(ភ្នំពេញ)៖ ឆ្លើយតបចំពោះការ ប្រោសព្រះរាជទានគោរមងារ «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានពន្យល់ថា «សន្ដិបណ្ឌិត មានន័យថា ជនដែលមានបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការធ្វើឲ្យនគរ មានសន្ដិសុខ និងមានសណ្ដាប់ធ្នាប់ល្អ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សេង ផល្លី បានពន្យល់យ៉ាងលម្អិតថា សន្ដិបណ្ឌិត បានមកពីពាក្យ សន្ដិ បូកជាមួយ បណ្ឌិត ហើយសន្ដិ យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា មានសេចក្ដីស្ងប់ សេចក្ដីសាន្ដត្រាណ។ ក្នុងន័យនេះ សន្ដិ សំដៅលើការធ្វើឲ្យមាន សន្ដិសុខក្នុងនគរ មានសណ្ដាប់ធ្នាប់ល្អ មានរបៀបរៀបរយ មានសេចក្ដីស្ងប់ ពោលគឺ ការការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម ជូនជាតិ ប្រជាពលរដ្ឋ សហគមន៍ និងអង្គការរដ្ឋ។
ចំណែក ពាក្យថា បណ្ឌិត នាយឧត្តមសេនីយ៍រូបនេះ បញ្ជាក់ថា បណ្ឌិត សំដៅដល់ជនដែលមានបញ្ញាឈ្លាសវៃ អ្នកមានចំណេះដឹងជ្រៅជ្រះ និងអ្នកកាន់សុចរិត។ សុរបសេចក្ដីមក «សន្ដិបណ្ឌិត» មានន័យថា ជនដែលមានបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការធ្វើឲ្យនគរ មានសន្ដិសុខ និងមានសណ្ដាប់ធ្នាប់ល្អ។
សូមរំលឹកថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ «សញ្ញាបត្របណ្ឌិតកិត្តិយស» ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាល និងប្រគល់គោរមងា «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន១៣រូប។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយស» និងគោរមងារ «សន្ដិបណ្ឌិត» ទាំង១៣រូបនោះ រួមមាន៖
ទី១៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី២៖ នាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៣៖ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៤៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៥៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ទី៦៖ នាយឧត្តមសេនីយ៍ លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៧៖ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៨៖ លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទី៩៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយដ្ឋាន ភស្ដុភារ និងហិរញ្ញវត្ថុ
ទី១០៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍
ទី១១៖ នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទី១២៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយខុទ្ទកាល័យសម្ដេចក្រឡាហោម
ទី១៣៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ៕