(ស្វាយរៀង)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង បានប្ដេជ្ញាចិត្តនៅចំពោះមុខ លោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះថា ពួកគាត់នឹងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជារៀងរហូត ដើម្បីនាំមកនូវសន្តិភាព និងបន្ដការអភិវឌ្ឍនៅថ្ងៃអនាគត។
ការលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិការ ប្រមាណ១,០២១នាក់ នៅក្រុងបាវិត។
លោក ម៉ឹង សំផន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិ សុំឲ្យមានការរីកចម្រើន និងការពារសន្តិភាព សម្រាប់ប្រជាពលរដ្ឋរស់នៅ ក្នុងភាពសុខសាន្តទៅថ្ងៃអនាគត។
លោក សេង សិលា ប្រធានគណបក្សក្រុងបាវិត ក្នុងនាមប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុងបាវិត ដែលក្នុងរយៈពេលកន្លងមក ហើយសម្តេចតេជោ បានធ្វើការអភិវឌ្ឍន៍មូលដ្ឋានក្នុងក្រុងបាវិត ឲ្យមានការរីកចម្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារ៉ាម ជាពិសេសការចូលមកវិនិយោគទុនពីបរទេស នៅក្រុងបាវិត ដែលបានធ្វើឲ្យប្រជាពលរដ្ឋក្រុងបាវិត ក៏ដូចទូទាំងខេត្តស្វាយរៀង មានការងារធ្វើ បង្កើននៅជីវភាពរស់នៅរបស់ខ្លួន កាន់តែប្រសើជាងមុន។
លោក ម៉ឹង សំផន បានលើកឡើងថា សមិទ្ធផលនានា ដែលកើតឡើង នៅក្រុងបាវិត ក៏ដូចជានៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ គឺដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងមានសុខសន្តិភាពពិតប្រាកដ ហើយរាជរដ្ឋាភិបាល បានខិតខំពុះពាររាល់ឧបសគ្គ រក្សាបានសុខសន្តិភាពសម្រេច បានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តជាច្រើនជូនជាតិមាតុភូមិ និងប្រជាជន។
ដើម្បីឲ្យការបោះឆ្នាតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលនូវជោគជ័យ ប្រធានក្រុមការងារចុះជួយក្រុងបាវិតរូបនេះ បានជំរុញឲ្យសមាជិក សមាជិកាបក្ស ប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងក្រុងបាវិត ត្រូវទៅរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងឱកាសនោះ លោក ម៉ឹង សំផន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន សៀវភៅ ប៊ិច ក្រមា១ សារុង១ ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិការបក្ស មានសារុង ១ អាវ ១ និង មួក១ ផងដែរ ហើយលោក និងក្រុមការងារ បន្ដចុះសួរសុខទុកលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសឹក្សា ម៉ឹង សំផន កណ្តៀងរាយផងដែរ៕