(កំពង់ស្ពឺ)៖ លោក នៅ សារ៉ាត់ អតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិ បានលើកឡើងនៅចំពោះមុខ ក្រុមការងារគណបក្សប្រជាជនថា គ្រាដែលលោកបានមករួមរស់ ជាមួយបក្សប្រជាជនកម្ពុជាថា «លោក សម រង្សី និងលោក កឹម សុខា ជាមេបក្សរបស់គាត់ពីមុន គឺជាមនុស្សក្បត់បក្ស ក្បត់គ្នាឯង ថែមទាំងមិនចេះពីការអភិវឌ្ឍទេ និងបានយកលុយបក្ស CNRP ខ្លួនឯង ដែលរៃអង្គាសបាន មកដើរស៊ីចាយរហូតហិនហោច ហើយរូបលោកផ្ទាល់ក៏ជាអ្នកចាញ់បោក បក្សសង្គ្រោះជាតិ ជាយូរនិងមុនគេនៅខេត្តកំពង់ស្ពឺ»។
លោក សារ៉ាត់ បានសង្កត់ធ្ងន់ថា បងប្អូនជាកម្មករ-កម្មារិនី មេត្តាឈប់ចាញ់បោកបក្សសង្គ្រោះជាតិ កុំបោះឆ្នោតឲ្យ គឺមានតែពាក្យញុះញង់ឲ្យកម្មករ-កម្មារិនី យើងបែកបាក់ប៉ុណ្ណោះ។
ការថ្លែងវាយប្រហាដ៏ធ្ងន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនជាកម្មករ-កម្មារិនី ចំនួន១០១២នាក់ ដោយក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកឧដុង្គ ធ្វើឡើងនៅក្នុងឃុំយុទ្ធសាមគ្គី ដែលមានវត្តមានដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ លោក ចឹក បូរិន ប្រធានមន្ទីរការងារ។
លោក អ៊ុក កោសា បានថ្លែងថា លោក នៅ សារ៉ាត់ គឺជាអតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលធ្លាប់រស់នៅជិតស្និទជាមួយលោក កឹម សុខា មេបក្ស CNRP។
លោកឧត្តមសេនីយ៍បានបន្តថា ក្មួយៗជាកម្មករ-កម្មារិនី គួរស្វែងយល់អំពីការឃោសនា របស់សហជីពមួយចំនួន តែងតែលើកឡើងវាយប្រហាមកលើរាជរដ្ឋាភិបាល ហើយមិនដែលនិយាយល្អ ពីការខិតខំរបស់គណបក្សប្រជាជននោះទេ។
នៅក្នុងឱកាសនោះដែរ លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានផ្តល់នៅតារាងប្រាក់ស្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងកាត់ដេរស្បែកជើង ដើម្បីផលប្រយោជន៍រួមរបស់បងប្អូន កម្មករ-កម្មារិនី ដែលត្រូវទទួលបាន ក្នុងបំណងកុំឲ្យបាត់បង់ផលប្រយោជន៍។
លោកប្រធានមន្ទីរ ក៏បានលើកឡើងថាគោលនយោបាយ ទឹក ភ្លើងចំពោះកម្មករ-កម្មារិនី ដើម្បីទទួលផលចំណេញដល់បងប្អូន ក្នុងនោះរដ្ឋាភិបាលបន្តគោលនយោបាយវិស័យការងារ គឺផ្ទះជួល ត្រូវសិក្សាដើម្បីជួយដល់កម្មករ៕