(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅខណ្ឌច្បារអំពៅ ជាពិសេសសម្រាប់អ្នករស់នៅសង្កាត់ព្រែកប្រា បានបង្ហាញការត្រេកអរយ៉ាងខ្លាំង និងអរគុណដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី អាជ្ញាធរពាក់ព័ន្ធ ដែលបានបើកផ្លូវជូនពួកគាត់វិញ ដោយបានវាយកម្ទេចរបងក្រុមហ៊ុន ហេង លី នៅជាប់នឹងក្រុមហ៊ុនផានអីមិច របស់លោកស្រី ស៊ុយ សុផាន។
ប្រជាពលរដ្ឋអាចធ្វើដំណើរបានឡើងវិញហើយ នៅលើផ្លូវចាស់របស់ពួកគាត់ បន្ទាប់ពីខាងក្រុមហ៊ុនផានអីមិច និងក្រុមហ៊ុន ហេង លី បានធ្វើរបងកាត់ និងបិទអស់រយៈពេលជាច្រើនឆ្នាំ រហូតមានការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនទាំង២ និងប្រជាពលរដ្ឋនៅទីនោះ។
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧នេះ អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា ដែលបានចុះទៅសម្របសម្រួលផ្ទាល់នៅកន្លែងវាយរបងក្រុមហ៊ុន ហេង លី កាលពីប៉ុន្មានថ្ងៃមុននោះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «ជាការពិតមែន ប្រជាពលរដ្ឋពួកគាត់ សប្បាយចិត្តខ្លាំងណាស់ ដែលបាន ធ្វើដំណើរលើផ្លូវមួយខ្សែនេះឡើងវិញ បន្ទាប់ពីអាជ្ញាធរ និងមន្រ្តីក្រសួងរៀបចំដែនដី បានចុះមកបើកដោយវាយរបងក្រុមហ៊ុន ហេង លី និងការកាយដីរបស់ក្រុមហ៊ុន ផានអីមិច ដើម្បីតភ្ជាប់ឡើងវិញ»។
បើតាមលោក ណុប ផា របងដែលក្រុមការងារវាយដើម្បីបើកផ្លូវនោះ គឺជារបងរបស់ក្រុមហ៊ុន ហេង លី របស់លោក ហេង លី មិនមែនជារបងក្រុមហ៊ុន ផានអីមិចរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ឡើយ ពោលខាងក្រុមហ៊ុនផានអីមិច ជាអ្នកចូលរួមកាយដីបិទ តភ្ជាប់ផ្លូវឡើងវិញតាំងពីថ្ងៃដំបូង ដែលក្រុមការងាររបស់ក្រសួងរៀបចំដែនដីចុះទៅបើកផ្លូវមកម្ល៉េះ។ លោកបានបញ្ជាក់ថា «ខាងក្រុមហ៊ុនផានអីមិច គាត់បានចូលរួមសហការជាមួយ ក្រុមការងាររបស់យើង តាំងពីថ្ងៃដំបូងមកម្ល៉េះ មិនមានជំទាស់នោះទេ ដោយខាងក្រុមហ៊ុនបានកាយដីលើកផ្លូវតភ្ជាប់ឡើងវិញ ដោយគ្មានការជំទាស់ នោះទេ»។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនេះ តំណាងក្រុមហ៊ុន ផានអីមិច ក៏បានប្រាប់អង្គភាព Fresh News ថា ខាងក្រុមហ៊ុនរបស់លោក មិនដែលជំទាស់ និងរារាំង ហើយក៏មិនបានគេចវេសចំពោះការដោះស្រាយជូនពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបដំដែនដី និងអាជ្ញាធរខណ្ឌនោះទេ គឺបានចូលរួមតាំងតែពីដើមមក។
តំណាងក្រុមហ៊ុន បានបញ្ជាក់ថា នៅថ្ងៃដំបូង គឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ខាងក្រុមហ៊ុន បានចូលរួមសហការជាមួយ ក្រុមការងាររបស់ក្រសួង និងអាជ្ញាធរខណ្ឌបើកផ្លូវជូនប្រជាពលរដ្ឋឡើងវិញ ហើយថ្ងៃបន្ទាប់ដែលក្រុមការងារបានវាយរបងនោះ គឺជារបងរបស់ក្រុមហ៊ុន ហេង លី មិនមែនជារបងក្រុមហ៊ុនផានអីមិចនោះទេ។
សូមបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្រុមការងាររបស់ក្រសួង បានបញ្ចេញកណ្តាប់ដៃ ចុះទៅបើកផ្លូវឲ្យប្រជាពលរដ្ឋឲ្យធ្វើដំណើរឡើងវិញបានវាយរបងក្រុមហ៊ុន ហេង លី បន្ទាប់ពីបរាជ័យមួយថ្ងៃមុន។
មន្រ្តីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា របងដែលដកចេញនោះមានចំនួន៥ប្រឡោះ ស្មើប្រវែងប្រមាណ ១៦ម៉ែត្រ ជាប្រវែងទទឺងផ្លូវ ដែលអាជ្ញាធរបានបញ្ជាឲ្យបើកជូនប្រជាពលរដ្ឋ។ ក្រៅពីការដករបងហើយនោះ ប្រឡាយដែលលោកស្រីឧកញ៉ា ស៊ុយ សុផាន បានជីកកាត់ផ្តាច់ផ្លូវនាពេលកន្លងទៅ ក៏ត្រូវបានអាជ្ញាធរបញ្ជាឲ្យលុបតភ្ជាប់ផ្លូវឡើងវិញផងដែរ។
ប្រជាពលរដ្ឋត្រូវការផ្លូវនេះសម្រាប់ធ្វើដំណើរ បានសម្តែងការរីករាយ និងសាទរខ្លាំងផងដែរ ចំពោះចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា។ ប្រជាពលរដ្ឋបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹក នាំដែលតែងតែយកសុខទុក្ខប្រជាពលរដ្ឋជាធំ។
សូមបញ្ជាក់ថា ផ្លូវលំដែលលោកឧកញ៉ា ហេង លី ធ្វើរបងបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នេះ មានប្រវែងប្រមាណ៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ៣៦៩ ទៅផ្លូវជាតិលេខ១ ឆ្លងកាត់ភូមិចំនួន៣ រួមមាន៖ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ភូមិអូរអណ្ដូង សង្ដាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជាការគត់សម្គាល់ក្រោយពេលលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ចូលមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គេសង្កេតឃើញថា ទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងរាជធានីភ្នំពេញជាច្រើនករណីត្រូវបានដោះស្រាយបញ្ចប់ ដែលនាំឲ្យប្រជាពលរដ្ឋសម្តែងការកោសរសើរជាខ្លាំង។ ក្រុមប្រជាពលរដ្ឋ ក៏រំពឹងថា លោកទេសរដ្ឋមន្រ្តី នឹងបន្តស្វែងរកយុត្តិធម៌បន្តទៀតទៅលើបញ្ហាដីធ្លី ដើម្បីបញ្ចប់ការខឹងសម្បា និងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋទៅលើរាជរដ្ឋាភិបាល៕