(ត្បូងឃ្មុំ)៖ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា នឹងត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យ Fresh News ដឹងថា សមិទ្ធផលស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដែលត្រូវបើកសម្ពោធដាក់ឲ្យ ប្រាស់នោះរួមមាន៖
* អគាររដ្ឋបាលប្រមូលផ្តុំ និងអគារស្នាក់នៅរបស់មន្រ្តីរាជការ
* ប្រព័ន្ធផ្លូវដោយមានការរៀបចំបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ ក្នុងនោះផ្លូវប្រភេទ «ក» ចំនួនពីរខ្សែ (កទទឹង និងកបណ្តោយ) ប្រវែងសរុប ៥,៥០០ម៉ែត្រ មានគន្លង០៣ ទៅ០៣មក មានទំហំផ្លូវសរុប ១៥១,២៥០ម៉ែត្រក្រឡា ជាប្រភេទផ្លូវភ្លោះ មានសួនកណ្តាលទទឹង ៨០ម៉ែត្រ។ ផ្លូវប្រភេទ «ខ១» ពីខ្សែ (ខ១បណ្តោយ និងខ១ទទឹង) ប្រវែងសរុប ៩,២៥០ម៉ែត្រ មានគន្លង ៣ទៅ ៣មក ទំហំផ្លូវសរុប២៥៤,៣៧៥ម៉ែត្រ និងមានសួនកណ្តាលទទឹង ៤ម៉ែត្រ ផ្លូវប្រភេទ «ខ» ចំនួនមួយខ្សែជាផ្លូវវាងក្រុង ប្រវែង ៨៦៦០ម៉ែត្រ មានគន្លង០២ទៅ ០២មក ទំហំផ្លូវសរុប ១៧៣,២០០ម៉ែត្រក្រឡា និងមានសួនកណ្តាលទទឹង ១០ម៉ែត្រ និងផ្លូវប្រភេទ «គ» ចំនួនពីរខ្សែ មានគន្លង ០២ ទៅ ០២មក មានប្រវែងសរុប ៣,២៥០ម៉ែត្រ និងទំហំផ្លូវសរុប ៦៥,០០០ម៉ែត្រក្រឡា។
* អាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណបីលានម៉ែត្រគូប និង ស្ថានីយផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាត ២០៨ម៉ែត្រគូប ក្នុងមួយម៉ោង។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មីមួយរបស់កម្ពុជា ដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម ចែកចេញជា ៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៧៣ភូមិ មានប្រជាពលរដ្ឋសរុប ១៨៤,០០០គ្រួសារ ស្មើនិង ៨៤៤,០០០នាក់។
ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រាជរដ្ឋាភិបាលបានសម្រេចកំណត់ប្លង់គោល កសាងទីក្រុងនៃទីរួមខេត្តលើផ្ទៃដីទំហំប្រមាណពីរពាន់ហិកតា ក្នុងនោះមានដីរបស់ស្ថិតក្នុងចំការព្រៃម៉ៃសាក់ចំនួន៣២២ហិកតា ហើយហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសាកលវិទ្យាល័យចំនួនមួយ វិទ្យាល័យចំនួន ២៣កន្លែង អនុវិទ្យាល័យ៥៤ និងបឋមសិក្សាចំនួន ៣៩៥កន្លែង៕