(ភ្នំពេញ)៖ តារាចម្រៀង មានឈ្មោះល្បីក្នុងមជ្ឍដ្ឋានសិល្បៈ លោក ជុំ លីណូ បានទទូចស្នើដល់តុលាការ នៃសាលាដំបូងរាជធានៅភ្នំពេញ មេត្តាកាត់សេចក្ដី ជំនុំជំរះផ្ដល់នូវភាពយុត្តិធម៌ ដល់ប្អូនស្រីរបស់លោក មានឈ្មោះថា ទូច សុម៉ានិតា បច្ចុប្បន្នវ័យ១២ឆ្នាំ ដែលត្រូវបានឪពុកចុងជាអតីតព្រះសង្ឃ ព្រះនាម ព្រះមហា ភុំ មុនីរ័ត្ន ធ្វើទារុណកម្មរហូតចង់បាក់ស្បាត ខណៈដែលសំណុំរឿងបណ្ដឹងនេះ កំពុងនៅតុលាការ ហើយតុលាការបានធ្វើការពន្យា ពេលជាបន្តបន្ទាប់។
លោក ជុំ លីណូ បានថ្លែងឲ្យដឹងថា រឿងឪពុកចុងវ៉ៃធ្វើបាប ប្អូនស្រីរបស់លោក បានកើតឡើងជាង១ឆ្នាំមកហើយ។ លោកមិននឹកស្មានថា បញ្ហានេះបានកើត នៅក្នុងក្រុមគ្រួសារសាច់ញាតិ របស់លោកនោះទេ។ ដូច្នេះលោកមានតែសំណូមពរ ឲ្យប្រព័ន្ធតុលាការ ពន្លឿនការជំនុំជម្រះក្ដី ដើម្បីឲ្យប្អូនស្រីរបស់លោក ទទួលបានពន្លឺយុត្តិធម៌ ព្រោះក្មេងស្រីទទួលរងគ្រោះ ត្រូវបានគេធ្វើបាប គ្មានត្រាប្រណី។
ដោយឡែក ពាក់ព័ន្ធនឹងរឿងនេះ លោក មាស ឡេង ជាឪពុកបង្កើតកុមារីរងគ្រោះ និងជាពូបង្កើតរបស់តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា លោកបានរៀបការ ជាមួយអ្នកនាង ពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អូកល្អិននឹងគ្នា រហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។ លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោក ក៏ចាប់ផ្ដើមមានបញ្ហារកាំរកូស ជាបន្តបន្ទាប់ ខណៈដែលអតីតភរិយា របស់លោកចង់នាំកូនប្រុសស្រី ទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយា លោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្ត របស់លោកមិនចង់ក្ដី។
ប៉ុន្តែអ្វីដែលជាការពិតនោះ ការចង់ចេញទៅរស់នៅអូស្ត្រាលី គ្រាន់តែជាលេស របស់អតីតភរិយាតែប៉ុណ្ណោះ ពោលគឺអតីតភរិយារបស់លោក បានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយព្រះសង្ឃព្រះមហា ភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញ សង្គមហ្វេសប៊ុក ហើយបន្ទាប់មក លោកក៏សម្រេចចិត្តលែងលះ តាមប្រព័ន្ធតុលាការ នៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ ទៅឲ្យខាងអតីតភរិយាគ្រប់គ្រង ហើយលោកទទួលបានសិទ្ធិគ្រប់គ្រង ចិញ្ចឹមកូនប្រុសច្បង។ ក្រោយពេលលែងលះ មិនបានប៉ុន្មានផង អតីតភរិយារបស់លោក ក៏បានរៀបការប្ដីថ្មី គឺជាមួយអតីតព្រះ សង្ឃព្រះមហា ភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
លោក មាស ឡេង បញ្ជាក់ថា អ្វីដែលលោកមិននឹកស្មានដល់នោះ អំឡុងពេលកូនស្រីទាំង២របស់លោក ទៅរស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ ត្រូវបានឪពុកចុង ធ្វើទារុណកម្មជាច្រើន លើកដែលមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ កូនស្រីទី២ឈ្មោះ ទូច សុម៉ានិតា គួរឲ្យខ្លោចចិត្តបំផុត។
ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រី ហើយលោកមានទាំងភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹងទាមទារសិទ្ធ គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅពេលដែលលោក ចំណាយអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ ដើម្បីប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុងប្ដឹងលោកពីបទបង្ឃាំងកូនទុក គឺចង់ប្ដឹងឲ្យលោកជាប់គុក និងទាមទារឲ្យលោកសងជំងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។
លោកបន្តថា ពីដំបូងលោកគ្មានបំណងប្ដឹងពីបញ្ហាហ្នឹងទេ ប៉ុន្តែដោយសារអតីតភរិយាប្ដឹងលោក ។ដូច្នេះលោកក៏ប្ដឹង ពីបទប្រើហិង្សាធ្វើទារុណកម្ម លើកូនស្រីរបស់លោក ដែលទើបមានវ័យ១១ឆ្នាំ ពោលគឺអតីតព្រះមហា ភុំ មុនីរ័ត្ន បានធ្វើហិង្សាលើកូនស្រីរបស់លោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ហើយក្នុងបណ្ដឹងលោកទាមទារ ឲ្យសងជំងឺចិត្ត៥០០០០ដុល្លារ និងត្រូវប្រឈមជាប់ពន្ធធនាគារ តាមផ្លូវច្បាប់។ ដំណើរការជម្រះក្ដីបានអូសបន្លាយ ពេលជាបន្តបន្ទាប់ ហើយការចំណាយរបស់ លោកក៏អស់កាន់តែច្រើន ដែលជារឿងអយុត្តិធម៌បំផុត សម្រាប់រូបលោក។
ឪពុកក្មេងស្រីរងគ្រោះ បានបញ្ជាក់ទៀតថា បើទោះបីបច្ចុប្បន្ននេះ លោកដឹងថា អតីតព្រះសង្ឃនិងជាអតីត ប្រធានអង្គការក្ដីសង្ឃឹម ហើយបច្ចុប្បន្នមានឋានៈជា «ឯកឧត្តម» នឹងជាទីប្រឹក្សាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក្ដី ក៏លោកនៅតែទទូចចង់ឲ្យតុលាការ ផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់លោក ឲ្យបានឆាប់រហ័ស ខណៈដែលត្រៀមជំនំជម្រះក្ដីបន្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ពោលគឺលោកមិនចង់ឲ្យមាន ការអូសបន្លាយពេលទៀតទេ ដោយចង់ឲ្យកូនស្រីរបស់លោកទទួលបានយុត្តិធម៌ និងចង់ឲ្យជនបង្កហេតុធ្វើ ទារុណកម្មលើកូនស្រីរបស់លោក ដែលមិនទាន់គ្រប់អាយុ ទទួលខុសត្រូវចំពោះមុខច្បាប់ ឲ្យខាងតែបាន។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ Fresh News មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ពីសំណាក់លោក ភុំ មុនីរ័ត្ន ដែលជាឪពុកចុង និងអ្នកស្រី ពេជ្រ ចិន្តា ដែលជាម្ដាយបង្កើត របស់កុមារីរងគ្រោះ បាននៅឡើយទេ៕
លោក មាស ឡេង ឪពុកបង្កើតក្មេងស្រីរងគ្រោះ
តារាចម្រៀង ជុំ លីណូ
ព្រះមហា ភុំ មុនីរ័ត្ន កាលនៅអតីតជាព្រះសង្ឃ
កុមារីរងគ្រោះ ទូច សុម៉ានិតា អាយុ១២ឆ្នាំ
លោក ភុំ មុនីរ័ត្ន និងនាង ពេជ្រ ចិន្តា ក្នុងថ្ងៃរៀបការ