានការបង្រ្កាបកម្លាំងអនា ធិបតេយ្យនៅដើមខែមករា ឆ្នាំ ២០១៤។

តើនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និងបោះឆ្នោតជាតឆ្នាំ ២០១៨ សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងជ្រុលនិយមមួយចំនួន អាចប្រព្រឹត្តដូចអ្វីដែលពួកគេធ្លាប់ធ្វើនៅឆ្នាំ ២០១៣ ទៀតទេ? សារព្រមានរបស់ប្រមុខរដ្ឋាភិបាលមានរួចហើយ សូមបក្សប្រឆាំង កុំរញ៉េរញ៉ៃដូចស្ថានការណ៍ឆ្នាំ ២០១៣ គឺពួកគេនឹងមិន ត្រូវបានលើកលែងឱ្យឡើយសម្រាប់ការប៉ុនប៉ងបង្កចលាចល ញុះញង់ និងបង្កអសន្តិសុខ អសណ្តាប់ធ្នាប់សង្គម។

ម្យ៉ាងទៀត យោងក្រមសីលធម៌សម្រាប់ការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អ្នកដែលគ្មានភារកិច្ចនឹងមិនត្រូវបាន អនុញ្ញាតឱ្យ ចូលទៅក្នុងបរិវេណនៃការិយាល័យបោះឆ្នោតឡើយ និងមិនអនុ ញ្ញាតឱ្យទៅរញ៉េរញ៉ៃក្នុងការិយាល័យរាប់សន្លឹកឆ្នោត ឬស្រែកឡូឡា បង្កភាពអសណ្តាប់ធ្នាប់ និងបង្កហិង្សា ឬការញុះញង់ជាដើម ព្រោះកាលពីការបោះឆ្នោតឆ្នាំ ២០១៣ សកម្មជន និងអ្នកគាំទ្របក្សប្រឆាំងមួយចំនួនដែលមិន
យល់ច្បាប់ និងជឿលើការញុះញង់របស់ជនមួយចំនួន បានទាមទារនិងបានចូលទៅក្នុងការិយាល័យដើម្បីពិនិត្យមើលការបោះឆ្នោត ឬការរាប់សន្លឹកឆ្នោត បន្ថែមលើភ្នាក់ងារគណបក្សនយោបាយដែលបានអនុញ្ញាតជាផ្លូវការរួចហើយ។ អ្នកខ្លះបានស្តីបន្ទោសដល់មន្ត្រីបោះឆ្នោតព្រមទាំងញុះញង់ឱ្យមានការ រើសអើងប្រកាន់បក្សពួក ជាតិ សាសន៍ ភេទ ឋានៈក្នុងសង្គម សាសនាផងដែរ។ ប្រសិនបើពួកគេធ្វើដូច្នេះទៀត នោះនឹងប្រឈមចំពោះមុខច្បាប់ ខណៈកម្លាំងសន្តិសុខរាប់ម៉ឺននាក់នឹងត្រូវពង្រាយដាក់ការពារការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជានៅ អំឡុងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ។

ការព្រមានរបស់ប្រមុខរដ្ឋាភិបាលនេះគឺជាភាពស្របច្បាប់ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាចូលរួមថែរក្សាសន្តិភាពដែល ប្រទេសកម្ពុជា រកបានដោយលំបាក ដោយហែលឆ្លងកាត់ឧបសគ្គជាច្រើន និង ការអភិវឌ្ឍដែលប្រទេស និងប្រជាជនកម្ពុជាកំពុងទទួល បានផ្លែផ្កាពីសន្តិភាពនេះ។ ការគោរពច្បាប់ទាំងអស់គ្នា គឺ នឹងធ្វើឱ្យប្រទេសកម្ពុជាកាន់តែស៊ីវិល័យថែមទៀត និងមានភាពចាស់ទុំខាងប្រជាធិបតេយ្យ កាន់តែខ្លាំងថែមទៀត ហើយបក្សប្រឆាំងក៏គួរអប់រំណែនាំសកម្មជនរបស់ខ្លួនកុំឱ្យបំពានច្បាប់ និងកុំព្យាយាមផ្លោះឱ្យហួសពីរបងច្បាប់៕ (ខាងក្រោមជារូបភាពឆ្នាំ២០១៣)

ដោយ៖ ចៅ ចាក់ស្មុក