(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជ្រើសរើស គាំទ្រនិងជឿទុកចិត្តការដឹកនាំ របស់របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះ គឺជាការផ្តល់យុត្តិធម៌ និងតម្លៃដល់អ្នកធ្វើពិតប្រាកដ ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ។

លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏អំពាវនាវ សូមប្រជាពលរដ្ឋបន្តគាំទ្រ និងជឿទុកចិត្តការដឹកនាំរបស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបម្រើប្រជាពលរដ្ឋ ផ្តល់ សុខសន្តិភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត។

ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក ធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែននិង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញនៅក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កាលពីអតីតកាលប្រទេសយើងបានឆ្លងកាត់សង្គ្រាម ទីកន្លែងអារាមនេះជាកន្លែងធ្លាប់ច្បាំងគ្នា ប៉ុន្តែឥឡូវក្លាយជាទីកន្លែងសុខសាន្តផ្តល់ក្តីសង្ឃឹមថ្មី ហើយជាការល្អក្នុងការកសាងអនាគតថ្មី កសាងជីវភាពថ្មីនៅលើទឹកដីដែលមានសុខសន្តិភាព។

លោកបន្តថា ជាឱកាសដ៏រីករាយដែលយើងមានទឹកចិត្តរួមគ្នា កសាងសមិទ្ធិផលថ្មីនៅក្នុងទីអារាមនេះ ចាប់តាំងពីឆ្នាំ២០១៤។ គិតត្រឹមរយៈពេល៤ឆ្នាំ យើងបានកសាងនូវសមិទ្ធិផលជាច្រើនដែលនេះ គឺជាមោទនភាពនៃការខិតខំប្រឹងប្រែងរបស់យើង ក្នុងកសាងសមិទ្ធិផលទាំងនេះ។

លោកបន្ថែមទៀតថា «យើងជួបគ្នា យើងមានសំណូមពរថ្មី យើងដោះស្រាយថ្មី យើងកសាងសមិទ្ធិផលថ្មី ដែលនេះគឺការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូធារ កសាងសមិទ្ធិផលថ្មីៗ និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន»

លោក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីសំខាន់ណាស់ សម្រាប់ការរស់នៅរបស់មនុស្ស គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ យើងជាកូនចៅត្រូវដឹងគុណឱពុកម្តាយ លោកគ្រូ អ្នកគ្រូ និងដឹងគុណចំពោះអ្នកផ្តល់ឱកាស ឱ្យមានជីវិតមកដល់សព្វថ្ងៃ។ ការដឹងគុណ ការទទួលស្គាល់ការពិត សច្ចធម៌ប្រវត្តិសាស្រ្តគឺជាគុណធម៌របស់មនុស្ស មិនមែនរឿងនយោបាយទេ។

លោកបានបញ្ជាក់ទៀតថា គ្មាននរណាធ្វើក្រៅពីរាជរដ្ឋាភិបាល ក្រៅពីគណបក្សប្រជាជនកម្ពុជាដើម្បីប្រជាពលរដ្ឋនោះទេ។ ជាក់ស្តែងយើងបានកសាងសមិទ្ធិផលជាច្រើននៅគ្រប់ទីកន្លែង ខុសពីមនុស្សមួយចំនួនមិនបានធ្វើអ្វីសោះចាំតែថា ចាំតែរិះគន់និងដើរសន្យា៕