(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន ចារថ្មី។
ក្នុងឱកាសចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត បានថ្លែងថា គោលបំណងរបស់សមាគម គឺផ្តល់ការព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់សមាគម មានបានចុះព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន៣គឺ ចុះតាមបណ្តាខេត្ត ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍និង និងនៅតាមរោងចក្រ។
លោកបានបន្តថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខនិងការលំបាក របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។
លោក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់ប្រពលរដ្ឋទាំងអស់ ដែលបានមកទទួលការព្យាបាលជំងឺថា ធ្វើយ៉ាងណាសូមអោយការរស់នៅប្រចាំថ្ងៃ ត្រូវតែមានអនាម័យ ដូចជា ការញ៉ាំស្អាត ផឹកស្អាត និងការរស់នៅស្អាត។
លោក ណី លន់ អនុប្រធានក្រុមការងារកណ្ដាល ចុះជួយស្រុកតំបែរ បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ស្រុកតំបែរ បានប្រែមុខមាត់ថ្មី ពីស្រុកដែលធ្លាប់ជាអតីតសមរភូមិ ប្រយុទ្ធបង្ហូរឈាមគ្នា មកជាស្រុកដែលមានការ អភិវឌ្ឍន៍រីចម្រើន លើគ្រប់វិស័យ ដែលធានាដល់ការរស់នៅដោយសុខសាន្ត និងមានការប្រែប្រួលរីកច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្មានការបារម្ភអំពីការរត់លូន គេចពីសង្គ្រាមដូចអតីតកាលឡើយ។
លោកក៏បានថ្លែងអំណរគុណចំពោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ និងគិតគូដល់សុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការព្យាបាលដោយឥតគិតថ្លៃ ចុះដល់មូលដ្ឋានផ្ទាល់ និងមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីទាំងអស់។
គួររំលឹកផងដឹងដែរថា នេះគឺជាលើកទី២ហើយដែល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ បានចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកតំបែរនេះ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ ការចុះពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះមានចំនួនសរុប៥៦៨៤នាក់ ក្នុនោះព្យាបាលជម្ងឺទូទៅចំនួន ៤២២៦នាក់
ព្យាបាលជម្ងឺមាត់ធ្មេញចំនួន៣២៨នាក់ ពិនិត្យនិងព្យាបាល ច្រមុះ បំពង់កចំនួន១១៥នាក់ ពិនិត្យរោគស្ត្រីនិងស្រ្តីមានផ្ទៃពោះចំនួន៣៨៩នាក់ វះកាត់តូចចំនួន៤៦នាក់ ព្យាបាលឬសដូងបាតចំនួន៧នាក់ អេកូបេះដូងចំនួន៨នាក់ ជំងឺសន្លាក់ចំនួន ៧០នាក់ និងជំងឺសើរស្បែកចំនួន១១០នាក់ និងបញ្ជូនព្យាបាលបន្តចំនួន៩៦នាក់៕