(ភ្នំពេញ)៖ លោក ឈន សារ៉ាណេ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពោធិ៍រៀង តំណាងលោក ម៉ៅ ប៊ុនណារិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពោធិ៍រៀង បានចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ប្រមាណ១,៥០០នាក់។
ក្នុងឱកាសនោះ លោក ឈន សារ៉ាណេ បានពាំនាំនូវការសាកសួរសុខទុក្ខជូនប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយលោកបានជម្រាបជូនអង្គពិធីទាំងអស់ជ្រាបថា «ដោយសារមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយសុខសន្តិភាពនេះ គឺកើតចេញពីសាច់ស្រស់ ឈាមស្រស់របស់គណបក្សប្រជាជនតែមួយគត់»។
លោក សារ៉ាណា ក៏បានរំឭកពីអតីតកាលរបស់លោកដែរ ពីការធ្វើដំណើរមកកាន់ស្រុកកំណើត ដែលស្ថិតនៅជាប់នឹងឃុំពោរិ៍រៀងនេះ ត្រូវចំណាយពេលរហូតដល់ទៅមួយថ្ងៃ តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយការធ្វើដំណើរមកកាន់ទីនេះ និងស្រុកកំណើត ចំណាយពេលត្រឹមតែ២ម៉ោងតែប៉ណ្ណោះ។
លោក ឈន សារ៉ាណេ ក៏បានពាំនាំនូវសម្ភារ ថវិកា និងបានផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការស្នើសុំសាងសង់លូកាត់ទទឹងផ្លូវចំនួន ១០កន្លែង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង។
លោកថែមទាំងបានផ្តល់ថវិកាផ្ទាល់ខ្លួន ដើម្បីជួសជុលទូកង និងរោងដាក់ទូកងរបស់សម្តេចក្រឡាហោម ស ខេង ផងដែរ៕