(ភ្នំពេញ)៖ តាមរយៈការស្នើរបស់អាជ្ញាធរសង្កាត់ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសថា លោកនឹងស្នើទៅសាលារាជធានីភ្នំពេញ ក្នុងការដាក់ស្នើបន្តជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រទាំង១០ សម្រាប់ខណ្ឌឫស្សីកែវ ក្នុងនោះក៏មានប្រជាពលរដ្ឋសហគមន៍ក្រីក្រទន្លេសាប១ ជាង២០០គ្រួសារផងដែរ ដែលសព្វថ្ងៃកំពុងរស់នៅលើដីសាធារណៈរបស់រដ្ឋជាយូរឆ្នាំមកហើយ។
លោក ជា ពិសី បានបញ្ជាក់ថា តាមរបាយការណ៍ជាក់ស្ដែង និងការយកចិត្តទុកដាក់ស្នើសុំពីអាជ្ញាធរសង្កាត់ មកសាលាខណ្ឌឫស្សីកែវ ដោយមានប្រជាពលរដ្ឋសហគមន៍ក្រីក្រទន្លេសាប១ ចំនួន២១៤គ្រួសារ ស្ថិតក្នុងក្រុម៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បាននិងកំពុងស្នាក់អាស្រ័យនៅលើដីសាធារណៈរបស់រដ្ឋ និងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅពេលខាងមុខ ព្រោះលោកបានចុះហត្ថលេខារួចហើយ ក្នុងការស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើបន្តដាក់ជូនទៅសម្ដេចតេជោ ហ៊ុន សែន សុំផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋក្រីក្រទាំងនោះ។
ការចេញមកប្រកាសជាសាធារណៈ ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះ ត្រូវបានលោក ជា ពិសី លើកឡើងក្នុងឱកាសចុះមកសំណេះសំណាល សួរសុខទុក្ខ និងពាំនាំយកនូវអង្ករចំនួន១តោន២៥០គីឡូក្រាម ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ចំនួន១៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន១០គីឡូក្រាម ស្ថិតក្នុងសហគមន៍ក្រីក្រទន្លេសាប១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមដំណើរពីលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ លោក សុខ សម្បត្តិ និងលោក-លោកស្រីជាមន្ត្រីក្រុមការងារបណ្ដាញនារី រួមជាមួយក្រុមយុវជនខណ្ឌ-សង្កាត់ជាច្រើននាក់ផងដែរ។
ក្នុងការសំណេះសំណាល សួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋក្រីក្រទាំង១៥០គ្រួសារ ខាងលើនេះដែរ លោក ជា ពិសី បានថ្លែងថា «ដោយមានការយកចិត្តទុកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន បានធ្វើប្រទានកម្មដី ស្ទើរគ្របទីកន្លែងនូវទូទាំងព្រះរាជាណាចក្រកម្ពុជា ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជន និងផ្ដល់ទាំងប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រថែមទៀតផង»។
លោក ជា ពិសី បានថ្លែងទៀតថា ចំពោះអង្ករដែលអនុសាខាកាលបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកមកចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រទាំង១៥០គ្រួសារនាខណៈនេះ គឺជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកទាំងពីរតែងតែយកចិត្តទុកដាក់ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្រើនរំឭកឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ត្រូវជួយប្រជាពលរដ្ឋ កុំឲ្យមានប្រជាពលរដ្ឋស្លាប់ដោយសារអត់បាយ ពិសេសមិនប្រកាន់ ពូជសាសន៍ ឫពណ៌សម្បុរឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដី នៃកម្ពុជា។
ជាមួយគ្នានោះ លោក ជា ពិសី បានប្រាប់ប្រជាពលរដ្ឋថា «សូមជួយផ្ដល់សេចក្ដីទុកចិត្តជូនបេក្ខភាព ចៅសង្កាត់គីឡូម៉ែត្រលេខលោក សុខ សម្បត្តិ» ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង «ពោលនៅសល់តែជាង២០ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»៕