(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួនចូលរួមប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup UAE 2019 ដែលគ្រោងនឹងឈានចូលមកដល់ក្នុងខែមិថុនាខាងមុខ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
នេះគឺជាការប្រកួតលក្ខណៈអន្ដរជាតិលើកទី៣ របស់ក្រុមដែលមានរហសនាមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Leonardo Luiz បន្ទាប់ពីបុរសជនជាតិប្រេស៊ីលរូបនេះ ដឹកនាំចាញ់ក្រុមភ្ញៀវឥណ្ឌា ៣-២ ក្នុងជំនួបមិត្តភាព និងបន្ដចាញ់ក្រុមហ្ស៊កដានីយ៉ាងចាស់ដៃ ដោយលទ្ធ ៧-០ ក្នុងជំនួបបើកឆាកនៃពូល C វគ្គជម្រុះពានរង្វាន AFC Asian Cup UAE 2019 កាលពីចុងខែមីនា ឆ្នាំ២០១៧កន្លងទៅ។
យ៉ាងណាមិញលោក Leonardo នៅមិនទាន់បង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិថ្មី ដែលលោកបានអះអាងថា នឹងមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្ស៊កដានី ៧-០ នោះទេ សម្រាប់ការត្រៀមបើកទ្វារទទួលក្រុមភ្ញៀវឥណ្ឌូនេស៊ី នាដើមខែក្រោយ ខណៈកម្ពុជា ក៏ត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអាហ្វហ្កានីស្ថាន នៃប្រកួតទី២ ក្នុងពានជើងឯកអាស៊ីខាងលើ នាថ្ងៃទី១៣ ខែមិថុនាខាងមុខដែរនោះ។
គួរបញ្ជាក់ថា យុទ្ធនាការចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល C ជាមួយក្រុមជម្រើសជាតិហ្ស៊កដានី (ឈរកំពូលតារាងបច្ចុប្បន្នមាន ៣ពិន្ទុ) ក្រុមវៀតណាម និងអាហ្វហ្គានីស្ថាន ដែលកំពុងកាន់ ១ពិន្ទុក្នុងដៃស្មើគ្នា។ ចំណែកក្រុមជម្រើសជាតិកម្ពុជា នៅមិនទាន់មានពិន្ទុក្នុងដៃនោះទេ៕
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី