(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧។

ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧នេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ទិវានេះ ក៏នឹងមានការអញ្ជើញចូលរួមពីកាកបាទក្រហមអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ-អន្តរជាតិ និងមហាជនសរុប្រមាណជា ៤ពាន់នាក់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សូមរំលឹកថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលជាឱកាសសម្រាប់ការចងចាំជានិច្ចខួបកំណើតលោក ហុងរី ឌីណង់ កើតថ្ងៃទី០៨ ឧសភា ឆ្នាំ១៨២៨ ស្ថាបនិកសមាគមជួយសង្រ្គោះអ្នករងគ្រោះ នាឆ្នាំ១៨៦៣។

ទិវានេះ ក៏ជាឱកាសដែលសមាគមជាតិនីមួយៗធ្វើការផ្សព្វផ្សាយគ្រប់មជ្ឈដ្ឋានបានដឹងពីអ្វីដែលសមាគមជាតិទាំង១៩០នៅលើសកលលោក បាននិងកំពុងធ្វើគ្រប់ទីកន្លែង ដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ ហើយក៏ជាឱកាសពង្រីកការផ្សព្វ ផ្សាយបណ្តុះឧត្តមគតិមនុស្សធម៌ លើកម្ពស់វប្បធម៌ចែករំលេក បំផុសកម្លាំងចូលរួមជាស្មារតី សម្ភារៈ និងថវិកា ជួយឧបត្ថម្ភគាំទ្រ ដល់បេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះទាំងឡាយ។ សំខាន់ជាងនេះទៀត ក៏ជាឱកាសប្រាប់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម កៀរគររកមូលនិធិ ធ្វើប្រតិបត្តិការមនុស្សធម៌ ដូចពាក្យស្លោក «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

កាកបាទក្រហកម្ពុជា ដែលមានព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ ជាប្រធានកិត្តិយសតែងបានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ។ ទិវានេះ ទទួលបានការឧបត្ថម្ភពីសម្បុរសជនគ្រប់មជ្ឈដ្ឋានទាំងនៅថ្នាក់កណ្តាល និងនៅសាខាជារៀងរាល់ឆ្នាំ ដែលជាចលករជួយឲ្យកាកបាទក្រហមកម្ពុជា មានធនធានធ្វើប្រតិបត្តិការ បំពេញបានយ៉ាងស័ក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ រួមចំណែកដោះស្រាយបញ្ហាអាទិភាពក្នុងសង្គមជាតិ។

ជាពិសេសក្នុងការសង្រ្គោះជីវិត កសាងភាពធនមាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិភ័យផ្សេងៗ កាត់បន្ថយអត្រាឈឺ និងស្លាប់ នៃមាតា និងកុមារ ការការពារជំងឺឆ្លង និងអន្តរាគមន៍សុខភាពសាធារណៈគ្រាអាសន្ន ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា និងការពង្រឹងសមត្ថភាពកាកបាទក្រហមកម្ពុជា។

ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាង ១៣លានដុល្លារ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌៕