(បាត់ដំបង)៖ ១ថ្ងៃពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ប្រធានក្រុមបក្សចំនួន៨៤២នាក់ តំណាងឲ្យប្រជាពលរដ្ឋ៨៤២០នាក់ នៅក្នុងភូមិទាំង១០ បានប្តេជ្ញាបោះឆ្នោតជូនក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា ឃុំភ្នំសំពៅ ស្រុកបាណន់ បន្ទាប់ពីប្រធានគណៈពង្រឹងមូលដ្ឋាន បានយកទុកដាក់ធ្វើការដោះស្រាយ កសាងសមិទ្ធិផលបំពេញបន្ថែមទៀត ជូនតាមសំណូមពររបស់ពួកគាត់ ខណៈពេលក្រុមការងារ បានចុះតាមខ្នងផ្ទះ ប្រជាពលរដ្ឋ។
លោក ហែម ថេង បានថ្លែងថា លោកនិងសហការីបានដឹកនាំក្រុមការងារ ចុះក្តាប់សភាពការណ៍ នៅតាមខ្នងផ្ទះចង់ដឹងពីជីវភាពរស់ប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបតាមសំណូមពរ របស់ពួកគាត់ផងនោះ លោក និងក្រុមការងារបានចុះជួប ប្រធានក្រុមបក្សតាមខ្នងផ្ទះក្នុងឃុំចំនួន៨៤២នាក់ ដោយសំណេះសំណាលជាមួយពួកគាត់ ហើយបានពន្យល់ប្រធានក្រុមបក្សទាំងអស់ថា ប្រធានក្រុមនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ និងគ្រប់គ្រងវត្តមាន សមាជិករបស់ខ្លួនឲ្យបានម៉ត់ចត់ គ្រប់ចំនួនបើមានចំណាកស្រុកជិត ឬឆ្ងាយក្តីអាចហៅពួកគាត់មក និងប្រាប់ទីតាំងការិយាល័យបោះឆ្នោត ដើម្បីបំពេញការតព្វកិច្ចជាប្រជាពលរដ្ឋផង និងគាំទ្របក្សយើង ក្នុងពេលទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងនេះ។
នាឱកាសជួបសំណេះសំណាលនោះ ប្រធានក្រុមបក្សមួយចំនួន បានលើកឡើង និងសំណូមពរដល់ក្រុមការងារជាបន្តបន្ទាប់ថា ដោយសុំធ្វើផ្លូវចំនួន៥ខ្សែ ប្រវែង៨៣៤៥ម៉ែត្រ សុំជីកប្រ៤ខ្សែប្រវែង៦៤០០ម៉ែត្រ សុំដាក់លូបង្ហូររំដោះទឹកចំនួន១៣កន្លែង ស្មើនិង៧៨កង់ សុំធ្វើស្ពានឆ្លងផ្លូវ១កន្លែង សុំដីសម្រាប់ជួសជុលផ្លូវ២០០ឡាន សុំធ្វើរបងសាលាវត្តកុយ សុំថវិកា២០០ដុល្លាសម្រាប់ជួសជុលប្រឡាយ សុំអណ្តូងស្នប់២ ជួសជុលតារាងបាល់ទាត់ជូនយុវជន ក្រុមការងារកំពុងធ្វើសិក្សាដោះស្រាយជូនពលរដ្ឋក្នុងឃុំ។
ក្នុងការជួបសំណេះសំណាលពួកគាត់ទាំងអស់ ហើយផ្តល់ថវិកាកំដដៃម្នាក់ៗបានទទួល២ម៉ឺនរៀល និងចំណាយដោះស្រាយសរុបជូន ប្រជាពលរដ្ឋតាមសំណូមពរនេះ សរុបថវិកាទាំងអស់ចំនួន៤៤,៥៩៩ដុល្លា៕