(ភ្នំពេញ)៖ នៅប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់មកដល់ គេឃើញមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអតីតមេបក្ស មេបក្សថ្មី និងមន្ត្រីបក្សផ្សេង ទៀតបានដើរត្រាចចរតាមប្រទេសនានា ជាពិសេសបារាំង អាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង ជាដើម ដើម្បីរៃអង្គាសប្រាក់ដែលធ្វើ ក្រោមរូបភាពផ្សេងៗដូចជាដើរទេសនា តាមវត្តអារ៉ាម រៀបចំពិធីជប់លៀង នៅភោជនីយដ្ឋានដោយលក់សំបុត្រ ធ្វើបុណ្យផ្កាសង្គ្រោះជាតិ និងដើរសុំត្រង់ៗ ពីអានិកជនខ្មែរព្រមទាំងពលករខ្មែរ ដែលកំពុងតែធ្វើការងារនៅក្រៅប្រទេស ដើម្បីជួយឧបត្ថម្ភបក្សខ្លួនដោយសន្យាឱ្យតំណែងតួនាទីណាមួយចំពោះ សកម្មជនខ្លួន។ តើគណបក្សសង្គ្រោះជាតិកំពុងជួយពួកគេ ឬកំពុងតែជិះជាន់កេងចំណេញលើញើសឈាមបងប្អូនប្រជាពលរដ្ឋនៅក្រៅស្រុក?
១៖ អនិកជននៅក្រៅប្រទេស៖
មូលដ្ឋានហិរញ្ញវត្ថុធំបំផុតរបស់គណបក្សសង្គ្រោះជាតិគឺនៅក្រៅស្រុក ជាពិសេសអនិកជនខ្មែរមួយចំនួន ដែលធ្លាប់បានចូលរួមក្នុងចលនាត្រីភាគី នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងប្រជាពលរដ្ឋដែលរស់នៅតាមជំនុំដែលគ្រប់គ្រង ដោយចលនាត្រីភាគី និងបានទទួលសិទ្ធិជាជនភៀសខ្លួនទៅរស់នៅឯក្រៅប្រទេស និងធ្លាប់មាននិន្នាការប្រឆាំងនឹងរបបសាធារណរដ្ឋកម្ពុជា និងរបបរដ្ឋកម្ពុជា។ និន្នាការប្រឆាំងនេះបានបន្តរហូតមកទល់សព្វថ្ងៃចំពោះអ្នកក្រុម មនុស្សមួយចំនួនតូចហើយក្រុមនេះភាគច្រើន រស់នៅក្រោមការផ្តល់អាហារកិច្ចសង្គមរបស់ប្រទេសដែលខ្លួនរស់នៅ និងខ្លះមិនមានការងារធ្វើ ឬមានការងារត្រឹមជាកម្មករ និងមិនសូវមានការអប់រំខ្ពង់ខ្ពស់ឡើយ។ ក្រុមអនិកជនជំ ពូកនេះគឺបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះគណបក្សសង្គ្រោះជាតិ និង បានផ្តល់លុយកាក់ បេះពីមាត់ពីកដើម្បីជួយទ្រទ្រង់បក្សជាថ្នូរ នឹងការឈរឈ្មោះជាតំណាងរាស្ត្រ ជាបេក្ខជនអភិបាលខេត្ត ឬជាសមាជិករដ្ឋាភិបាលជាដើម ក្នុងករណីបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។
ចំណែកបងប្អូនអនិកជនខ្មែរភាគច្រើនមានការយល់ដឹងខ្ពស់មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ខែខ្ពស់បានយល់ដឹងខ្ពស់ពីស្ថានភាពពិតនៅកម្ពុជា មិនបានជឿទៅលើការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តរបស់សារព័ត៌មាន ឬមន្ត្រីបក្សប្រឆាំងនិយាយប្រាប់នោះទេ ព្រោះពួកគាត់បានទទួលព័ត៌មាន យ៉ាងទូលំទូលាយ។ ពួកគាត់មិនចាប់អារម្មណ៍នឹងសម្តីបោកបញ្ឆោត និងរិះគន់ជាន់ពន្លិចរបស់ក្រុមគណបក្សប្រឆាំងឡើយ ប៉ុន្តែបានអបអរសាទរនូវ សមិទ្ធផលដែលកម្ពុជា សម្រេចបានចាប់តាំងពីការផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩។ កម្ពុជារក្សាបាននូវសនិ្តភាព និងការអភិវឌ្ឍព្រមទាំងកាត់បន្ថយ ភាពក្រីក្រផងដែរ ហើយបងប្អូនទាំងនោះបានចេញចូលប្រទេសកម្ពុជាញឹកញាប់ និងបានដឹងពីការរីកចម្រើនរបស់កម្ពុជា។
ប៉ុន្តែសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើនកម្រនឹងមកប្រទេសកម្ពុជា ឬអ្នកខ្លះតាំងពីបានទៅរស់នៅលើទឹកដីប្រទេសទី២ ឬទី៣ ជួនកាលមិនទាន់បានមកស្រុកខ្មែរម្តងផង។ ដូច្នេះរូបភាពមានតែអតីតកាល និងដក់ជាប់នឹងភ្លើងសង្គ្រាម។ ប៉ុន្តែកម្ពុជានៅពេលនេះមិនមែនក្នុងរបបខ្មែរ ក្រហមទៀតទេ ជាកម្ពុជាទំនើប និងជាកម្ពុជាដែលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍ។ ហេតុដូច្នេះហើយ បានជាគណបក្សសង្គ្រោះជាតិ អាចបោកបានតែជនមួយក្តាប់តូច ដែលមានភាពងុបងល់ និងមាននិន្នាការប្រឆាំងគណបក្សប្រជាជនកម្ពុជា តាំងពីយូរយារណាស់មកហើយតែប៉ុណ្ណោះ។
ចំណែកបងប្អូនភាគច្រើនបានយល់ដឹងនិង មិនចាញ់បោកពួកគេទេ។ ហេតុដូច្នេះហើយបានជាពេលបច្ចុប្បន្ននេះ ថវិការបស់គណបក្សសង្គ្រោះជាតិ មកពីក្រៅស្រុកត្រូវបានធ្លាក់ចុះ ហើយចាប់ផ្តើមតម្រូវឱ្យសមាជិកក្នុងស្រុក បង្កើនការបង់ប្រាក់វិភាគទានដើម្បីជួយបក្សវិញ។
២៖ កម្មករនៅក្រៅប្រទេស៖
ក្រៅពីអនិកជនខ្មែរ គោលដៅទី២ គឺកម្មករកម្មការិនីដែលចេញទៅធ្វើការនៅ ក្រៅប្រទេសជាពិសេសនៅប្រទេសកូរ៉េ ដែលពួកគេទទួលបានប្រាក់ខែខ្ពស់។ តែក្រុមមន្ត្រីបក្សប្រឆាំងមិនបានចាប់អារម្មណ៍ដើររៃអង្គាសប្រាក់កម្មករនៅប្រទេសថៃទេ ដោយសារតែប្រាក់ខែពួកគេអាចរស់បានសមល្មម។ កម្មករមួយ ចំនួនបានរអ៊ូរទាំចំពោះការដើររៃអង្គាសប្រាក់ និងបានចោទសួរថា៖ «ពួកខ្ញុំជាកម្មករខំស្កាត់មកធ្វើការនៅស្រុកគេដើម្បីយកប្រាក់ចិញ្ចឹមជីវិតគ្រួសារ នៅស្រុក។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនដែលបានជួយយើងខ្ញុំផងបែរជាមកដើររៃអង្គាសប្រាក់ពីពួកខ្ញុំជាអ្នកក្រីក្រទៅធ្វើនយោបាយ? រហូតអ្នកខ្លះចូលបនល្បែង មានស្រីកំណាន់ និងមានចម្ការម្រេច? ចំណែកពួកខ្ញុំដែលខំសន្សំប្រាក់យកជួយបក្ស បែរជាគ្មានសល់លុយដូចអ្នកនយោបាយបក្សសង្គ្រោះជាតិ»។
ហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ ធ្វើបាបកម្មករកម្មការិនីយ៉ាងដូច្នេះ? ពេលមិនទាន់មានអាសន្នត្រូវការប្រាក់មន្ត្រីគណបក្សសង្គ្រោះជាតិ ជាពិសេស មេដឹកនាំបក្សនេះបានដើរឱ្យបរទេសឈប់ទិញផលិតផលសម្លៀកបំពាក់ស្បែកជើងផលិតនៅខ្មែរ ឈប់ទទួលពលករទៅធ្វើការនៅក្រៅប្រទេសជាដើម។ តែឥឡូវនេះគឺជាពេលវេលាឱនលំទោន ដើម្បីស្វែងរកប្រាក់ ដើររៃអង្គាសប្រមែប្រមូលពីបងប្អូនកម្មករដែលខិតខំធ្វើការដើម្បីសន្សំប្រាក់ផ្ញើជូនឪពុកម្តាយបង ប្អូននៅឯប្រទេសកម្ពុជា។ តើគណបក្សសង្គ្រោះជាតិ មិនអាណិតស្រណោះញើសឈាមបងប្អូនកម្មករ ពលករទេឬ?
ប្រសិនបើគេប្រៀបធៀបនឹងគណបក្សប្រជាជនកម្ពុជាវិញ មន្ត្រីបក្សនេះមានតែឱបក្រសោបបងប្អូនពលករ កម្មករកម្មការិនីកាត់បន្ថយការចំណាយ តាមរយៈការពន្យាសុពលភាពលិខិតឆ្លងដែនដោយមិនយកកម្រៃ បង្កលក្ខណៈងាយស្រួលដល់បងប្អូនដើម្បីធ្វើ ការងារបានល្អបានប្រាក់កម្រៃច្រើន ដើម្បីផ្ញើចូលមកប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងប្រមាណ៥ម៉ឺននាក់ បានផ្តល់ថវិកាប្រមាណ៥០០ លានដុល្លារចូលមកប្រទេសដើមកំណើតរបស់ខ្លួនវិញនៅឆ្នាំ២០១៦។
ក្រៅពីចំណូលដែលផ្ញើចូលស្រុករបស់ខ្លួនហើយ ពលករខ្មែរទាំងអស់ទទួលបានវគ្គបណ្តុះបណ្តាលជំនាញពីសាលាល្បីៗលើមុខវិជ្ជាផ្សេងៗ។ ការបញ្ជូនពលករខ្មែរទៅកាន់ប្រទេសកូរ៉េនេះគឺរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថាគឺធ្វើឱ្យប្រទេសទាំងពីរមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទៅវិញទៅមក និងការអភិវឌ្ឍធនធានមនុស្សផងដែរ។ នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនមែនដូចបក្សខ្លះ មិនបានជួយពលករកម្មករកម្មការិនី ប៉ុន្តែបែរទៅជា ដើររៃអង្គាសលុយពីពួកគេដើម្បីធ្វើមានធ្វើបានសម្រាប់បក្សពួកខ្លួន។
៣៖ សកម្មជនបក្សនៅក្នុងស្រុក៖
សកម្មជនបក្សសង្គ្រោះជាតិមួយចំនួនធំចាប់ផ្តើមដកដង្ហើមធំដោយសារ តែបក្សគាបសង្កត់ឱ្យបង់ប្រាក់ជាប្រចាំ បើមិនបង់តាមការកំណត់និងរក ភ្នាក់ងារបក្សបន្ថែមតាមផែនការទេ បក្សនេះ នឹងរក្សាសិទ្ធិក្នុងការពិចារណាឡើងវិញនូវបេក្ខភាពទាំងនោះជាពិសេសបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់។ បេក្ខជននៅ រាជធានីភ្នំពេញត្រូវបានតម្រូវឱ្យបង់ប្រាក់ ១២០០ដុល្លារចូលបក្សសម្រាប់ការឈរលេខរៀងទី១ និងលេខរៀងទី២ ១០០០ដុល្លារជាដើម។ បេក្ខជននៅតាមខេត្តក៏តម្រូវឱ្យបង់ប្រាក់ដូចគ្នាដែរតាមឃុំដែលមានសក្តានុពលតូចឬធំ និង តម្រូវឱ្យបង់ទាំងអស់រាប់ទាំងពីបេក្ខជនបម្រុង។ តើឱ្យពួកគាត់រកប្រាក់ឯណាដើម្បីបង់ជូនបក្ស ខណៈជីវភាពរបស់ សកម្មជនគណបក្សសង្គ្រោះជាតិភាគច្រើនមានការជួបការលំបាក។
សកម្មជនបក្សខ្លះត្រូវលក់របស់របរ ឬលក់ផលដំណាំរបស់ខ្លួនដើម្បីជួយបក្ស ធ្វើឱ្យជីវភាពលំបាក ហើយអ្នកខ្លះត្រូវខ្ចីបុលគេ ដើម្បីយកលុយមកជួយ បក្សដោយ សង្ឃឹមថានឹងទទួលបានតំណែងតួនាទី នឹងអាងរកបានប្រាក់ដែលចំណាយនោះមកវិញ។ អ្នកខ្លះធ្វើនយោបាយពីមានរហូតដល់ក្រ លក់ទ្រព្យសម្បត្តិខ្ទេចខ្ទីដោយសារតែការញុះញង់ និងបញ្ជើចបញ្ជើរបស់ថ្នាក់ដឹកនាំបក្សរបស់ខ្លួន។ អ្នកខ្លះឈ្លោះបងប្អូនឯង ដោយសារតែនិន្នាការបក្ស អ្នកខ្លះឈ្លោះប្តីប្រពន្ធដោយសារតែគ្មានពេលវេលារកស៊ីចិញ្ចឹម សេដ្ឋកិច្ចគ្រួសារ។ ដើម្បីទាក់ទាញការគាំទ្រ បក្សប្រឆាំងប្រឆាំងមានតែសន្យានេះសន្យានោះ ជួនកាលនៅក្នុងមួយ ស្រុក បក្សប្រឆាំងសន្យាឱ្យតំណែងអភិបាលស្រុកដល់សកម្មជនរបស់ខ្លួនរហូតដល់ទីបី ខណៈតំណែងជាអភិបាល ស្រុកមានតែមួយ។ នេះមិនគិតពីការសន្យាជាមួយអ្នកក្រៅស្រុកជាន់ជាមួយអ្នកក្នុងស្រុកផង។
សរុបមកវិញ តើឱ្យរាស្ត្រទុកចិត្តលើបក្សប្រឆាំងម្តេច នឹងបានបើសូម្បីតែធនធានក៏គ្មានដើរស្មូមគេ ដើររៃអង្គាសមិនខ្មាសពលករ កម្មករដែលពួកគេខំ លះបង់ក្រុមគ្រួសារ និងកម្លាំងញើសឈាមដើម្បីបានប្រាក់ តែមួយផ្នែក ត្រូវបានបក្សប្រឆាំងបញ្ចុះបញ្ចូលបោកប្រាស់យកប្រាក់មកធ្វើនយោបាយដោយ សន្យាឱ្យនោះឱ្យនោះ។ តើឱ្យរាស្ត្រទុកចិត្តម្តេចបាន បើសូម្បីតែភាពជាអ្នកដឹកនាំរបស់បក្សនេះគ្មានផង ឈ្លោះទាស់ទែងគ្នា ដណ្តើមអំណាច និងឥទ្ធិ ពលគ្នារវាងក្រុមកឹម សុខា និងសម រង្ស៊ី។ ថ្នាក់ដឹកនាំរបស់បក្សនេះប្រព្រឹត្តរឿងអាណាចារ្យមានស្រីកំណាន់ ជេរស្ត្រី និងខ្វះសីលធម៌ ព្រមទាំងត្រូវបានគេចោទថាបានប្រព្រឹត្តអំពើពុករលួយ កិបកេងលុយដែលពលរដ្ឋបរិច្ចាកជាដើម។ តើឱ្យរាស្ត្រទុកចិត្តយកមកដឹកនាំប្រទេសម្តេចនឹងកើត បើគ្មានបទពិសោធ និងជាអ្នកនយោបាយគ្មានអធិបតេយ្យភាពចូលចិត្តឱ្យបរទេសគ្រប់គ្រងលើខ្លួននោះ? បានហើយ! ឈប់បានក៏គួរឈប់បោកប្រាស់រាស្ត្រទៀតទៅ !!!
ដោយ៖ ចៅ ចាក់ស្មុក (រូបភាពលោក ប៉ុល ហំម និងមន្រ្តីសំខាន់ៗរបស់បក្សសង្រ្គោះជាតិ)