(ភ្នំពេញ)៖ ក្រុមហ៊ុនបម្រើអាហារសាច់ខ្វៃ The Asian Kitchen បានបង្ហាញក្តីរំពឹងថា ខ្លួននឹងអាចពង្រីកសាខាកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា រហូតដល់តាមបណ្តាខេត្តក្រុង ខណៈដែលអតិថជន មានការកើនឡើង។

TheAsian Kitchen ដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញខាងសាច់ខ្វៃ រួមមានមាន់ខ្វៃ ទាខ្វៃ និងជ្រូកខ្វៃ នៅប្រទេសកម្ពុជា បានបើកសម្ពោធដំណើរការសាខាថ្មី នៅផ្សារទំនើបសុរិយា នៅចុងសប្តាហ៍មុនេះ ក្រោមវត្តមានភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនកុះករ។

លោក ជី សិលា នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនមេរបស់ ភោជនីយដ្ឋាន The Asian Kitchen បានឱ្យដឹងថា ការបើកភោជនីយដ្ឋាន The Asian Kitchen សាខាថ្មីនៅផ្សារទំនើបសុរិយានេះ គឺដើម្បីបំពេញតាមការកើនឡើងនៃតម្រូវការ របស់អតិថិជន ដែលនិយមចូលចិត្តទទួលទាន អាហារបែបចិន និងអាស៊ី ជាពិសេសសាច់ខ្វៃរសជាតិពិសេស ដូចជាសាច់ទាខ្វៃ មាន់ខ្វៃ និងសាច់ជ្រូកខ្វៃបីជាន់។

លោកបានបន្ថែមថា «កន្លងមក យើងទទួលបានជោគជ័យយ៉ាងខ្លាំង ចំពោះការបើកដំណើរការភោជនីយដ្ឋាន The Asian Kitchen នៅផ្សារទំនើបអ៊ីអន ដោយទទួលបានការគាំទ្រ យ៉ាងលើសលប់ ពីសំណាក់អតិថិជនទូទៅ ដែលនិយមទទួលទានសាច់ខ្វៃស្រួយៗ និងអាហារបែបចិន និងអាស៊ី។ សម្លឹងមើលលើស្ថិរភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា និងតម្រូវការខ្ពស់ លើភោជនីយដ្ឋានបែបចិន និងអាស៊ី ដែលមានស្តង់ដារ និងរសជាតិឈ្ងុយឆ្ងាញ់ពិសេស ខ្ញុំជឿជាក់ថា ភោជនីយដ្ឋាន The Asian Kitchen សាខាផ្សារទំនើបសុរិយា និងទទូលបានការគាំទ្រពីសំណាក់អតិថិជនទាំងអស់»។

លោកបានបន្ថែមទៀតថា «ពួកយើងមានមោទនភាព ក្នុងការបម្រើជូននូវសាច់ខ្វៃរសជាតិដើម ក្នុងតម្លៃសមរម្យ អមដោយបរិយាកាសទទួលទានប្រកបដោយផាសុកភាព។ ពួកយើងកំពុងតែបោះជំហាន ទៅរកការពង្រីកខ្លួនកាន់តែច្រើនឡើងៗ។ នាពេលខាងមុខនេះ យើងមានគម្រោងពង្រីកសាខាភោជនីយដ្ឋាន The Asian Kitchen នៅ Exchange Square Mall និងតាមខេត្តនានាផងដែរ។ ទន្ទឹមនឹងនេះ យើងនឹងចាប់ផ្តើមបម្រើជូននូវអាហារពេលព្រឹកជូនដល់អតិថិជន បន្ថែមពីលើអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចក្នុងពេលឆាប់ៗនេះ»៕