(ម៉ានីល)៖ ហេតុការណ៍ផ្ទុះពីរកន្លែងផ្ទួនគ្នាក្នុងរដ្ឋធានីនៃប្រទេស ហ្វីលីពីននៅរាត្រីថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការលើកឡើងរបស់មន្ត្រីប៉ូលីស និងសាក្សីនៅកន្លែងកើតហេតុដកស្រង់ ដោយសារព័ត៌មាន ABC ចេញផ្សាយក្នុងរយៈពេលប៉ុន្មាននាទីមុននេះ។
ហេតុការណ៍ផ្ទុះលើកទីមួយ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៦៖០០នាទីយប់ ក្បែរវិហារម៉ូស្លីម ក្នុងទីក្រុងQuiapo ដែលជាផ្នែកដ៏ចំណាស់មួយ ក្នុងចំណោមតំបន់ផ្សេងៗទៀតក្នុងទីក្រុងម៉ានីល។ ដែលហេតុការណ៍នេះ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងបួននាក់រងរបួស។
ដោយឡែកហេតុការណ៍ផ្ទុះលើកទីពីរ បានកើតឡើងក្នុងតំបន់តែមួយ នៅវេលាម៉ោង៨ និង៣០នាទី នេះបើយោងតាមអ្នកថតរូបរបស់សារព័ត៌មាន AFP ដែលស្ថិតក្នុងចំណោមអ្នកសារព័ត៌មានផ្សេងទៀត ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។ ហេតុការណ៍ទីពីរនេះ បណ្តាលឱ្យប៉ូលីសម្នាក់ដែលកំពុង ពិនិត្យសាកសពជនរងគ្រោះបណ្តាលមក ពីហេតុការណ៍លើកទីមួយ ត្រូវរបួស។
គួររំលឹកថា ប្រទេស ហ្វីលីពីនធ្លាប់បានរងការវាយប្រហារម្តងរួចមកហើយកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅនេះ ដែលបណ្តាលឱ្យមនុស្ស១៤នាក់រងរបួស ខណៈដែលមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍កំពុងធ្វើកិច្ចប្រជុំកំពូល ដោយការបំផ្ទុះនេះ ត្រូវបានក្រុមឧទ្ទាមរដ្ឋឥស្លាមប្រកាសថា ជាអ្នកបង្កហេតុការណ៍នេះឡើង៕