(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភានេះ បានញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា របស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធនឹងកិច្ចការ ប្រមូលពន្ធប្រភេទនេះជាច្រើនរូបផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការផ្សព្វផ្សាយ និងណែនាំមន្ត្រីពន្ធដារ ក្នុងការអនុវត្តិខ្លឹមសារនៃលិខិតលេខ ៣៦៧ សជណ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ស្តីពីគោលការពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ), ការពង្រឹងការគ្រប់គ្រងប្រមូលពន្ធ និងការពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយសមាជិកអង្គប្រជុំបាន ពិភាក្សាគ្នាយ៉ាងផុសផុល ក្នុងន័យស្វែងយល់ និងធានាបាននូវសង្គតិភាព នៃការអនុវត្ត ជាពិសេស ធ្វើយ៉ាងណាឱ្យការប្រមូលពន្ធប្រភេទនេះ ប្រព្រឹត្តទៅដោយរលូន។
លោក គង់ វិបុល បានណែនាំដល់នាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីក្រោមឱវាទដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការប្រមូលពន្ធប្រភេទនេះ ដូចខាងក្រោម៖
* ធ្វើការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីយល់ដឹងពីនីតិវិធីនៃការបង់ពន្ធ។
* ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានល្អ ឆាប់រហ័ស ទាន់ពេលវេលា ស្របតាមប្រកាសលេខ ១១៤៦ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក.ស.ហ.វ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
* ចៀសវាងឱ្យបានជាដាច់ខាត ការយកកម្រៃសេវាក្រៅផ្លូវការ ដែលមិនមានចែងក្នុងច្បាប់ បើពុំនោះទេ នឹងត្រូវទទួលរងនូវវិធានការរដ្ឋបាល និងវិធានការច្បាប់។
* ពិនិត្យ កត់ត្រា តាមដានអំពីរំហូរឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រារបស់អ្នកជាប់ពន្ធ ឱ្យបានច្បាស់លាស់ ចៀសវាងភាពយឺតយ៉ាវក្នុងការពិនិត្យសម្រេចលើឯកសាររបស់អ្នកជាប់ពន្ធ។
* ណែនាំអ្នកជាប់ពន្ធឱ្យមកប្រកាសបង់ពន្ធដោយខ្លួនឯង ចៀសវាងការប្រើសេវាអ្នករត់ការមកបង់ពន្ធជំនួស ដែលជាហេតុនាំឱ្យខាតបង់ថវិកាច្រើន និងមានភាពយឺតយ៉ាវ។
ជាទីបញ្ចប់ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូលរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់ អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួមពីគ្រប់អង្គភាព ពាក់ព័ន្ធក្នុងការកែទម្រង់ លទ្ធផលប្រមូលចំណូលពន្ធនឹង មិនអាចសម្រេចទៅប្រកបដោយលទ្ធផល ត្រចះត្រចង់បានឡើយ៕