(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស NASA កំពុងព្យាយាមស្វែងរកព័ត៌មានពីបណ្តាក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹងសមត្ថភាពនាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតរបស់ពួកគេ ក្នុងការនាំយកឧបករណ៍ គ្រឿងពិសោធន៍ ឬគ្រឿងប្រដាប់ប្រដាដទៃៗផ្សេងទៀត ទៅកាន់ផ្ទៃឋានព្រះច័ន្ទ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងដំណើររុករកនៅទីអវកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Space News នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។
មន្រ្តីនៃទីភ្នាក់ងារអវកាស NASA លោក Thomas Zurbuchen បានឲ្យដឹងថា «សេចក្តីប្រកាសស្វែងរកគំនិតច្នៃប្រឌិត ពីដៃគូឧស្សាហកម្មរបស់យើងនាពេលនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយ ដើម្បីឲ្យពួកយើងបន្តដំណើររុករកនៅលើឋានព្រះច័ន្ទ និងទីអវកាសដែលឆ្ងាយៗបន្ថែមទៀត។ ទោះបីជាធ្លាប់បានសម្រេចបេសកកម្មដោយជោគជ័យជាច្រើន តាមរយៈការបញ្ជូនក្រុមអវកាសយានិក និងគ្រឿងយន្តយ៉ាងណាក្តី អង្គការ NASA នៅតែមានការប្តេជ្ញាខ្ពស់ដដែល ដើម្បីបន្តការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្រ្ត នៃឋានព្រះច័ន្ទដដែល»។
ជុំវិញរឿងនេះក្រុមហ៊ុនមួយចំនួន ប្រហែលជាអាចមានសមត្ថភាព ស្របតាមតម្រូវការខាងលើរបស់អង្គការ NASA នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ Moon Express មានមូលដ្ឋាននៅរដ្ឋផ្លូវរីដា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន០៥ ដែលបានចូលរួមប្រកួតផ្តាច់វគ្គផ្តាច់ព្រ័ត្រ នៃយុទ្ធនាការ Google Lunar X Prize ដែលជាកម្មវិធីប្រកួតជាមួយប្រាក់រង្វាន់២០លានដុល្លារ សម្រាប់យានអវកាសអភិវឌ្ឍន៍ឡើងដោយឯកជនដំបូងគេ ដែលមានសមត្ថភាពធ្វើការចុះចតនៅឋានព្រះចន្ទ ហើយអាចធ្វើដំណើរបានយ៉ាងហោច ៥០០ម៉ែត្រ ពីយានធំរបស់វា។ ក្រុមហ៊ុន Moon Express កំពុងតែអភិវឌ្ឍន៍យានចុះចតមួយ ដើម្បីបាញ់បង្ហោះដោយក្រុមហ៊ុនអាមេរិក-នូវែលសេឡង់ Rocket Lab នាចុងឆ្នាំនេះ។
ចំណែកក្រុមហ៊ុនមួយផ្សេងទៀតឈ្មោះថា Synergy Moon ដែលបានឆ្លងចូលវគ្គចុងក្រោយនៅក្នុងកម្មវិធី Google Lunar X Prize ដូចគ្នានោះ បានផ្តល់ព័ត៌មានលម្អិតមួយចំនួនស្តីពីយានចុះចត និងគម្រោងបាញ់បង្ហោះរបស់ខ្លួន។ ដោយឡែកក្រុមហ៊ុន Astrobotic ដែលបានដកខ្លួនចេញពីការប្រកួតនេះកាលពីឆ្នាំមុន ក៏កំពុងតែនៅបន្តអភិវឌ្ឍន៍យានចុះឋានព្រះច័ន្ទ សម្រាប់ការបង្ហោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
ជាចុងក្រោយ អ្នកចំណូលថ្មីនៅក្នុងវិស័យនេះគឺក្រុមហ៊ុន Blue Origin បានលាតត្រដាងកាលពីដើមឆ្នាំ២០១៧នេះ នូវគម្រោង Blue Moon របស់ខ្លួន សម្រាប់ធ្វើចុះចតនាំយកទំនិញ និងគ្រឿងប្រដាប់ប្រដាផ្សេងៗ ក្នុងបរិមាណជាច្រើននៅលើឋានព្រះច័ន្ទ ដែលខ្លួនបានអះអាងថា អាចផ្តល់សារៈប្រយោជន៍ខ្ពស់ សម្រាប់អង្គការ NASA៕